ខេត្តកំពង់ឆ្នាំង ៖ ទូក ង ប្រណាំងមិនដែលចាញ់លេខ១ទាំងល្បឿន និងសោភ័ណ្ឌភាពឈ្មោះ «ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ» មកដល់ពេលនេះជួសជុលបានប្រមាណជាង៩០%ហើយនៅសល់តែការធ្វើចែវគូលាបថ្នាំ និងឆ្លាក់អក្សរលើទូកអាច និងរួចរាល់រយៈពេល៣-៤ថ្ងៃទៀតតែប៉ុណ្ណោះ ។ ទូកនេះស្ថិតនៅក្នុងវត្តវិហារហ្លួង ហៅវត្តផ្សារ ក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
លោក សេង ប៊ុនហេង ប្រធានគណៈកម្មាធិការគ្រប់គ្រងទូក ង ព្រះទីនាំងអន្ដាយសារាយអណ្តែតចង្ហាន់ហុយ និងជាអ្នករាំលើក្បាលទូកឲ្យដឹងថា ៖ ទូកង ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយមានបណ្ដោយប្រវែង 29,30ម៉ែត្រ មានចំណុះជើងចែវ 48 ជើងចែវបូកទាំងអ្នករាំក្បាលទូកម្នាក់ សរុបផ្ទុកកីឡាករលើទូក 49នាក់ ។ ក្នុងការជួសជុលជាងកន្លះខែនេះបានចំណាយថវិកាជាង៣លានរៀលដែលបានមកពីការរៃអង្គាសពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
បើគិតមកដល់ពេលនេះ ក្នុងការជួសជុលបានរួចរាល់ជាង 90% ហើយអាចនឹងរួចរាល់ត្រឹម៣-៤ថ្ងៃទៀត ព្រោះនៅសល់តែការលាបថ្នាំ គួរអក្សរ និងធ្វើចែវតែប៉ុណ្ណោះ ។ ទូកនេះតាមគ្រោងទុកនឹងចុះទឹក ដើម្បីធ្វើការហ្វឹកហាត់នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ ។
ប្រធានគណៈកម្មការទូកង ព្រះទីនាំងសារ៉ាយអណ្តែតចង្ហាន់ហុយ បានបញ្ជាក់ថា ៖ ទូកងមួយនេះមិនដែលស្គាល់ពាក្យថា ចាញ់ឬ ធ្លាក់ដល់លេ២ម្តងណាទេឆ្នាំណាក៏ទទួលបានលេខ១ និងទទួលពាន្វរង្វាន់ពីព្រះករុណាដែរជាងនេះទៅទៀតទូក ង មួយនេះទទួលបានជ័យលាភីលើសោភ័ណ្ឌភាពរាល់ឆ្នាំដែរ ។
ប៉ុន្តែបញ្ហាដែលកំពុងតែលំបាកសព្វថ្ងៃនេះ គឺកង្វះថវិកាសម្រាប់ក្រុមកីឡាករក្នុងការហ្វឹកហាត់ និងពេលចេញទៅប្រកួត ក្នុងនាមរូបលោកជាប្រធានគណៈកម្មការទូក សូមអំពាវនាវដល់សប្បុជននៅក្នុងស្រុកក៏ដូចជា នៅក្នុងប្រទេសកម្ពុជាដែលធ្លាប់បានចូលរួមជួយឧបត្ថម្ភក្នុងឆ្នាំមុនៗកន្លងមក សូមមេត្តាជួយឧបត្ថម្ភដល់ក្រុមកីឡាករ ទូកង ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ នេះដោយសេចក្តីអនុគ្រោះ និងសួមទទួលបានផល្លានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ