ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​ រចនា​ពេជ្រ​ ទើប​តែ​បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​ ប្រឹង​ប្រែង​កសាង​ជីវិត​សិល្បៈឱ្យ​កាន់​តែ​ល្បី​ឡើង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​សម្ដែង​វ័យ​ក្មេង​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាជីព​លូត​លាស់​ឥត​ឈប់ឈរ​ គឺ​កញ្ញា​ជុំ​ រចនា​ពេជ្រ​ ។​ បច្ចុប្បន្ន​នាង​ពង្រីក​ទី​ផ្សារ​សិល្បៈ​បាន​ច្រើន​ជាង​មុន​ ។​ រចនា​ពេជ្រ​ ទើប​តែ​បង្កើត​ក្រុម​រាំ​ និង​ចុះកិច្ច​សន្យា​ថត​រឿង​ភាគ​ពីរ​រឿង​ ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ តារា​វ័យ​ក្មេង​រូប​នេះ​កាន់​តែ​ផុស​ត្រដែត​ឡើង​ក្នុងពិភព​សិល្បៈ​ ។

រាជធានីភ្នំពេញ​ ៖ តារា​សម្ដែង​វ័យ​ក្មេង​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាជីព​លូត​លាស់​ឥត​ឈប់ឈរ​ គឺ​កញ្ញា​ជុំ​ រចនា​ពេជ្រ​ ។​ បច្ចុប្បន្ន​នាង​ពង្រីក​ទី​ផ្សារ​សិល្បៈ​បាន​ច្រើន​ជាង​មុន​ ។​ រចនា​ពេជ្រ​ ទើប​តែ​បង្កើត​ក្រុម​រាំ​ និង​ចុះកិច្ច​សន្យា​ថត​រឿង​ភាគ​ពីរ​រឿង​ ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ តារា​វ័យ​ក្មេង​រូប​នេះ​កាន់​តែ​ផុស​ត្រដែត​ឡើង​ក្នុងពិភព​សិល្បៈ​ ។

កញ្ញា​បេប៊ី​ បាន​បង្កើត​ក្រុម​រាំ​ផ្ទាល់​ខ្លួន​មួយ​ដើម្បី​សម្ដែង​តាម​ស្ថានីយ​ទូរទស្សន៍​​ ។​ នាង​បង្កើត​ក្រុម​រាំ​នេះ​ក្នុង​ន័យ​កសាង​ខ្លួន​ឱ្យ​កាន់​តែ​លេច​ធ្លោ ខណៈ​តារា​ចម្រៀង​លេច​ធ្លោ​ជា​ច្រើន​ដួង​ទៀត​មាន​ក្រុម​រាំ​ដែរ​ ។​ ក្នុង​ពេល​បេប៊ី​ឡើង​ច្រៀង​បទ​ញាក់​អម​ជា​មួយក្រុម​រាំ​របស់​នាង​គឺ​នាង​ឆក់​អារម្មណ៍​អ្នក​ទស្សនា​ ដោយ​សារ​តែ​ក្បាច់​រាំ​របស់​ពួក​នាង​រស់​រវើក​ ។​

កញ្ញា​ជុំ​ រចនា​ពេជ្រ​ ហៅ​បេប៊ីដែលកាន់​តែ​ជោគ​ជ័យ​ក្នុងទំព័រ​សិល្បៈ និង​កាន់តែ​មាន​រូប​រាង​ស្រស់​ស្អាត​​ មុខ​មាន​មន្ដ​ស្នេហ៍​រូប​នេះ​ប្រាប់​កោះ​សន្ដិភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ដើម្បី​ឱ្យ​រូប​នាង​ពេល​ឡើង​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​មាន​ភាព​ប្លែក​ ចៀស​វាងភាព​ ដដែល​ៗ នាង​បាន​បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​មួយ​​ ។​ សម្រាប់ការ​ឡើង​រាំ​មាន​ក្រុម​ ក្រោយ​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នេះ​ នាង​យល់ថា​ មិន​ទាន់​ល្អ​មួយរយ​ភាគ​រយ​ទេ​ គឺ​នៅខ្វះ​ចន្លោះ​ខ្លះ​ ដោយ​សារ​តែ​ហាត់​ ភ្លាមៗ​ ហើយ​ទៅ​សម្ដែង​ ។​ ដោយ​សារ​មាន​ការ​លើក​ទឹក​ចិត្ដ​ពីមិត្ដ​ភក្ដិ​ ក៏​ដូច​ជា​ក្រុមគ្រួសារ​ នាង​បាន​ប្រមូល​គ្នីគ្នា​ហាត់​រាំ​នៅ​ផ្ទះ​របស់​នាង​ដើម្បី​ឱ្យ​ការបង្ហាញ​ស្ទីល​រាំ​របស់​នាង​កាន់តែ​ល្អ​សម្រាប់​បម្រើការ​កម្សាន្ដ​របស់​អ្នក​គាំទ្រ​ និង​ទស្សនិក​ជន​ទូទៅ ។

សិស្ស​ភាសា​អង់គ្លេស​ប្រចាំវិទ្យា​ស្ថាន​ប៊ែលធី​រូប​នេះ​ឱ្យ​ដឹង​ថា​ ក្រៅ​ពី​បង្កើត​ក្រុម​រាំ​ នាង​ទើប​តែ​ចុះកិច្ច​សន្យា​ថតរឿង​ភាគ​ឱ្យ​ផលិត​កម្ម​រ៉ុក​និង​ផលិតកម្មមហាហង្ស​​ ។ ចំពោះរឿង​នៅ​ផលិត​កម្ម​រ៉ុក​ នាងមិនទាន់​ហ៊ាន​ជម្រាប​ជូន​ពី​ចំណង​ជើង​ទេ​ រង់ចាំ​ការ​បង្ហាញ​សាច់រឿង​ពេល​ចាក់​បញ្ចាំង​ ។ រឿង​របស់​ផលិត​រ៉ុក​នោះមាន​តួ​ឯកស្រី​បី​ដួង​ ហើយ​នាង​ជា​តួ​កាច​ឆ្នាស​កាច់កុង​គ្នា​ ។ ពេល​សម្ដែង​នាង​នឹង​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​ឱ្យ​សម​នឹង​តួ​អង្គ​ចរិត​ឆ្នាស​ឆ្នើម​ ។​ ម៉្យាង​ទៀត​ តួ​ឆ្នាស​នេះ​ត្រូវ​នឹង​ចំណូល​ចិត្ដ​ ឬ​អត្ដ​ចរិត​របស់​នាង​ ។ តារា​ដែល​ផ្ដាច់ស្នេហ៍​ឧកញ៉ា​ស្រវា​សិល្បៈរូប​នេះ​អះអាង​ថា​ សម្រាប់​ឆ្នាំ​២០១៤នេះ​ នាង​បង្ហាញ​ទាំង​អាជីព​សម្ដែង​ បង្ហាញ​ម៉ូដ​ ពិធីការិនី​ និង​ក្រុម​រាំ​ថ្មី​ ។​

រចនា​ពេជ្រ​ រំពឹង​ថា​ មហាជននឹង​រិះគន់​ និង​ស្ថាបនា​រាល់ការ​សម្ដែង​របស់នាង​ ដោយ​នាង​មិន​អន់​ចិត្ដ​ឡើយ​ ដើម្បី​ឱ្យការ​សម្ដែង​របស់​ខ្លួន​កាន់​តែ​ល្អ​ឡើង​ ។ នាង​មិនហ៊ាន​កំណត់​ថា​ ការ​សម្ដែង​របស់នាង​ល្អ​ទេ​ អាស្រ័យ​លើអ្នក​ទស្សនា​វិនិច្ឆ័យ​ ។ ទាក់​ទិន​នឹង​ការ​បើក​បេះ​ដូង​ទទួល​យក​ស្នេហា​ រចនា​ពេជ្រ​ និយាយ​ថា​ «រាល់​ថ្ងៃ​មិន​អត់​មាន​អ្នក​ស្រឡាញ់​ទេ តែ​នាង​ខ្ញុំ​មិន​ទទួល​ ។ នាង​ខ្ញុំ​សុំត្រឹម​តែ​ស្គាល់​គ្នា​ ធម្មតា​ៗ​ទៅ​បាន​ហើយ​ ព្រោះ​គិត​តែ​សិល្បៈ​ និងរៀប​ផែន​ការ​រៀន​បន្ដ​ទៀត​ទាន់​នៅ​ក្មេង​ ឯ​ស្នេហា​អីនោះ​ពិត​ជា​មិន​ហ៊ានអើពើឡើយ​»​ ។ ចំណុច​នេះ​ ម្ដាយ​របស់​បេប៊ី​មានប្រសាសន៍​ថា​ «​កូនស្រី​ខ្ញុំ​មាន​គេ​សុំ​ស្រឡាញ់​ច្រើនណាស់ ដូច្នេះ​បើសិន​ជា​ខ្ញុំ​មិន​តាម​មើល​នាង​ទេ​ គឺ​មិន​បាន​ទេ​ ព្រោះ​នាង​នៅក្មេង​ណាស់​ ។

ខ្ញុំ​ជា​ម្ដាយ​មិនដែល​ទៅ​ច្រងេង​ច្រងាង​ ទៅ​ស្រែក​ថា​ឱ្យ​គេ​នោះ​ទេ​ ឱ្យ​តែ​មក​និយាយ​គ្នា​ ទុកកិត្ដិយស​ឱ្យ​មនុស្ស​ស្រី​ ហើយ​ខ្ញុំ​ក៏មិន​ទុកកូន​ស្រី​អី​ដែរ​ គឺ​ត្រូវ​តែ​មាន​គូ​ តែ​សុំ​ឱ្យ​ចាស់ចិត្ដ​ជាង​នេះ​សិន​ ។ ម៉្យាង​ទៀត​ ខ្ញុំ​បើក​ផ្លូវ​ឱ្យ​ជា​និច្ច​ បើ​សិន​ជា​ស្រឡាញ់កូន​ខ្ញុំ​ត្រូវ​គោរព​ប្រពៃណី​ខ្មែរ​ ចូល​តាម​ច្បាប់​ទម្លាប់​ គោរព​គ្នា​ នោះ​ខ្ញុំ​នឹង​ឱ្យ​កូន​ពិចារណា​ ។​ បើសិន​ជា​ចេញ​មក​កោង​កាច​នោះ​ ខ្ញុំ​មិន​ឱ្យ​កូន​ស្រី​ទៅ​ជិត​ទេ​»​ ៕