នារដូវភ្លៀងឆ្នាំ១៩៧៥ ពួកព្រានព្រៃនៅ រូម៉ានហ្គា ប្រទេសប៊ូរុនឌី ទ្វីបអាហ្វ្រិក ពេលដេញស្វាមួយហ្វូងសំគាល់ឃើញក្នុងហ្វូងស្វានោះមានសត្វមួយអត់កន្ទុយខុសពីស្វាឯទៀត និងរត់គេចតាមដើមឈើក៏ដូចលើដីមានចលនាយឺតជាងគេ ហេតុនេះនាំគ្នាព័ទ្ធចាប់ទាំងរស់យកមកផ្ទះ អត់បាញ់សម្លាប់ឡើយ។ តាមពិត សត្វចម្លែកនៅជាមួយហ្វូងស្វានោះជាកូនមនុស្ស មានអាយុប្រហែល៤ឆ្នាំ អ៊ីចឹងហើយបានជាចលនាវាមិនរហ័សរហួនដូចស្វា។ បន្ទាប់ពីសង្ស័យជាកូនមនុស្សតែសួរអីក៏មិនអាចឆ្លើយសូម្បីតែមួយម៉ាត់ ឬក៏ធ្វើកាយវិការអ្វីដូចក្មេងឯទៀត ពួកព្រានព្រៃឯកភាពគ្នាយកវាទៅមណ្ឌលសរសៃប្រសាទ ហើយផ្សព្វផ្សាយដំណឹងឱ្យអ្នកស្រុកទៅមើលដូចមើលសត្វចម្លែកអ្វីម្យ៉ាង។ ពួកអ្នកស្រុកដែលពពាក់ពពូននាំគ្នាទៅមើល បានសម្តែងការងឿងឆ្ងល់ដូចគ្នាថា រូបរាងជាកូនមនុស្ស ហេតុអីមិនមានកាយវិការអ្វីម្យ៉ាងដូចកុមារកូនមនុស្សឯទៀត? ក្រោយមក គេក៏យកសត្វចម្លែកទៅមណ្ឌលទុរគតជនវិញ។ ពួកវេជ្ជបណ្ឌិតប្រចាំមណ្ឌលនាំគ្នាពិនិត្យមើលយ៉ាងយកចិត្តទុកដាក់រកឃើញថា វាជាកូនមនុស្សមែន និងមានអាយុ៧ឆ្នាំហើយ មិនមែន៣ឬ៤ឆ្នាំទេ គ្រាន់តែក្រិនអត់លូតលាស់ប៉ុណ្ណោះ។
រឿងរ៉ាវកុមារស្វាយកទៅចិញ្ចឹមនៅទ្វីបអាហ្វ្រិកនេះ ធ្វើឱ្យគេនឹកឃើញដល់រឿងរ៉ាវកុមារ Mowgli ក្នុងសៀវភៅ «អំពីព្រៃភ្នំ» របស់អ្នកនិពន្ធ R-Kippling ។ រឿងទាំងពីរនេះមានលំនាំប្រហាក់ប្រហែលគ្នា ជុំវិញករណីកូនមនុស្សរស់កណ្តាលព្រៃជាមួយសត្វយ៉ាងមានសេចក្តីសុខ។ គេសន្និដ្ឋានថា កុមារដែលពួកព្រានព្រៃចាប់បានពីហ្វូងស្វាប្រហែលជាកូនចៅអំបូរហ៊ូឌូ ក្នុងប្រទេសប៊ូរុនឌី។ វាបានហ្វូងស្វាយកទៅចិញ្ចឹមក្រោយពេលជំងឺអាសន្នរោគរាតត្បាតសម្លាប់មនុស្សស្លាប់អស់រលីងនាឆ្នាំ១៩៧២ក្នុងតំបន់មួយដែលមានសុទ្ធតែជនអំបូរហ៊ូឌូរស់នៅ។
 
ឆ្នាំ១៩៧៨ មន្ទីរពេទ្យនៅ Magburaka ប្រទេសស្រីលង្កា បានទទួលកុមារីម្នាក់ដែលគេរំដោះបានពីហ្វូងស្វាកណ្តាលព្រៃភ្នំ ដូចកុមារក្នុងប្រទេសប៊ូរុនឌី ខាងទ្វីបអាហ្វ្រិកដែរ។ កុមារីនោះប្រហែលរស់ជាមួយស្វាតាំងពីនៅជាទារិកា ឬយ៉ាងម៉េចក៏មិនដឹង វាកាច និងមានអាកប្បកិរិយាដូចស្វា ស្ទុះចូលខាំឥតរើសមុខចំពោះអ្នកណាដែលទៅជិតវា។ឃើញវាកាចពេក គេដាក់វាក្នុងទ្រុងដែកដើម្បីកុំឱ្យវាបង្កគ្រោះថ្នាក់ដល់មនុស្សបាន ព្រោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានមនុស្សច្រើនឡើងៗចោមរោមមើលវា។ ៤ឆ្នាំក្រោយ កុមារីអភ័ព្វបានអ្នកស្រីមេធាវីម្នាក់ធ្វើអន្តរាគមន៍សុំឱ្យបញ្ឈប់ការដាក់វាក្នុងទ្រុងដែកដូចសត្វ ត្រូវចិញ្ចឹមតាមរបៀបផ្សេងក្នុងនាមជាកូនមនុស្ស គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យវាខាំបានប៉ុណ្ណោះ។ កុមារីរូបនេះ គេមិនអាចរកឃើញមូលហេតុយ៉ាងម៉េចបានជាស្វាយកទៅចិញ្ចឹមក្នុងព្រៃឡើយ។ គេនាំគ្នាហៅវាថា «កុមារីមន្ទីរពេទ្យ» ព្រោះតាំងពីចាប់បាននៅក្នុងព្រៃ គេប្រគល់វាឱ្យមន្ទីរពេទ្យ Magburaka រហូត។
ហេតុការណ៍ស្វាចិញ្ចឹមកូនមនុស្សមិនមែនទើបតែមានក្នុងទសវត្សឆ្នាំ១៩៧០នៃសតវត្សទី២០ទេ ការកត់ត្រាទុកជាច្រើនបង្ហាញឱ្យឃើញថា ករណីសត្វចិញ្ចឹមកូនមនុស្សមានច្រើនសតវត្សមកហើយ។ គេគ្រាន់តែឆ្ងល់ថា សូម្បីប្រភេទសត្វស៊ីសាច់ជាអាហារដូចយ៉ាងចចក ឬខ្លាឃ្មុំជាដើមក៏មានយកកូនមនុស្សទៅចិញ្ចឹមក្នុងព្រៃដែរ ហេតុម៉េចពេលជួបក្មេងសាច់ខ្ចី មិនហែកសីុបែរជាអាណិតអាសូរទៅវិញ ហើយចិញ្ចឹមដោយក្តីស្រឡាញ់បំផុតទៀតផង?
កាលពីប៉ុន្មានសតវត្សមុននៅតំបន់ Hessen ប្រទេសអាល្លឺម៉ង់ កុមារម្នាក់ដែលគេរំដោះបានពីហ្វូងចចក ដោយវាធ្លាប់តែដើរជើង៤តាមចចកហេតុនេះគេត្រូវចងខ្លួនវាបញ្ឈរឱ្យវារៀនឈរជើង២ និងរៀនដើរជើង២ដូចមនុស្ស តែទោះព្យាយាមយ៉ាងណាក៏មិនបានសម្រេចដូចបំណង យ៉ាងច្រើនវាដើរទឹបៗបានតែពីរបីជំហានប៉ុណ្ណោះ។ អ្នកជីវសាស្ត្រ D.Codiac ដែលកត់ត្រាករណីកុមារម្នាក់ដែលខ្លាឃ្មុំយកទៅចិញ្ចឹមក្នុងព្រៃប្រទេសលីទុយអានី អឺរ៉ុបខាងជើងនិយាយថា ដោយហេតុនៅជាមួយសត្វតាំងពីតូច វាអត់អាចបង្ហាញឱ្យឃើញមានសញ្ញាប្រាជ្ញាជាមនុស្សទាល់តែសោះ អ្វីៗគ្រប់យ៉ាងវិវត្តតាមលក្ខណៈសត្វព្រៃមួយចប់ សូម្បីការបញ្ចេញសំឡេងតាមមាត់ក៏ជាសំឡេងសត្វដែរ។ ចំណែកកុមារម្នាក់ដែលរកឃើញក្នុងព្រៃតំបន់ Hanover ប្រទេសអាល្លឺម៉ង់ ហើយក្រោយមកនាំទៅប្រទេសអង់គ្លេសនោះ គេអាចបង្ហាត់វាឱ្យដើរជើងពីរដូចមនុស្សបាន តែដើរយ៉ាងលំបាកបំផុត។
«កុមារកូនចចក» ដែលគេប្រទះនៅឆ្នាំ១៥៤៤ ក្នុងព្រៃ Hardt ជិត Excel រដ្ឋBaravia សព្វថ្ងៃរបស់អាល្លឺម៉ង់ ជាកុមាររស់ក្នុងព្រៃដំបូងគេបង្អស់ដែលមានការកត់ត្រាទុកច្បាស់លាស់ពីការវិវត្តផ្សេងៗរបស់វា។ កុមារនោះពេលចាប់បានមក វាមានអាយុប្រហែល១២ឆ្នាំទៅហើយ។ ក្នុងឆ្នាំជាមួយគ្នានោះ នៅតំបន់ Hessen ប្រទេសអាល្លឺម៉ង់ គេសង្កេតឃើញមានកុមារម្នាក់ទៀតរស់ជាមួយហ្វូងចចកដែរ។ អ្នកប្រវត្តិសាស្ត្រ Philip Camerarius បន្ទាប់ពីធ្វើការតាមដានយ៉ាងយូរបានប្រាប់ថា កុមារនោះចចកយកទៅចិញ្ចឹមតាំងពីអាយុ៣ឆ្នាំ ហេតុនេះមានកាយវិការគ្រប់យ៉ាងដូចចចក។ ពួកចចកក្នុងហ្វូងស្រឡាញ់វាណាស់ តែងផ្តល់ចំណីឆ្ងាញ់ៗឱ្យវាស៊ី ជួនកាលដំណើរមានតិចតួចសុខចិត្តអត់ខ្លួនឯងទៀតផង។ ពួកសត្វចចកបង្ហាត់របៀបរត់ដើម្បីវាអាចធ្វើដំណើរទាន់គេឯងក្នុងហ្វូង និងបង្ហាត់របៀបសង្គ្រប់ខាំ។ ពេលដេក ពួកចចកនាំគ្នាកាយដីឱ្យមានកណ្តក់ជ្រៅ ហើយរកពាំស្លឹកឈើមកក្រាលក្នុងកណ្តក់នោះឱ្យវាដេក រួចនាំគ្នាដេកខ្វៀនព័ទ្ធជុំវិញជួយបិទបាំងកុំឱ្យខ្យល់ត្រជាក់បក់ត្រូវវាខ្លាំងពេក ក៏ដូចជួយការពារសន្តិសុខផងដែរ។
ថ្ងៃមួយមេឃស្រឡះល្អក្នុងឆ្នាំ១៦៦១ ពួកព្រានព្រៃប្រទះកុមារតូចម្នាក់ក្នុងព្រៃប្រទេសលីទុយអានី។ វាមានសក់លឿង ភ្នែកខៀវ ស្បែកស បានខ្លាឃ្មុំ៤ទៅ៥ក្បាលការពារយ៉ាងយកចិត្តទុកដាក់។ ពេលមនុស្សចូលទៅចាប់វា វាទប់ទល់ដោយកាយវិការញេញធ្មេញលាបាតដៃទះ។ ទោះជាយ៉ាងណា ក៏គេអាចចាប់វាយកមកបាន តែកុមារម្នាក់ទៀតអាយុស្របាលវារត់គេចបាត់ក្នុងព្រៃពុំអាចចាប់បានឡើយ។
នៅសតវត្សទី១៨ គេប្រទះកុមារម្នាក់រស់ក្នុងព្រៃប្រទេសលីទុយអានីជាមួយហ្វូងចចក។ ប្រហែលបានចចកយកទៅចិញ្ចឹមតាំងពីនៅជាទារក ហេតុនេះខ្លួនប្រាណវាដុះរោមគ្រប់កន្លែងគ្រាន់តែមិនក្រាស់ដូចចចក។ ពេលបានមកនៅជាមួយមនុស្ស គេព្យាយាមបង្រៀនវាឱ្យចេះដើរជើង២បានខ្លះៗ ក្រោយមកបង្រៀនរបៀបអង្គុយហូបចំណី និងបង្រៀនឱ្យចេះនិយាយបានខ្លះៗ។ ប៉ុន្តែគួរឱ្យស្តាយ ពេលចេះស្តាប់សំណួរ និងចេះធ្វើកាយវិការឆ្លើយតប វាបែរជាអត់នឹកឃើញអ្វីសូម្បីបន្តិចពីអតីតកាលរបស់ខ្លួន។
«កុមារកូនចៀម» ត្រូវបានគេប្រទះឃើញក្នុងព្រៃប្រទេសអៀរឡង់នាឆ្នាំ១៦៧២។ វាចេះតែត្រឹមស៊ីស្មៅ និងចំបើងដូចសត្វចៀម មុនពេលស៊ីតែងហិតៗសិន រួចកាយចំបើងមកក្បែរខ្លួន។ កុមារម្នាក់នេះក្រោយមកល្បីឈ្មោះតាមរយៈផ្ទាំងគំនូរឈ្មោះ «មេរៀនពីការវះកាត់» ដែលគូរដោយវិចិត្រករ Rembrandt ជាផ្ទាំងគំនូរផ្តល់នូវភាពរុងរឿងដល់សារមន្ទីរ Amsterdam ប្រទេសហូឡង់នាពេលសព្វថ្ងៃ។ លោកសាស្ត្រាចារ្យ Nicolai Tiulp រៀបរាប់ថា ដោយហេតុដើរជើង៤តាំងពីតូច កុមារមានរូបរាងប្រែប្រួលគឺថ្ងាសខើច កញ្ចឹងកវែង អណ្តាតវែង ពោះដក់ស្តោក។ វាមិនអាចរៀនចេះនិយាយភាសាមនុស្សបានទេ បង្ហាត់បង្រៀនយ៉ាងណាក៏បានត្រឹមតែបញ្ចេញស្នូរឃីតៗប៉ុណ្ណោះ។
ករណីដូចគ្នានេះដែរធ្លាប់កើតមានក្នុងប្រទេសអាល្លឺម៉ង់កាលពីសតវត្សទី១៦។ កុមារម្នាក់បានហ្វូងក្របីព្រៃចិញ្ចឹមតាំងពីតូច។ ពេលគេរំដោះវាចេញផុតពីហ្វូងក្របីព្រៃ យកមកចិញ្ចឹមក្នុងស្រុក ទោះបង្ហាត់យ៉ាងណាក៏មិនអាចដើរជើងពីរបាន។ រាល់លើកមនុស្សចូលទៅជិតវាត្រូវវាបញ្ចេញស្នូរឃីតៗស្ទុះមកជល់ដូចក្របីទោះគ្មានស្នែងក៏ដោយ ៕   
                        			         
				
ចែករំលែកព័តមាននេះ