រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់កាកបាទក្រហមកម្ពុជាដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ មេសា សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំពិធីបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់គណៈកម្មការដែលបានដាក់ជូននាពេលកន្លងមក ក្នុងនោះការងារមុនរៀបចំពិធីអបអរសាទរខួបលើកទី១៥១នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា បានសម្រេចជាង៨០ភាគរយហើយ។
កិច្ចប្រជុំដែលបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាដែលមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំពិធីខួបទី១៥១ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០១៤ និងមានការអញ្ជើញចូលរួមពីលោកនិងលោកជំទាវប្រធាន អនុប្រធានគណៈកម្មការ និងអនុគណៈកម្មការទាំង៥។
កិច្ចប្រជុំខាងលើបានធ្វើឡើងដោយផ្តោតសំខាន់លើរបៀបវារៈមួយចំនួន ក្នុងនោះរួមមាន ការត្រួតពិនិត្យការងារត្រៀមរៀបចំខួបលើកទី១៥១នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា របស់អនុគណៈកម្មការនីមួយៗ ដែលបានអនុវត្តន៍បន្ទាប់ពីកិច្ចប្រជុំលើកទី២ កាលពីថ្ងៃទី២៧ មីនា ។ ត្រួតពិនិត្យការងារត្រៀបរៀបចំមហាសន្និបាតកាកបាទក្រហមអាណត្តិទី៦របស់អនុគណៈកម្មការនីមួយៗ បានអនុវត្តន៍បន្ទាប់ពីកិច្ចប្រជុំលើកទី២ កាលពីថ្ងៃទី២៧ មីនា និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ចែករំលែកព័តមាននេះ