ខេត្តកំពង់ឆ្នាំង ៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមពិសាអំបុកសាមគ្គីទាំងអស់គ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីសន្តិភាព ។
ប្រជាពលរដ្ឋរស់នៅភូមិសន្ទៃដែលភាគច្រើនមានវ័យចំណាស់ធ្លាប់ឆ្លងកាត់នៅសង្គ្រាមដ៏រ៉ាំរ៉ៃបានលើកឡើងថា ពួកគាត់ឆ្លងកាត់រួចមកហើយនូវសង្គ្រាមវិនាសកម្មក្នុងប្រទេសកម្ពុជារយៈកាលកន្លងមកគឺវេទនាខ្លាំងណាស់ ព្រាត់ប្រាស់ក្រុមគ្រួសារ ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវរងការខូចខាត ហើយពួកគាត់ក៏ធ្លាប់ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ផងដែរ ។ បច្ចុប្បន្ន ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ទាំងមន្ទីរពេទ្យ សាលារៀន វត្តអារាម ផ្លូវថ្នល់ មានអ្នកវិយោគបរទេស មានអាគារខ្ពស់ៗរាប់មិនអស់ ពិសេសប្រជាពលរដ្ឋរស់ដោយសុខដុមរមនាក្នុងលិទ្ឋប្រជាធិបតេយ្យ។
ប្រជាពលរដ្ឋនៅភូមិសន្ទៃបានបន្តថា ពួកគាត់មិនចង់ឲ្យមានសង្គ្រាម និងរបបខ្មែរក្រហមវិលមកទឹកដីកម្ពុជាជាថ្មីម្តងទៀតនោះទេ ។ ដោយហេតុនេះហើយ ទើបពួកគាត់សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមពិសារអំបុកសាមគ្គីទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ តាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺដើម្បីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាមកើតឡើងទៀតឡើយ ។
ដោយឡែកតាមការបញ្ជាក់របស់លោក យ៉ែម គឹមមឿន មេភូមិសន្ទៃបានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់មានច្រើនគ្រួសារដែលបានចាប់យកមុខរបរបុកអំបុកលក់ ដោយខ្លះបុកដោយដៃ និងខ្លះទៀតធ្វើដោយម៉ាស៊ីន ហើយមុខរបរនេះក្នុងមួយឆ្នាំធ្វើបានតែរយៈពេល៥ខែទេគឺចាប់ពីខែតុលាដល់ខែកុម្ភៈ ។ ក្នុងនាមរូបលោកជាអាជ្ញាធរភូមិក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាសូមចូលរួមពិសាអំបុកដើម្បីសន្តិភាព, ហូបអំបុកដើម្បីប្រឆាំងការវិលត្រឡប់នូវភ្លើងសង្គ្រាម និងហូបអំបុកដើម្បីប្រឆាំងដាច់ខាតការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយស្របច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ