ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កម្ពុជា​ម្នាក់​រត់​ចម្ងាយ ៣១៤ គីឡូ​ម៉ែត្រ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០១៩ ៖ លោក នឹម ឈុ​ន្នី…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០១៩ ៖ លោក នឹម ឈុ​ន្នី គឺជា​យុវជន​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប​ខាង​ដឹកនាំ​ធ្វើ​សមាធិ និង​រត់​តែ​ម្នាក់ឯង​ពី​រាជធានី​ភ្នំពេញ មក​កាន់​ទឹកដី​ក្រុង​សៀមរាប​អង្គរ​នៅ​ក្នុង​ខែធ្នូ​នេះ ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ។

លោក​នឹង​រត់​ថ្មើរជើង​សរុប​ចម្ងាយ ១៩៨ ម៉ា​យ គឺ​ស្មើនឹង ៣១៤ គីឡូ​ម៉ែ​ត ក្នុង​រយៈពេល ១០ ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​ចំណែក​ស្វែងរក​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កម្មវិធី​នេះ មានឈ្មោះ​ថា “Running for Children’s Lives Cambodia 2019” ជា​កម្មវិធី​ដ៏​ធំ​ដំបូង​បង្អស់​នៃ​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

កម្មវិធី Running for Children’s Lives Cambodia 2019 មាន​គោលបំណង​រៃ​អង្គាស​ថវិកា​ឲ្យ​បាន​ចំនួន ១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ការ​បរិច្ចាគ​ថវិកា​ដោយ​ផ្ទាល់​មក​កាន់​កម្មវិធី​នេះ ក្រោម​ការ​គ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ និង​តម្លាភាព នៃ​ក្រុម​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ។

មូលនិធិ​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា មក​ពី​គ្រប់​ទិស​ទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងតិច ៤០០ នាក់​ក្នុង​មួយ​ថ្ងៃ​ៗ នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ឥត​គិត​កម្រៃ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ក្តី​មេត្តាករុណា ។ អស់​រយៈពេល​ពីរ​ទស្សវត្សរ៍​កន្លង​មក មន្ទីរពេទ្យ​បាន​ក្លាយទៅជា​ស្ថាប័ន​ដ៏​សំខាន់​មួយ​ដែល​បាន​បម្រើសេវា​ពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ជាង ២ លាន ៥ សែន​ករណី និង​ផ្តល់​ការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា​រាប់រយ​នាក់​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​បាន​ផ្តល់​ការ​អប់រំ​អំពី​ការ​ការពារ​សុខភាព​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ទូ​ទាំង​ខេត្តសៀមរាប ក្នុង​មួយ​ឆ្នាំ​ៗ ។

ព្រឹត្តិការណ៍​រៃ​អង្គាស​មូលនិធិ​ជា​លក្ខណៈ​ឯកជន​ធំ​ជាងគេ​បំផុត​នេះ ផ្តួចផ្តើម​ឡើង​ដោយ​លោក នឹម ឈុ​ន្នី ដោយ​ផ្ទាល់​ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ ព្រមទាំង​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បុគ្គល​ល្បី​ៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ជា​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក ក្រុមហ៊ុន​ឯកជន ក្រុម​យុវជន និង​សារព័ត៌មាន​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត​ជាដើម ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ចូលរួម​ជា​សាធារណៈ ។

«​ខ្ញុំ​មិន​ដែល​ភ្លេច​ទេ ចំពោះ​ភាព​រាក់ទាក់​យ៉ាង​កក់ក្តៅ និង​ការ​យកចិត្តទុកដាក់ នូវ​ការ​ផ្តល់​សេវា​កម្ម​ថែទាំ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​បុគ្គលិក​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ក្មួយ​ស្រី​របស់ខ្ញុំ ក​ញ្ច​នា និង​ខ្ញុំ​ផ្ទាល់​ទទួល​បាន​កាលពី ៧ ឆ្នាំ​មុន ។ កាល​ណោះ ក​ញ្ច​នា កើតមក​ខុស​ប្លែក​ពី​ក្មេង​ដទៃ ។ ពួក​យើង ពុំ​បាន​ចាប់អារម្មណ៍​ថា នាង​មិន​អាច​ដើរ​បាន​ទេ រហូត​ដល់​នាង​មាន​អាយុ​ប្រហែល ២ ឆ្នាំ​» ។

លោក ឈុ​ន្នី បាន​និយាយ​បន្ត​ថា «​យើង​បាន​នាំ​នាង​ទៅ​កាន់​មន្ទីរពេទ្យ​ជា​ច្រើន​ដើម្បី​ព្យាបាល​តែ​ពុំ​មាន​លិទ្ធ​ភាព​អាច​ជួយ​នាង​បាន​ទេ ។ ពីរ​ឆ្នាំ​ក្រោយមក​ទើប​យើង​រក​ឃើញ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាន​ជួយ​ក្មួយ​ស្រី​របស់ខ្ញុំ​រក​ឃើញ​ក្តី​សង្ឃឹម​ឡើង​វិញ ហើយ​ទីបំផុត​នាង​ក៏​អាច​ដើរ​បាន​ប្រសើរ​​ជាង​មុន​» ។ ពេល​នេះ​កុមារី ក​ញ្ច​នា មាន​អាយុ ៩ ឆ្នាំ​ហើយ នាង​មាន​សុខភាព​ល្អ ហើយ​អាច​ដើរ​បាន​ប្រសើរ​ជាង​មុន ។

លោក ឈុ​ន្នី បាន​បន្តរ​ទៀត​ថា បន្ទាប់​ពី​បាន​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​អស្ចារ្យ​នេះ គាត់​ក៏​បាន​ចាប់ផ្តើម​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​តាម​រយៈ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ដោយ​មើលឃើញ​ពី​តម្រូវការ​សំខាន់​ធំ​ៗ​កើត​ឡើងជា​បន្តបន្ទាប់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ គាត់​ក៏​បាន​សម្រេចចិត្ត​បង្កើត​ព្រឹត្តិការណ៍​ជា​លក្ខណៈ​ឯកជន​ដ៏​ធំ​នេះ​ឡើង។

«​វា​មិន​ត្រឹមតែ​ជួយ​ដល់​មន្ទីរពេទ្យ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​ជា​ច្រើន​នាក់ និង​បំពេញ​នូវ​សេចក្តី​សង្ឃឹម​របស់​ពួក​គេ​ផង​ដែរ ។ ប្រសិនបើ​ខ្ញុំ​មើលឃើញ​ស្នាមញញឹម និង​ភាព​មាន​សង្ឃឹម លើ​ផ្ទៃមុខ​របស់​ក្មួយ​ស្រី និង​គ្រួសារ​ទាំងមូល​បាន ខ្ញុំ​ក៏​ចង់​ឲ្យ​កុមារ​កម្ពុជា​ដទៃ​ទៀត និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ទទួល​បាន​សេចក្តី​រំភើប​រីករាយ​នេះ​ដូច​គ្នា​» ។

អំពី​មន្ទីរពេទ្យ​កុមារ​អង្គរ
​មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ ដែល​មាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់​រូប ។ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ផ្តល់​នូវ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ប្រកបដោយ​ក្តី​មេត្តាករុណា អស់​រយៈពេល ២០ ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៩ ។

បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ក្លាយ​ខ្លួន​ទៅ​ជា​មជ្ឈមណ្ឌល​មួយ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា អម​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​បន្ត​ពង្រីក​ការ​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ទៅ​ខាងក្រៅ​មន្ទីរពេទ្យ ព្រមទាំង​ដើរតួ​នាទី​ជា​អង្គភាព​គំរូ​ដែល​មាន​ភិ​បាល​កិច្ច​គណនេយ្យ​ភាពល្អ​ប្រសើរ​។

តាម​រយៈ​ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ និង​គោលនយោបាយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង​តែ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កាន់តែ​ទូលំទូលាយ តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​កុមារ​ក្នុង​តំបន់ និង​អន្តរជាតិ ។

អំពី លោក នឹម ឈុ​ន្នី
​លោក នឹម ឈុ​ន្នី គឺជា​គ្រូដឹកនាំ​ធ្វើ​សមាធិ​នៅ Impact Hub Phnom Penh និង​ជា​ស្ថាបនិក ព្រមទាំង​គ្រូ​បណ្តុះបណ្តាល​នៅ​ក្រុមហ៊ុន VIPASSA​។ លោក ឈុ​ន្នី ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ពេញ​និយម និង​លក់ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា មានឈ្មោះ​ថា «​សមាធិ​ដើម្បី​ថាមពល​ជីវិត​» ។ បច្ចុប្បន្ន​គាត់​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ផ្នែ​ទំនាក់ទំនង នៃ​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ។

លេខ​ទំនាក់ទំនង ៖
អ្នកស្រី ស៊ិ​ន​កេ​ត អរុណ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា
Email: arun@angkorhospital.org / Tel: ០១២ ២៣ ២៣ ៨៨ / Website: angkorhospital.org

លោក នឹម ឈុ​ន្នី អ្នកដឹកនាំ​គម្រោង​រៃ​អង្គាស​មូលនិធិ Running for Children Lives Cambodia 2019 និង ជា​ស្ថាបនិក​ក្រុមហ៊ុន VIPASSA
Email: chhunny@annakotasia.com / Tel: ០៧៨ ៧៨៥ ០៤៤ / Website: anakotasia.com ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ