តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបមួយផ្សេងទៀតនៅ Premier League បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹករបស់ពួកគេ ដោយក្លិប Watford បានបណ្តេញ លោក Quique Sánchez Flores ចេញបន្ទាប់ពីដឹកនាំបាន ១០ ប្រកួត។

Flores បានចូលកាន់តំណែងនៅ Watford កាលពីថ្ងៃទី ៧ ខែកញ្ញា ប៉ុន្តែបាននាំឱ្យក្លិបឈ្នះត្រឹមតែមួយគត់ ពីការប្រកួតលីគចំនួន ១០ លើកនៅរដូវកាលនេះ។ ការបរាជ័យក្នុងការប្រកួតជាមួយនឹងក្លិប Southampton កាលពីថ្ងៃសៅរ៍បាន ធ្វើឲ្យក្លិបនេះបានឈរនៅបាតជើងនៃតារាង Premier League ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា៖ «គួរឱ្យសោកស្តាយ ក្លិបបាល់ទាត់ Watford សុំបញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹក Quique Sánchez Flores »។

លោក Scott Duxbury ប្រធាននិងជានាយកប្រតិបត្តិរបស់ក្លិប Watford បានមានប្រសាសន៍ថា៖ «Quique គឺជាបុរសដែលមានភាពស្មោះត្រង់ខ្លាំង ហើយវាច្បាស់ណាស់ថាគាត់ចង់មានឥទ្ធិពលវិជ្ជមាន ប៉ុន្ដែនៅទីបំផុតលទ្ធផលបានបង្ហាញពីការសម្រេចចិត្តរបស់យើង។ ការតែងតាំងគ្រូបង្វឹកថ្មីគឺជិតដល់ហើយហើយ ដែលអាចនឹងធ្វើឡើងនៅជិតពាក់កណ្តាលនៃរដូវកាល។ យើងនឹងផ្តល់ការគាំទ្រទាំងអស់ដែលចាំបាច់ ដើម្បីធ្វើឱ្យខែខាងមុខនេះទទួលបានជោគជ័យ»។
គ្មានការអត្ថាធិប្បាយណាមួយបន្ថែមទៀតពីក្លិបបាល់ទាត់ Watford FC នឹងត្រូវបានធ្វើឡើងរហូតដល់មានការប្រកាសជាគ្រូបង្វឹកថ្មី៕
ចែករំលែកព័តមាននេះ