រាជធានីភ្នំពេញ ៖ គម្រោងអគារកំពស់៣៨ជាន់មួយដែលចំណាយទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក បានចាប់ផ្ដើមសាងសង់នៅក្នុងទឹកដីនៃមាត់សមុទ្រខេត្តព្រះសីហនុ ក្នុងពេលខេត្តនេះកំពុងមានបញ្ហាច្រើនប្រភេទ រួមទាំងបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តមាត់សមុទ្រកំពុងរងផលប៉ះពាល់វ័ណ្ឌក នឹងបំណុលធនាគារដោយសារតែការចាកចេញរបស់ជនជាតិចិនជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាលសម្រេចបិទហ្គេមអនឡាញ ។
គម្រោងអគារដែលត្រូវសាងសង់នេះជាគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមានកាស៊ីណូ សណ្ឋាគារផ្កាយ៥ និងអគារការិយាល័យសម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងប្រទេសកម្ពុជា ។ បើតាមលោក ឬទ្ធី សំណាង ម្ចាស់គម្រោងអគារ មួយនេះបានអោយដឹងថា គម្រោងនេះមានផ្ទៃដីសាងសង់ទំហំប្រមាណ១០ហិចតាដែលចំណាយទឹកប្រាក់សរុបប្រមាណ៥០០លានដុល្លារអាមេរិក ។ លោកបានបន្តថា «ការសាងសង់គម្រោងនេះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺមានផែនការច្បាស់លាស់ ដែលគម្រោងនេះដែរ នឹងអាចទាក់ទាញវិនិយោគិនដទៃទៀតមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ក៏មានសក្ដានុពលមួយនៅក្នុងប្រទេសកម្ពុជា » ។
លោកបានបន្ថែមទៀតថា កន្លងមកភ្ញៀវទេសចរ ដែលមកលេងក្នុងខេត្តព្រះសីហនុមួយចំនួនតែងតែត្អូញត្អែ ពីការអត់មានកន្លែងសម្រាប់ស្នាក់នៅនិងកំសាន្ត ដោយឃើញនូវបញ្ហានេះហើយ ទើបយើងត្រូវសម្រេចចិត្តបណ្ដាក់ទុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោក ដែលនឹងចូលមកទស្សនានៅក្នុងខេត្តព្រះសីហនុ ។ ម្យ៉ាងទៀតសក្ដានុពលខេត្តព្រះសីហនុ មានច្រើនណាស់ ជាក់ស្ដែង មានកំពង់ផែទឹកជ្រៅ សម្រាប់ដឹកទំនិញ និងទទួលភ្ញៀវ មានអាកាសយានដ្ឋានអន្តរជាតិ ដែលកំពុងទាក់ទាញ ភ្ញៀវ និងអ្នកវិនិយោគ ហើយក៏បានតភ្ជាប់ជើងហោះហើរថ្មីៗជាច្រើនទៅកាន់គោលដៅលើពិភពលោកជាដើម ។ ជាពិសេសនោះ រដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានី ទៅកាន់ខេត្តព្រះសីហនុ ដូច្នេះហើយនៅពេលវាដំណើរការរួចរាល់ នោះខេត្តនេះនឹងកាន់តែមានសក្ដានុពលខ្ពស់ថែមទៀតទៅលើវិស័យទេសចរណ៍ ។
បើតាមលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងពេលដែលវិស័យឯកជន កំពុងចាប់អារម្មណ៍ និងដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលក៏បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសាធារណៈ ដើម្បីបម្រើអោយភាពងាយស្រួលសម្រាប់វិនិយោគិន និងប្រជាពលរដ្ឋផងដែរ ។
លោកបានបន្តថា «រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុឡើងវិញ ក្នុងនោះដែរ មានក្រុមហ៊ុនក្នុងស្រុកចំនួន៧ កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយបញ្ចប់ក្នុងរយៈពេល៨ខែជាស្ថាពរ ដូច្នេះ នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ នឹងល្អប្រសើរឡើងវិញហើយ ដូច្នេះក្រុមហ៊ុនទាំង៧ នឹងត្រូវធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់តាមការសន្យា »។
លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានអោយដឹងផងដែរ បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យគួរងាកទៅបម្រើអោយវិស័យទេសចរណ៍ ដោយសារតែទេសចរណ៍ ជាសក្ដានុពលមួយនៅពេលអនាគត ហើយកម្ពុជានឹងអាចទាក់ទាញទេសចរមកបន្ថែមទៀត តាមរយៈការអភិវឌ្ឍសំណង់អគារខ្ពស់ៗ នៅតំបន់សក្ដានុពល ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអោយដឹងថា កម្ពុជា ជាចំណុចកណ្ដាលនៃអាស៊ាន ដូច្នេះវិនិយោគិនលើពិភពលោក គេចាប់អារម្មណ៍ណាស់ លើការវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានទីតាំងល្អ អំណោយផលខាងធម្មជាតិ ហើយក៏មានសក្ដានុពលខ្ពស់ផងដែរ នៅពេលបច្ចុប្បន្ននេះ ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ដំណាច់ខែសីហា ឆ្នាំ ២០១៩នេះ ការវិនិយោគនៅក្នុងតំបន់មាត់សមុទ្រ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត មានទុនសរុបប្រមាណ២,៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ១១,៥ភាគរយនៃទំហំវិនិយោគសរុប នៅកម្ពុជា ។ ក្នុងនោះខេត្តព្រះសីហនុទទួលបានទុនវិនិយោគច្រើនជាងគេ ដែលមានរហូតដល់ ២ពាន់លានដុល្លារអាមេរិក ខណៈខេត្តកោះកុងទទួលបានទុនវិនិយោគ ប្រមាណ៤៧០លានដុល្លារ និងខេត្តកំពតទទួលបាន១០០លានដុល្លារអាមេរិកផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ