ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាវិជ្ជមានជាលើកដំបូងអំពីការបញ្ចប់សង្រ្គាម កាលពីថ្ងៃសុក្រម្សិលមិញ ដោយលោកបានអះអាងថា យុទ្ធនាការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ជិតសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំងស្រុងហើយ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី២១ ខែមីនានេះ។
តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានបង្ហើបថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាកាត់បន្ថយ និងឈានទៅបញ្ឈប់រាល់ការវាយប្រហារយោធានៅមជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងវិបត្តិអ៊ីរ៉ង់នាពេលឆាប់ៗខាងមុខនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ លោក ត្រាំ បានបញ្ជាក់ជំហរយ៉ាងដាច់អហង្ការថា សហរដ្ឋអាម៉េរិកនឹងមិនដើរតួជា “ប៉ូលិស” ការពារច្រកសមុទ្រហូម៉ូស តែម្នាក់ឯងទៀតឡើយ។ លោកបានសង្កត់ធ្ងន់ថា បណ្ដាប្រទេសដែលប្រើប្រាស់ផ្លូវទឹកនេះ ត្រូវតែចេញមុខមកការពារ និងគ្រប់គ្រងដោយខ្លួនឯង ព្រោះអាម៉េរិកលែងមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ច្រកសមុទ្រនេះទៀតហើយ។
លោកបានបន្ថែមថា អាម៉េរិកអាចនឹងជួយជ្រោមជ្រែងខ្លះៗប្រសិនបើមានការស្នើសុំ ប៉ុន្តែវានឹងលែងជាបន្ទុករបស់អាម៉េរិកទៀតហើយ នៅពេលដែលការគំរាមកំហែងពីអ៊ីរ៉ង់ត្រូវបានលុបបំបាត់ចោល។
ការប្រកាសរបស់លោក ត្រាំ នាពេលនេះ ហាក់ដូចជាចង់ទម្លាក់បន្ទុកសន្តិសុខតំបន់ទៅឱ្យបណ្ដាប្រទេសដែលពឹងផ្អែកលើការដឹកជញ្ជូនប្រេងតាមច្រកហូម៉ូសជាពិសេសគឺបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប។ ក្នុងន័យនេះ លោកចង់បង្ហាញថា បេសកកម្មយោធារបស់លោកបានជោគជ័យក្នុងការធ្វើឱ្យសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ចុះខ្សោយខ្លាំង រហូតដល់មិនអាចបង្កហានិភ័យដល់ពិភពលោកបានទៀតនោះទេ ហើយវាដល់ពេលដែលអាម៉េរិកត្រូវដកខ្លួនមកវិញ៕
ចែករំលែកព័តមាននេះ