ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ជលផល​ខេត្តក្រចេះ ​នៅ​តែ​កើត​មាន​គួរឱ្យបារម្ភ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ការ​ធ្វើ​នេសាទ​ខុសច្បាប់ ដោយ​ជន​ឱកាសនិយម​តាម​រូបភាព​ផ្សេង​ៗ​ នៅ​តាម​តំបន់​នានា​ដូច​ជាទន្លេ ព្រែក បឹងបួ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ​នៅ​តែ​កើត​មាន​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈ​តួលេខ​នៃ​ការ​បង្ក្រាប​ពី​សំណា​ក់​ក្រុម​មន្ត្រី​ជំនាញ…

ខេត្តក្រចេះ ៖ ការ​ធ្វើ​នេសាទ​ខុសច្បាប់ ដោយ​ជន​ឱកាសនិយម​តាម​រូបភាព​ផ្សេង​ៗ​ នៅ​តាម​តំបន់​នានា​ដូច​ជាទន្លេ ព្រែក បឹងបួ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ​នៅ​តែ​កើត​មាន​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈ​តួលេខ​នៃ​ការ​បង្ក្រាប​ពី​សំណា​ក់​ក្រុម​មន្ត្រី​ជំនាញ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​កើនឡើង​ឥត​ឈប់​ឈរ ។ ខេត្តក្រចេះ មាន​ទីតាំង​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេមេគង្គ និង​មាន​អំណោយផល​សម្រាប់​ការ​នេសាទ ។ ខេត្ត​ដែល​ស្ថិត​ជាប់​នឹង​ដង​ទន្លេមេគង្គ​លើ​នេះ ក៏​អំណោយផល​ល្អ​ដល់​ជីវចម្រុះ​ទឹកសាប សម្បូរ​ដោយ​ជម្រក​ត្រី​ពង​កូន ត្រីមេពូជ ពិសេស​នោះ​ផ្សោត​ទឹកសាប ។

ដោយសារ​តែ​ខេត្តក្រចេះ​សម្បូរ​ដោយ​ធនធាន​មច្ឆជាតិ​ទឹកសាប​បែប​នេះ ទើប​ពលរដ្ឋ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ពលរដ្ឋ​សរុប​ជិត​១០​ម៉ឺន​នាក់ បាន​ចាប់​យក​របរ​នេសាទ​ជា​ចម្បង​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។
ទន្ទឹម​នឹង​ការ​នេសាទ​ដែល​កំពុង​កើត​មាន​លើផ្ទៃ​ទន្លេ ព្រែក បឹង ជា​លក្ខណៈ​គ្រួសារ​តាម​ទ្រង់ទ្រាយ​តូច​ឬ​ធំ​ដើម្បី​ចាប់​យក​ត្រី​នោះ ជាមួយគ្នា​នេះ​បទល្មើស​នេសាទ​ដែល​ប្រព្រឹត្ត​ដោយ​ជនឱកាសនិយម​ក៏​នៅ​តែ​កើត​មាន ខណៈ​ការ​ចុះល្បាត​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រីជលផល នៅ​តែ​ខិតខំ​បន្ត​ធ្វើ​យ៉ាង​សស្រាក់សស្រាំ​។

តាម​របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទខេត្ត​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ដើមឆ្នាំ​២០១៩ នេះ ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ក្រុង និង​អាជ្ញាធរ​តាម​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​តំបន់​ភូមិសាស្ត្រ ទន្លេ ព្រែក បឹងបួ បាន​ចំនួន​១៣៦​ករណី ។

ការ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខាងលើ អាជ្ញា​ធរមាន​សមត្ថកិច្ច​រឹបអូស​បាន​ឧបករណ៍​ផ្សេង​ៗ សម្រាប់​បម្រើ​ឲ្យ​បទល្មើស​នេសាទ​មាន​ដូច​ជា ស្បៃ​មុង​សាច់​កាវ​ប្រវែង​ជិត​២​ពាន់​មែ​៉​ត្រលូ​សាច់​អួន​ជាង​១​ពាន់​ម៉ែត្រ បង្គោល​ឫស្សី​ជាង៣​ពាន់​ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចូល​ក្នុង​ទន្លេ និង​បឹង​ធម្មជាតិ​វិញ​ជិត​២​រយ​គីឡូក្រាម ។ អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​លោក ម៉ុ​ក ពន្លក
បាន​ថ្លែង​ថា មាន​មង​បណ្តែត​ចំនួន​២០៥​ត្បូង ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​តាម​តំបន់​អន្លង់ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​ក្នុង​តំបន់​អភិរក្ស ។

ឧ​បករ​ណ៍​សន្ទូច​រាយ​ជាង​១​ពាន់​ម៉ែត្រ សម្រាស់​២៨​គំនរ មង​ពាក់​ព្រែក​ចំនួន​៣​ត្បូង ដែល​ក្រុមជនល្មើស​លប​លួច​ធ្វើ​នេសាទ​នៅ​តំបន់​ហាមឃាត់ ក៏​ត្រូវ​បាន​បង្ក្រាប​និង​ប្រមូល​មក​កម្ទេច​ចោល​នៅ​នឹង​មុខ​មហាជន ។ ក្រៅពី​នេះ នៅ​មាន​ទូក​ម៉ាស៊ីន​ចំនួន​៣​គ្រឿង និង​សម្ភារ​ឆក់​ត្រី​ជា​ច្រើន​សម្រាប់​ទៀត​ក៏​ត្រូវ​បាន​បង្ក្រាប​ដែរ ។

ទន្ទឹម​នឹង​ស្ថានភាព​លួច​ធ្វើ​នេសាទ​ខុសច្បាប់ នៅ​តែ​ជា​បញ្ហា​ប្រឈម​និង​ស្មុគស្មាញ ដែល​កំពុងតែ​គំរាម​កំហែង​​ដល់​ពពួក​ត្រី​ធម្មជាតិ​នេះ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក សៀន គិ​នបាន​អះអាង​ថា កម្លាំង​​ខណ្ឌ​រដ្ឋបាល​ជលផល បានត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដោយ​សហការ​ជាមួយនឹង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ និង​មន្ត្រី​អង្គការ​ពាក់ព័ន្ធ​នានា លើ​ចំណាត់ការ​បង្ក្រាប​បទល្មើស​នេសាទ ។

ពិសេស ​ផែនការ​ពង្រឹង​សហគមន៍​នេសាទ​ឲ្យ​ចូលរួម​សហការ​ក្នុង​ការ​ត្រួ​ពិនិត្យ និង​ល្បាត​ជាប់​ជា​ប្រចាំ ។ ការ​អភិរក្ស​និង​ថែទាំ​អន្លង់​ផ្សោត និង​អន្លង់​មេ​ពូជ​មួយ​ចំនួន​ក្នុង​ដែន​នេសាទ​ទាំង​២៨​ចំណុច និង​ស្រះ​ជម្រក​ត្រី​១០​កន្លែង និង​ការ​រុករក បន្ត​ស្រាវជ្រាវ​ស្រះ​ជម្រក​ត្រី​ថែម​ទៀត​ដើម្បី​កំណែទម្រង់​ទិន្នផល​ឲ្យ​កាន់តែ​កើនឡើង ។

លោក​បាន​លើក​ឡើង​ថា ដោយសារ​តំបន់​មួយ​ចំនួន​នៅ​មាន​ភាព​ស្មុគស្មាញ វិសាលភាព​ទន្លេធំ និង​មានកូន​កោះ​ច្រើន ទើប​ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​ងាយ​លាក់ខ្លួន​ពី​ការ​ចុះ​ល្បាត​របស់​សមត្ថកិច្ច​ជំនាញ ក៏​ដូច​ជា​មន្ត្រី​ឆ្មាំ តែ​យ៉ាងណា​ក៏​ដោយ​ក្រុម​អាជ្ញាធរ​នៅ​តែ​បង្កើន​សកម្មភាព​ល្បាត​រុករក​ដើម្បី​ទប់ស្កាត់ រាល់​ជនខិលខូច​ដែល​លួច​នេសាទ ៕

អត្ថបទសរសេរ ដោយ