រាជធានីភ្នំពេញ ៖ រយៈពេលបួន-ប្រាំថ្ងៃហើយ ដែលអ្នកកំប្លែងលោកយាយនេត ផល្លី ហៅយាយខ្លី ចូលបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែគាត់មានជំងឺច្រើនមុខយាយី ។ កូនស្រីទី៤ឈ្មោះ ញ៉ែម សារុំ កាលពីថ្ងៃទី២៧ មេសា ២០១៤ ឱ្យដឹងថា យាយខ្លីបានចូលបន្ទប់សង្គ្រោះបន្ទាន់ ហើយគាត់មានសភាពរវើរវាយ និងហូបអីអត់បានទេ និងឡើងជាតិស្ករខ្លាំង ។
យាយខ្លីចូលសម្រាកនៅក្នុងមន្ទីរពេទ្យប្រមាណបីអាទិត្យមកហើយ ទើបតែធ្លាក់ខ្លួនឈឺខ្លាំងរហូតសន្លប់បាត់មាត់បាត់ករយៈពេលបួន-ប្រាំថ្ងៃនេះ ។ ជាក់ស្ដែងថ្ងៃទី២៧ មេសា គាត់បឺតទុយោទឹកអត់បានទេ ទាល់តែបន្ដក់ មួយៗទើបបាន ។ ក្រុមគ្រូពេទ្យមិនទាន់និយាយពីសភាពជម្ងឺគាត់យ៉ាងណាទេ ដោយទុកតាមដានបន្ដទៀត ។
កូនស្រីដដែលបញ្ជាក់ថា យាយខ្លីមានជំងឺរបេងឆ្អឹង ទឹកនោមផ្អែម ពុកឆ្អឹងចង្កេះ លើសឈាម និងមានជាតិស្ករច្រើន ។ ស្ថានភាពជម្ងឺធ្វើឱ្យគាត់មិនស្គាល់កូនចៅទេ ហើយកូនចៅបានដាក់វេនគ្នាមើលថែទាំងថ្ងៃទាំងយប់ ។ ដោយសារយាយខ្លីជាអ្នកកំប្លែងល្បីឈ្មោះ មានសប្បុរសជនឧបត្ថម្ភគាត់ ខ្លះៗ តែសាច់ញាតិពុំស្គាល់ជាអ្នកណាខ្លះទេ ។ សប្បុរសជនឧបត្ថម្ភជាម្ហូបអាហារ និងលុយកាក់បន្ដិចបន្តួច ។ ចំណែកលោកខេមរៈ សិរីមន្ដ ជួយទិញខ្សែក្រវាត់រឹតចង្កេះដែលពុកឆ្អឹង និងឧបត្ថម្ភលុយកាក់ខ្លះ ។ ទោះជាយ៉ាងណាក្ដី រយៈពេលគាត់ឈឺធ្ងន់នៅបន្ទប់សង្គ្រោះបន្ទាន់ គាត់មិនទាន់បានជំនួយឧបត្ថម្ភពីសប្បុរសជននៅឡើយទេ ។
អ្នកស្រីនេត ផល្លី ហៅយាយខ្លី មានកូន៦នាក់ក្នុងនោះប្រុស២នាក់ តែបច្ចុប្បន្នសល់តែ៥នាក់ បន្ទាប់ពីកូនស្រីពៅបានស្លាប់កាលពីប៉ុន្មានឆ្នាំមុន ។ យាយខ្លី ជាអ្នកសិល្បៈអាយ៉ៃជើងចាស់មុនចាប់អាជីពកំប្លែង ។ កូនៗរបស់យាយខ្លីមានជីវភាពមិនធូរធារទេ ក្នុងនោះខ្លះរត់ម៉ូតូឌុប ខ្លះលក់នំអាកោ ជាដើម ។ កូនចៅអ្នកស្រីនេត ផល្លី បានថ្លែងអំណរគុណមន្ទីរពេទ្យកាល់ម៉ែត ដែលជួយព្យាបាលគាត់ដោយក្ដីអាណិតអាសូរ ខណៈគាត់មានជំងឺច្រើនមុខ និងសុទ្ធតែជាជម្ងឺត្រូវចំណាយលើថ្លៃព្យាបាលខ្ពស់ ។
កុំតែបានមន្ទីរពេទ្យយោគយល់ ក្រុមគ្រួសារត្រូវចំណាយប្រាក់ព្យាបាលច្រើនណាស់ ។ លើសពីនេះ ក្រុមគ្រួសារថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលជួយឧបត្ថម្ភកន្លងមក ។ បើសប្បុរសជនចង់ឧបត្ថម្ភដល់យាយខ្លី អាចទៅជួបផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត ឬអាចទាក់ទងទៅកូនចៅរបស់គាត់ តាមរយៈទូរស័ព្ទលេខ ០១២ ៦៥៤ ៤៥៧ ៕
ចែករំលែកព័តមាននេះ