ទីក្រុងតេអេរ៉ង់៖ អ្នកនាំពាក្យរបស់អង្គភាពឆ្មាំបដិវត្តឥស្លាមរបស់ប្រទេសអ៊ីរ៉ង់បានស្លាប់ហើយនៅក្នុងការវាយប្រហាររួមគ្នាពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែលកាលពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ។ នេះបើយោងតាមអ្វីដែលខាងអ៊ីរ៉ង់ប្រកាសទទួលស្គាល់ច្បាស់ៗតែម្ដង។ អ្នកនាំពាក្យរូបនេះជាមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលត្រូវបានសម្លាប់លើកចុងក្រោយគេចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ លោកអាលី មហាម៉ាត់ ណាអ៊ីនី (Ali Mohammad Naini) មានវ័យ៦៨ឆ្នាំ និងមានឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ទោ។

លោកកាន់តំណែងជាអ្នកនាំពាក្យចាប់តាំងពីឆ្នាំ២០២៤។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានចេញសេចក្ដីប្រកាសចាត់ទុកការធ្វើឃាតនេះជាអំពើភេរវកម្មដ៏កំសាកដែលប្រព្រឹត្តឡើងដោយអាមេរិក និងអ៊ីស្រាអែល។ មុនពេលស្លាប់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះបានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ជាតិដើម្បីបញ្ជាក់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពពេញលេញក្នុងការផលិតគ្រាប់មីស៊ីលទោះបីប្រទេសជាតិកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រាមក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថាអ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលផ្លោងតទៅទៀតហើយ។ យោធាអ៊ីស្រាអែលប្រកាសនៅថ្ងៃនេះថាខ្លួនបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ភាគខាងកើតនៅពេលប្រទេសអ៊ីរ៉ង់កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ គិតទៅ ត្រឹមតែរយៈមិនដល់បីសប្ដាហ៍ផងចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងដំបូង មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បានស្លាប់ជាច្រើននាក់។

អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី ស្លាប់មុនគេនៅពេលសង្គ្រាមទើបតែចាប់ផ្ដើមភ្លាម។ មិនយូរប៉ុន្មាន កូនប្រុសរបស់លោកក៏ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មី។ ចាប់តាំងពីតែងតាំងរហូតមកដល់ពេលនេះ លោកមិនដែលបង្ហាញមុខជាសាធារណៈម្ដងណាទេ។ កាលពីដើមសប្ដាហ៍នេះ ប្រធានឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ លោកអាលី ឡារីចានី (Ali Larijani) បានស្លាប់នៅក្នុងការវាយប្រហារមួយ។ អ្នកដទៃទៀតដូចជាកូនប្រុស និងជំនួយការរបស់គាត់ប៉ុន្មាននាក់ក៏បានស្លាប់ជាមួយគ្នាដែរ។

រំលងបានមួយថ្ងៃ ប្រធានកងទ័ពបាស៊ីក (Basij) ឧត្ដមសេនីយ៍ទោសូឡេម៉ានី និងរដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់ លោកអេស្មាអ៊ីល ខាធីប (Esmail Khatib) ក៏ត្រូវបានសម្លាប់ទៀត។ រដ្ឋមន្ត្រីការពារជាតិអាមេរិកនិយាយរបៀបលេងសើចលើគំនរទុក្ខអ្នកដទៃថាការងារដែលមនុស្សទូទាំងសាកលលោកកំពុងទន្ទឹងរង់ចាំនោះគឺមុខតំណែងជាប្រធានឆ្មាំបដិវត្តឥស្លាម និងប្រធានក្រុមយោធាបាស៊ីក៕ ប្រភព៖ អាល់ចាស៊ីរ៉ា (Al Jazeera) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ