មានមនុស្សជាច្រើនបានបរិភោគ មី ប៉ុន្តែអ្នកទាំងនោះមិនប្រាកដថា ពួកគាត់បានដឹងពីប្រវត្តិរបស់មីនោះទេ ។ ជាការពិតណាស់ មី ត្រូវបានគេឃើញនៅក្នុងប្រវត្តិសាស្ត្រអាហាររបស់ប្រទេសចិន ដែលបានបរិភោគចាប់តាំងពីចន្លោះឆ្នាំ ៣០០ ដល់ ២០០ មុនគ្រឹះសករាជមកម្ល៉េះ។
ការបរិភោគ មី មិនដូចជាការបរិភោគអាហារទូទៅនោះទេ ។ វាបានក្លាយជានិមិត្តរូប និងជាការឆ្លុះបញ្ចាំងពីប្រពៃណី និងទំនៀមទម្លាប់វប្បធម៌ដ៏យូរអង្វែងរបស់ប្រជាជនចិន ។
ប្រជាជនចិន បានចាត់ទុក មី ជាអាហារពិសេសមួយដែលនិយមបរិភាគក្នុងពិធី ឬកម្មវិធីសំខាន់ៗក្នុងជីវិតរបស់ពួកគេ ដូចជាក្នុងពិធីខួបកំណើត ដើម្បីសុំឲ្យមានអាយុយឺនយូរវែងដូចសរសៃមី និងបង្ហាញពីភាពសាទរ បួងសួងសុំសេចក្តីសុខពីកម្មវិធីជាច្រើនទៀតដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីមង្គលការ និងការឡើងគេហដ្ឋានថ្មីជាដើម ។
មកដល់ពេលបច្ចុប្បន្ន មី បានក្លាយជាអាហារដ៏ពេញនិយមមួយបែបសម្រាប់មនុស្សទូទៅទូទាំងពិភពលោក មិនចំពោះតែប្រជាជនចិននោះទេ ។ សណ្ឋាននៃ មី ត្រូវបានច្នៃ និងកែលម្អរូបភាព និងរសជាតិទៅតាមបរិបទនៃតំបន់នីមួយៗ ហើយគេអាចទទួលទានបានគ្រប់ពេលវេលាថែមទៀតផង ។
យោងតាមប្រភព National Geography បានឱ្យដឹងថា មី ដែលមានអាយុកាល ៤០០០ ឆ្នាំត្រូវបានរកឃើញនៅក្នុងប្រទេសចិន ជាគំហើញដំបូងគេបង្អស់ដែលមិនមិនធ្លាប់មានក្នុងចំណោមអាហារដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក ។ មី លឿងសរសៃស្តើងដែលត្រូវបានថែរក្សាទុកឲ្យវែង និងស្រស់ស្អាតត្រូវបានគេរកឃើញនៅខាងក្នុងចានបិទជិតមួយកន្លែងនៅឯតំបន់បុរាណវិទ្យា Lajia ភាគពាយព្យប្រទេសចិន ។ ចាននោះត្រូវបានកប់ក្រោមដីដែលមានជម្រៅ ៣ ម៉ែត្រ ។
អាស្រ័យតាមការរកឃើញនេះ លោក Houyuan Lu នៃវិទ្យាស្ថាន Geology និង Geophysics នៅបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិនបាននិយាយនៅក្នុងបទសម្ភាសមួយថា៖ «នេះគឺជាភស្ដុតាងជាក់ស្តែងដំបូងបំផុតនៃការរកឃើញមី» ។
ក្នុងការផលិត មី អ្នកវិទ្យាសាស្ត្របានកំណត់ថា មី ត្រូវបានផលិតចេញពីស្រូវ Millet ២ ប្រភេទ ដែលជាគ្រាប់ធញ្ញជាតិរបស់ជនជាតិចិន និងបានដាំដុះយ៉ាងទូលំទូលាយនៅទីនោះកាលពី ៧០០០ ឆ្នាំមុន ។ ដោយឡែក មី នៅភាគខាងជើងអាមេរិក និងអឺរ៉ុប ជាធម្មតាធ្វើពីស្រូវសាលី ។
បុរាណវិទូ លោក Patrick McGovern នៅឯសារមន្ទីរបុរាណវិទ្យា នៃសាកលវិទ្យាល័យ Pennsylvania នៃទីក្រុង Philadelphia បាននិយាយថា ប្រសិនបើកាលបរិច្ឆេទសម្រាប់មីកញ្ចប់ត្រឹមត្រូវ នោះការរកឃើញពិតជាអស្ចារ្យមែន ។ លោកបានមានប្រសាសន៍ថា៖ «នេះបង្ហាញពីកម្រិតខ្ពស់នៃការកែច្នៃម្ហូបអាហារ និងភាពទំនើបនៃការធ្វើម្ហូប» ។
មី ជាអាហារចំបងនៅតាមតំបន់ជាច្រើននៃពិភពលោកយ៉ាងតិច ២០០០ ឆ្នាំ ទោះបីជា Pasta ដ៏ទំនើបត្រូវបានបង្កើតដំបូងដោយជនជាតិចិន-អ៊ីតាលី ឬអារ៉ាប់ក៏ដោយ ។
លោក Gary Crawford អ្នកជំនាញខាងបុរាណវិទ្យានៃសាកលវិទ្យាល័យតូរ៉ុនតូនៅ Mississauga ប្រទេសកាណាដា បាននិយាយថា ការរកឃើញ មី ដែលមានអាយុកាល ៤០០០ ឆ្នាំនៅប្រទេសចិន មិនមែនជាការភ្ញាក់ផ្អើលនោះទេ ។ លោកបាននិយាយថា «វាសមនឹងអ្វីដែលយើងបានដឹងជាទូទៅថា មី មានប្រវត្តិយូរ និងសំខាន់នៅក្នុងប្រទេសចិន» ។
បើតាមប្រភព The Atlantic បានឲ្យដឹងថា នាង Jen Lin-Liu ជាអ្នកនិពន្ធរបស់ New York Times នៅទីក្រុងប៉េកាំង ដែលបានសរសេររៀបរាប់អំពីរសជាតិ ដើមកំណើត និងការទាក់ទាញរបស់មីតាមរយៈការធ្វើដំណើរស្រាវជ្រាវនៅទីក្រុងប៉េកាំង ប្រទេសចិន និងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានបញ្ជាក់ថា ទាំងជនជាតិចិន និងជនជាតិអ៊ីតាលី បានអះអាងថា ពួកគេជាអ្នកបង្កើត មី ។
អាស្រ័យតាមការសរសេររបស់អ្នកនិពន្ធម្នាក់នេះ ការលើកឡើងពីប្រវត្តិសាស្ត្រដ៏ចំណាស់បំផុតនៃ មី អាចរកឃើញមាននៅក្នុងវចនានុក្រមពីសតវត្សរ៍ទី ៣ នៅប្រទេសចិន ។ មី ចិន ដំបូងបង្អស់ត្រូវបានគេធ្វើជាបំណែកតូចៗបង្កើតឡើងពីនំប៉័ង Dough ដែលគេហៅថា mian pian ហើយត្រូវបានគេបរិភោគនៅក្នុងប្រទេសចិនមកដល់ពេលបច្ចុប្បន្ន ។
នេះ គឺជាផ្នែកមួយនៃការស្រាវជ្រាវគួរឲ្យចាប់អារម្មណ៍បំផុតដែលនាងបានរកឃើញ ហើយ មី នៅក្នុងប្រទេសចិនពិតជាបានចាប់ផ្តើមជាមួយនឹងប្រពៃណីនំប៉័ងរបស់ខ្លួន ដែល មី ប្រភេទនេះនៅតែត្រូវបានគេបរិភោគយ៉ាងទូលំទូលាយនៅភាគខាងជើងប្រទេសចិន ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ