នាងបដាចារាជាបុត្រីរបស់សេដ្ឋីនៅក្នុងក្រុងសាវត្ថី ។ នាងលួចលាក់ស្នេហាគ្នាជាមួយនឹងបុរសអ្នកបម្រើទោះបីជាឪពុកម្ដាយឃាត់យ៉ាងណា ក៏នាងនៅតែមិនស្ដាប់រហូតហ៊ានរត់គេចចេញពីផ្ទះចោលឪពុកម្ដាយ ទៅរស់នៅក្នុងព្រៃ ស៊ីអត់ស៊ីឃ្លានយ៉ាងលំបាកវេទនាជាមួយនឹងបុរសជាទាសានោះ ទីបំផុតត្រូវព្រាត់ប្រាសគ្នាគ្មានសល់ម្នាក់ឡើយ ព្រាត់ទាំងកូន ព្រាត់ទាំងស្វាមី និងព្រាត់ទាំងឪពុកម្ដាយបងប្អូនយ៉ាងគួរឲ្យសង្វេគជាទីបំផុត ។
ព្រោះតែការព្រាត់ប្រាសគ្រួសារជាទីស្រឡាញ់ និងប្រាសចាកញាតិសន្ដានក៏បណ្ដាលឲ្យនាងគ្មានអ្វីជាទីពឹងនៅក្នុងជីវិតឡើយវង្វេងវង្វាន់ស្មារតីទៅជាមនុស្សឆ្កួតលេលាអនាថា មិនដឹង លែងស្គាល់អ្វីទាំងអស់ នេះជាលទ្ធផលនៃការមិនស្ដាប់ដំបូន្មានរបស់ឪពុកម្តាយដែលចង់តែឱ្យកូនខ្ពង់ខ្ពស់ ។
តែដោយឧបនិស្ស័យនៅមាន នាងបានជួបនឹងព្រះពុទ្ធជាម្ចាស់នៃយើង ព្រះអង្គក៏បានប្រោសប្រទានឱ្យនាងបានដឹងស្មារតីឡើងវិញ ហើយបួសជាភិក្ខុនីបានសម្រេចធម៌ជាន់ខ្ពស់ផុតគ្រោះចង្រៃទាំងឡាយក្នុងលោក ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ