រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងស្រស់ស្អាតនាង ពេជ្រ សូលីកា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយកាលពីព្រឹកមិញនេះ ដើម្បីបញ្ចប់មន្ទិលស្នេហ៍ជាមួយតារាចម្រៀងរួមទ្រនំ គឺលោក នីកូ។ រូបភាពនៃពិធីភ្ជាប់ពាក្យរបស់តារារូបនេះ បានបែកធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារារូបនេះបានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងៀមស្ងាត់។
យ៉ាងណាបើតាមការសង្កេតពីរូបភាពដែលបានបង្ហោះនោះ ពិធីភ្ជាប់ពាក្យរបស់ ពេជ្រ សូលីកា នាពេលនេះបានធ្វើឡើងយ៉ាងអធឹកអធមផងដែរ ដោយមានការចូលរួមពីចាស់ទុំទាំងសងខាង រួមជាមួយការធ្វើដេក័រកន្លែងរៀបចំពិធីយ៉ាងស្រស់ស្អាតផងដែរ។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ក្រោយពីរៀបចំពិធីភ្ជាប់ពាក្យនេះហើយ ពេជ្រ សូលីកា នឹងចូលរោងការនៅពេលណានោះឡើយ ខណៈពេលដែលកោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីតារារូបនេះនៅឡើយទេ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។
ជាការកត់សម្គាល់ ពេជ្រ សូលីកា មុននឹងចូលដល់ពិធីភ្ជាប់ពាក្យនេះនាងក៏ធ្លាប់បង្ហាញមុខមាត់អនាគតស្វាមីរបស់ខ្លួនផងដែរ នៅពេលដែលនាងទៅដាក់បិណ្ឌរួមគ្នាក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលបានកន្លងទៅថ្មីៗនេះ។ ពេជ្រ សូលីកា បានងាកមកចាប់អាជីពសិល្បៈរបស់ខ្លួនជាថ្មីឡើងវិញ បន្ទាប់ពីខកខានមួយរយៈធំ ក្រោមការសង្ស័យថា នាងបានសម្ងំរស់នៅក្នុងផ្ទះវីឡាដ៏ត្រជាក់ល្ហឹម ក្រោមការជួយឧបត្តម្ភពីបុរសដែលមានឋានះខ្ពស់មួយរូប។
យ៉ាងណាតារារូបនេះ ហាក់មិនទទួលស្គាល់នៅការលើកឡើងខាងលើនេះឡើយ ប៉ុន្តែនាងក៏មិនដែលបានបញ្ជាក់ឲ្យបានច្បាស់លាសជុំវិញការបោះបង់សិល្បៈចោលពាក់កណ្តាលទីនោះដែរ។ ក្រោយពេលវិលចូលសិល្បៈជាថ្មីឡើងវិញនោះ ពេជ្រ សូលីកា ក៏បានមកចាប់ដៃគូជាថ្មីជាមួយតារាចម្រៀងលោក នីកូ ដែលនាំឲ្យទស្សនិកជនជាច្រើនដាក់ការសង្ស័យថា ក្រៅពីដៃគូសម្តែងនិងច្រៀង អ្នកទាំងពីរក៏ទំនងជាបង្កាត់ភ្លើងស្នេហ៍នៅក្រៅឆាកផងដែរ។
ទោះជាយ៉ាងណា អាប៉ោងត្រូវបានបើកគ្របហើយ បន្ទាប់ ពេជ្រ សូលីកា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការ ជាមួយអនាគតស្វាមីវ័យក្មេងស្រស់ស្អាតមួយរូប ដែលមិនមែនជាលោក នីកូ មិនដូចអ្វីដែលជាការសង្ស័យរបស់ទស្សនិកជននោះឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)