មហន្តរាយ​នៅ​ផ្សា​រលើ​ ក្រុងព្រះសីហនុ​​ទាំងព្រឹក


ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​តូប​លក់ដូរ បន្លែ ផ្លែ​ឈើ លក់​ក្រណាត់ និង​សម្លៀក​បំពាក់​ចំនួន​ប្រមាណ​៣៣​តូប នៅ​ម្តុំ​ខាងក្រោយ​ផ្សា​រលើ​ក្រុងព្រះសីហនុ ជាប់​នឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ក្នុង​រយៈពេល​តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​ហុយផ្សែង​ខ្មៅ​ងងឹត​ទៅ​លើ​អាកាស ធ្វើ​ឱ្យ​តក់ស្លុត​ជ្រួលច្របល់​ខ្លាំង​ណាស់ តូប​ខ្លះ​បាន​ព្យាយាម​ជញ្ជូន​របស់របរ​យ៉ាង​ពពាក់ពពូន​រំដោះ​ចេញពី​ទីតាំង​មហន្តរាយ​នេះ​ដោយ​ទឹកមុខ​ភ័យ​ស្លន់ស្លោ ។

អគ្គិភ័យ​នេះ ក៏​មាន​អន្តរាគមន៍​ភ្លាម​ៗ​ពី​រថយន្ត​បង្ការ​និង​ពន្លត់ របស់​អង្គភាព​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ ១​គ្រឿង រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៣​គ្រឿង​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ២​គ្រឿង អង្គភាព​យោធា ង​៧០ ចំនួន​២​គ្រឿង បាន​សហការ​គ្នា​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤០​គ្រឿង ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ មិន​ឆេះ​ឆ្លង​រាលដាល​ទៅ​តូប​លក់ដូរ​ផ្សេង​ទៀត​បាន​ឡើយ គឺ​ទប់ស្កាត់​បាន ។

មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​៣១ តុលា ដោយសារ​តែ​ឆ្លង​ចរន្ត​អគ្គិសនី នៅ​ក្នុង​តូប​មួយ​បង្ក​ឲ្យ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​លេប​ត្របាក់ តូប​លក់​សម្លៀក​បំពាក់ ហើយ​បាន​ឆ្លង​រាលដាល​ដល់​តូប​លក់​ក្រណាត់​និង​តូប​លក់​បន្លែ និង​ផ្លែ​ឈើ ។ បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ​នេះ និង​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ឲ្យ​បាន​តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​សង្គ្រោះ​ដល់​តូប​បងប្អូន​អាជីវករ​លក់ដូរ​បញ្ចៀស​បាន​នូវ​ហានិភ័យ ដែល​អាច​កើត​មាន​ធ្ងន់ធ្ងរ​ជាង​នេះ ។

សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងអស់​ដែល​បាន​ទៅ​ជួយ​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​ជួយ​ដល់​ពលរដ្ឋ​ជា​អាជីវករ​លក់ដូរ បាន​យ៉ាង​សស្រាក់សស្រាំ ។ នៅ​ក្នុង​ទិដ្ឋភាព​ជួយ​អន្តរាគមន៍​អគ្គិភ័យ​ដោយ​ផ្ទាល់​ខាងលើ​ក៏​មាន​វត្តមាន លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ អម​ដោយ​មន្ត្រី​មួយ​ចំនួន​មាន​ទាំង​លោក​អភិបាល​ក្រុង​ផង បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិការ​នៃ​ការ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ ទាំង​ខ្លួនប្រាណ​ម្នាក់​ៗ​ទទឹកជោក ផ្តល់​នូវ​ភាព​កក់ក្តៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​អគ្គិភ័យ​នេះ ។ នៅ​ក្នុង​ហេតុ​ការណ៍​ខាងលើ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រង​របួស​ដល់​ជីវិត​មនុស្ស​ណា​ម្នាក់​ទេ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ ប៊ូ សុធី ស្នងការ​រង​ទទួល​ផែន​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​ដ្ឋាន​ខេត្ត​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​បណ្ដាល​មក​ពី​ជាង​ផ្សារ​ដែក​ធ្លាក់​កម្ទេច​ភ្លើង​ទើប​បណ្ដាល​ឱ្យ​ឆេះ​ជា​អគ្គិភ័យ​ឡើង​តែ​ម្ដង ។​ក្នុង​យុទ្ធនាការ​ពន្លត់ភ្លើង​បាន​ប្រើ​រយៈពេល​៣​ម៉ោង ទើប​គ្រប់​គ្រង​ស្ថានការណ៍​បាន​១០០% ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ថវិកា​នៅ​ពុំ​ទាន់​អាច​គណនា​បាន​នៅ​ឡើង​
ទេ ៕​

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ