ច្រើនគ្រួសារនៅភូមិមួយក្នុងស្រុកបាទី ប្រកបរបរជួលមេរុបូជាសព
- ភ្នំពេញ
ខេត្តតាកែវ ៖ អ្នកភូមិបឹងលាជ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាច្រើនគ្រួសារចាប់យកមុខរបរធ្វើមេន (មេរុ) ដោយមិនខ្វល់ថាវាអាចប៉ះដល់សុខភាពនោះទេ ។…
ខេត្តតាកែវ ៖ អ្នកភូមិបឹងលាជ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាច្រើនគ្រួសារចាប់យកមុខរបរធ្វើមេន (មេរុ) ដោយមិនខ្វល់ថាវាអាចប៉ះដល់សុខភាពនោះទេ ។…
ខេត្តតាកែវ ៖ អ្នកភូមិបឹងលាជ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាច្រើនគ្រួសារចាប់យកមុខរបរធ្វើមេន (មេរុ) ដោយមិនខ្វល់ថាវាអាចប៉ះដល់សុខភាពនោះទេ ។
បើធ្វើដំណើរពីទីរួមស្រុកបាទីឆ្ពោះទៅដល់ផ្សារចំបក់ ស្ថិតក្នុងឃុំចំបក់ ចម្ងាយប្រហែលជា១០គីឡូម៉ែត្រ ហួសផ្សារបន្តិចរួចបត់ទៅខាងឆ្វេងដៃឆ្ពោះទៅភូមិបឹងលាជ តាមផ្លូវក្រួសក្រហមឆ្ពោះទៅទិសជើងប្រហែល២គីឡូម៉ែត្រ នឹងឃើញនៅអមសងខាងផ្លូវមានរថយន្តកូរ៉មួយតោនកន្លះ និងពីរតោនកន្លះមួយគ្រឿងចតទុកនៅមុខផ្ទះ ហើយនៅលើរថយន្តមានដាក់ប្រដាប់ប្រដាររៀបចំដំឡើងមេរុ ។
កាលពីពេល ថ្មីៗកន្លងលោកគង់ ហៃ អាយុ៤៥ឆ្នាំ ឲ្យដឹងថាមុខរបរជួលមេរុមិនខុសពីអាចារ្យភ្លុកទេ ហើយមួយរយៈចុងក្រោយនេះ នៅក្នុងភូមិមានប្រហែលជា៥០ទៅ៦០គ្រួសារ។ ទម្លាប់នៃការបូជាសពពីមុនមក គឺកាប់ដីដាក់ដើមចេក ពេលខ្លះកាប់ដើមត្នោតធ្វើចង្អើរតម្កល់សព រួចបូជា ។ ក្រោយមកទៀត ចាស់ៗច្នៃចេញជាមេរុបានមួយដើម្បីជួលដាក់សពបូជាក្នុងភូមិ ខណៈវត្តខ្លះមិនមានឈាបនដ្ឋានសម្រាប់បូជាសពទេ ។
លោកគង់ ហៃ ចាប់យកមុខរបរជួលមេរុជាង១០ឆ្នាំមកហើយ តម្លៃវាទៅតាមជិតឆ្ងាយ។ បើនៅក្នុងភូមិតម្លៃពី៥០ទៅ៦០ម៉ឺនរៀល បើនៅឆ្ងាយដូចជាភ្នំពេញ ខេត្តកណ្តាល ព្រៃវែង តម្លៃ២ទៅ៣លានរៀល ។ ក្នុងមួយខែមានគេជួល១០ទៅ១៥លើក ។ កាត់ថ្លៃកម្មករ និងចាយវាយ ផ្សេងៗមួយខែសល់ប្រមាណ៥០០ដុល្លារ ។
លោកគង់ ហៃ ឲ្យដឹងថា ប្រើពេលពីបីទៅប្រាំម៉ោងទើបរំលាយសពអស់ តែមានសពខ្លះចំណាយពេលបូជាតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង៧យប់ក៏មានដែរ ។ ភារកិច្ចរបស់ក្រុមជួលមេរុ គឺរៀបចំមេរុតម្កល់សព និងបូជា ។ សាច់ញាតិសព និងតាអាចារ្យជាអ្នករៀបសពដាក់ក្នុងមឈូស ហើយដង្ហែដាក់លើមេរុ ។ លោកគង់ ហៃ និយាយថា«មុខរបរបូជាសពនេះចេះតែព្រួយបារម្ភទៅថ្ងៃក្រោយវាអាចប៉ះពាល់សុខភាពរបស់ខ្ញុំ តែធ្វើម្តេចបើគ្មានមុខរបរអ្វីផ្សេងពីហ្នឹង »។
ដោយឡែកលោកសុង ហាន អាយុ៣៤ឆ្នាំ ខណៈកំពុងរៀបចំដំឡើងមេរុនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ និងជាម្ចាស់មេរុឲ្យដឹងថា៖ ពីមុនលោកជាកម្មករដំឡើងមេរុឲ្យគេ តែក្រោយមកបែកគំនិតខ្ចីប្រាក់ធនាគារយកទិញសម្ភារមេរុ មានម៉ាស៊ីនភ្លើង ព្រមទាំងរថយន្តសម្រាប់ដឹក សរុបចំណាយទុនជាងមួយម៉ឺនដុល្លារ ។ ក្នុងមួយខែរៀបលោកមេរុបានជាង១០រោង ហើយកាត់ទៅលើកម្មករ និងចំណាយផ្សេងៗសល់បានពី៣រយទៅ៤រយដុល្លារ ។
ការបូជាសពវាអាចប៉ះពាល់ដល់សុខភាពនៅថ្ងៃណាមួយនោះលោកសុង ហាន មិនខ្វល់ទេ សំខាន់ខំរកប្រាក់យកទៅសងធនាគារប្រចាំខែ ។ ដូច្នេះហើយពេលមានអតិថិជនមកជួលមេរុ គឺលោកចាប់យកឲ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។ ជាក់ស្តែងគេជួលនៅភូមិពង្រ ឃុំខ្វាវ នេះ តម្លៃតែ៨០ម៉ឺនរៀលប៉ុណ្ណោះ ទោះបីដេកផ្លូវមួយយប់ ឬពីរយប់ក្តី ។
ទាក់ទិនអ្នកភូមិបឹងលាជចាប់មុខរបរជួលមេរុ មន្ត្រីសាលាឃុំ និងភូមិ និយាយស្រដៀងគ្នាថា មិនមែនប្រជាពលរដ្ឋក្នុងភូមិមិនមានដីស្រែធ្វើទេ តែគឺជាមុខរបររួមផ្សំជួយបន្ថែមជីវភាពគ្រួសារប៉ុណ្ណោះ ។ «វាលំបាកណាស់ សម័យនេះឲ្យតែឃើញគ្រួសារណាប្រកបមុខរបរណាមួយមានការរីកចម្រើន ក៏ធ្វើតាមទៅ ជាក់ស្ដែងមុខរបរជួលមេរុនេះឯង »។
លោកតាឃួន អាចារ្យវត្តស្រីប្រសិទ្ធិ ស្ថិតក្នុងឃុំខ្វាវ ស្រុកទ្រាំង មានប្រសាសន៍ថា« មេរុដុតខ្មោច ឬបច្ឆាដុតខ្មោចដែលទើបតែនឹងសាងរួចស្រេច ថ្មីៗនេះ ជាជំនឿជឿ តៗគ្នាពីបុរាណកាល គ្រាដែលបានសាងមេរុដុតខ្មោចរួចស្រេចអស់ហើយត្រូវតែមានការចាត់ចែងពិធីបុណ្យឆ្លងមេរុដុតខ្មោចជាបឋមមុនដំបូងបង្អស់ លោកឧបកិច្ចឲ្យយកដើមចេកមកធ្វើជាសាកសពដាក់ក្នុងក្តារមឈូស ហើយដង្ហែតាមក្បួន រួចដុតបូជាចោលទៅ ។ តាមជំនឿ តៗគ្នាថា ប្រសិនបើមិនធ្វើដូច្នេះទេនឹងកើតហេតុការណ៍មិនល្អដល់អ្នកស្រុកជិតខាង វាអាចកើតហេតុឧបទ្រពចង្រៃធ្វើឲ្យមានអ្នកឈឺស្លាប់ច្រើនគ្នា តែនេះគ្រាន់ជាជំនឿតែប៉ុណ្ណោះ»។
លោកតាឲ្យដឹងថា បច្ចុប្បន្ននេះនៅតាមបណ្តាវត្តមួយចំនួមិនមានឈាបនដ្ឋានទេ ជាក់ស្តែងវត្តនៅក្នុងស្រុកទ្រាំងតែម្តង ។ បើគ្រួសារសពមានជីវភាពធូរធារគេជួលមេន តែបើគ្រួសារខ្សត់ខ្សោយ គឺអ្នកភូមិ រួមទាំងអាចារ្យនាំគ្នាកាប់រណ្តៅដីដាក់ដើមចេកតម្កល់សពបូជានៅខាងក្រោយផ្ទះ ឬនៅលើដីទំនេរណាមួយ ។ លោកតាឃួន បញ្ជាក់ថា ពិធីបូជាសពតាមប្រពៃណីខ្មែរមិនមានឆុងខែឆ្នាំដូចជនជាតិចិនទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ