បាតុកម្ម​តវ៉ា​សង្គម​នៅ​​ស៊ី​លី​រាល​ដាន​ក្នុង​​រដ្ឋធានី


ប្រទេស​ស៊ី​លី ៖ បាតុកម្ម​តវ៉ា​សង្គម​ដែល​មាន​រយៈពេល​ចាប់ពី​ជិត​៣​ស​ប្ដា​ហ៍​មក​ហើយ​នៅ​ស៊ី​លី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២០​នាក់​រួច​ហើយ នា​ថ្ងៃ​ទី​៦​វិច្ឆិកា បាន​រាល​ដាន​ដល់​បណ្ដា​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​រដ្ឋធានី​សាន់​ត្យា​ហ្គោ ។

មនុស្ស​ច្រើន​រយ​នាក់​ភាគច្រើន​ជា​យុវជន​បាន​លើកគ្នា​ទៅ​កាន់​ច្រកចូល នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​COSTANERA CENTER ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត នៅ​អា​មេ​រិ​ក​ខាងត្បូង​ដើម្បី​តវ៉ា​ប្រឆាំង​ការ​កែទម្រង់​សង្គម​របស់​រដ្ឋាភិបាល ប្រធានាធិបតី​លោក​SEBASTIAN PINERA​។ រាំង​ខ្ទប់​ដោយ​កងកម្លាំង​ប៉ូលិស ពួក​បាតុករ​បាន​រាយ​គ្នា​នៅ​តាម​កន្លែង​ផ្សេង​ៗ​នៃ​សង្កាត់​ប្រូ​វី​ដេ​ន​ស្យា ចូល​ក្នុង​តំបន់​ហិរញ្ញវត្ថុ​ព្រមទាំង​តំបន់ សម្បូរ​អ្នកមាន​នៃ​រដ្ឋធានី​។

ការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​ប៉ូលិស​កើត​មាន ពេល​ឱសថស្ថាន​មួយ​និង​ទីភ្នាក់ងារ​ធនាគារ​២​រង​ការ​លុក​ចូល​ប្លន់​និង​បំផ្លាញ ហើយ​ទីតាំង​អចលនទ្រព្យ​មួយ​រង​ការ​បំផ្លាញ​។ ចៅសង្កាត់​ប្រូ​វី​ដេ​ន​ស្យា​លោក​អ៊ី​វី​លី​ន​ម៉ា​ថៃ​និយាយ​ថា យើង​ជួប​ប្រទះ​កម្រិត​នៃ​អំពើ​ហិង្សា​និង​ការ​បំផ្លិចបំផ្លាញ ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ​សោះ​ពី​មុន​មក​។ ចំណែក​មនុស្ស​ច្រើន​ពាន់​នាក់​ក៏​ប្រមូលផ្ដុំ​គ្នា​ដែរ​នៅ​ទីលាន​ប្លា​ហ្សា​អី​ុ​តា​លី​យ៉ា ជាទី​លាន​សំខាន់​នៃ​ការ​តវ៉ា​តាំងពី​ចាប់ផ្ដើម​ចលនា​បាតុកម្ម​មក រួច​ឧប្បត្តិហេតុ​ដាច់​ដោយឡែក​ពី​គ្នា​នានា​បាន​ផ្ទុះ​ឡើង​។

ម្យ៉ាងវិញទៀត​ក្នុង​សង្កាត់​រេ​ន​កា នា​ភាគ​ខាងជើង​ក្រុង​សាន់​ត្យា​ហ្គោ​មនុស្ស​ប្រមាណ​ជា​២០​នាក់​បាន​វាយប្រហារ ទីតាំង​ប៉ូលិស​មួយ​បណ្ដាល​ឲ្យ​ប៉ូលិស​៥​នាក់​រង​របួស ហើយ​បណ្ដា​អ្នក​បើក​រថយន្ត បាន​លើកគ្នា​យក​រថយន្ត​រាំង​ខ្ទប់​ផ្លូវថ្នល់​ទាំងឡាយ​។

បាតុកម្ម​នានា​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៨​តុលា​មក ជាមួយ​ការ​ប្រកាស​ពី​ការ​ដំឡើង​ថ្លៃ​សំបុត្រ​ជិះ​មេត្រូ ដែល​បន្ទាប់​មក​លុប​ចោល​វិញ បាន​បន្ត​រាលដាល​មក​ទល់​បច្ចុប្បន្ន ទាមទារ​ឲ្យ​ប្រ​ធា​ធិ​បតី​លាលែង​ចេញពី​តំណែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ