ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ធ្វើសកម្មភាពបានសម្រេច៣ដង​ លុះ​លើកទី៤អស់លក្ខណ៍ត្រឹម​ប្តីប្រពន្ធ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ប្រដាប់​ដោយ​កាំបិត​បុ័ងតោ ដែល​កន្លង​មក​តែងតែ​ធ្វើ​សកម្មភាព​ដេញ​ធាក់​ផ្ដួល​ម៉ូតូ និង​ដេញ​តាម​កាប់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​តាម​ផ្លូវ​នៅ​ពេល​យប់​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៤​លើក​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ទាំង​៣​នាក់​តែ​ម្តង ។ លុះ​នៅ​លើក​ចុង​ក្រោយ​នេះ ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ប្រដាប់​ដោយ​កាំបិត​បុ័ងតោ ដែល​កន្លង​មក​តែងតែ​ធ្វើ​សកម្មភាព​ដេញ​ធាក់​ផ្ដួល​ម៉ូតូ និង​ដេញ​តាម​កាប់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​តាម​ផ្លូវ​នៅ​ពេល​យប់​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៤​លើក​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ទាំង​៣​នាក់​តែ​ម្តង ។

លុះ​នៅ​លើក​ចុង​ក្រោយ​នេះ ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ម៉ូតូ និង​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កាប់​ទៅ​លើ​បុគ្គលិក​ហាង​ខារ៉ាអូខេ​២​នាក់​ប្ដី​ប្រពន្ធ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​រោងចក្រ​ក្លេត​ភី តាម​ផ្លូវ​បេតុង​ឃ្យូ​អឹ​ម​អាយ ស្ថិត ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​រត់​ចេញ​ចោល​ម៉ូតូ​ទាន់ កុំ​អី​ប្រហែលជា​ត្រូវ​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​កាប់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ឬ​រង​របួសធ្ងន់​ជា​មិន​ខាន​ឡើយ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៣​នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ មួន ភិ​រ​ក្ស័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ជួសជុល​ម៉ូតូ ស្នាក់​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ២-​ឈ្មោះ កែវ សុភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៣-​ឈ្មោះ គង់ ប៊ុ​ន​សី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល (​ជន​នេះ​ជា​អ្នក​យក​ម៉ូតូ​ដែល​ប្លន់​បាន​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ហើយ​ក្រោយ​ពេល​មានការ​ស្ងប់ស្ងាត់​ទើប​យក​ទៅ​លក់​) ។

ដោយឡែក​ប្តី​ប្រពន្ធ​រង​គ្រោះ​នៅ​ក្នុង​​ករណី​ប្លន់​លើក​ចុង​ក្រោយ​នេះ ក្នុង​នោះ​បុរស​ជា​ប្តី​ឈ្មោះ គា សុភា​រ៉ា អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ខារ៉ាអូខេ​ផង​និង​ជា​កម្មក​រោងចក្រ​ផង និង​ស្ត្រី​ជា​ប្រពន្ធ​មិន​ស្គាល់ឈ្មោះ​ឡើយ ។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HI-០៣១៩ ត្រូវ​បាន​នគរបាល​ដកហូត​បាន​មក​វិញ រួច​យក​ទៅ​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ចេញពី​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​ជួល​ដែល​ពួក​គាត់​ស្នាក់​នៅ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពេល​ចេញ​ផុត​ពី​ហាង​ខារ៉ាអូខេ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូត​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល ។ បន្ទាប់​មក​ជនសង្ស័យ​ទាំង​បាន​យក​កាំបិត​បុ័ងតោ​ដេញ​កាប់​ដណ្ដើម​យក​ម៉ូតូ ពេល​នោះ​ដោយសារ​មាន ការ​ភ័យ​ខ្លាច ទើប​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​បាន​នាំ​គ្នា​រត់​ចេញ​ទាំង​ការ​ភិតភ័យ ហើយ​ជនសង្ស័យ​ក៏​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ហើយ​នគរបាល​ប៉ុស្តិ៍​ខាងលើ​រួម​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ​។

ក្រោយ​ចាប់ខ្លួន ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច​ចំនួន​៣​លើក​រួច​មក​ហើយ ក្រោយ​ពេល​ប្លន់​បាន​សម្រេច​ម្ដង​ៗ​ឈ្មោះ​គង់ ប៊ុ​ន​សី បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ដែល​មាន​ទី​តាំ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។ ក្រោយ​ពេល​ស្ងប់ស្ងាត់ ទើប​ឈ្មោះ​គង់ ប៊ុ​ន​សី យក​ម៉ូតូ​នោះ​ទៅ​លក់​​បាន​លុយ​ចែក​គ្នា​ចាយ ។ ដោយឡែក​លើក​ទី​៤​នេះ ក្រោយ​ប្លន់​បាន​សម្រេច​ហើយ ឈ្មោះ​គង់ ប៊ុ​ន​សី ត្រៀម​បញ្ចេញ​ម៉ូតូ​នោះ​យក​ទៅ​លក់​នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​យក​ទៅ​លក់​ផង ក៏​ត្រូវ​បាន​នគរបាល​ក្របួច​បាន​ទាំង​សម្បុក​បែប​នេះ​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ