ខេត្តកណ្តាល ៖ បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេលចំនួន០៨ខែពីបទ«គំរាមកំហែងថានឹងសម្លាប់»ចេញមកវិញបានធ្វើសកម្មភាពស្រែកខ្ចីម៉ូតូគេម្ចាស់គេមិនឱ្យឡើងជិះម៉ូតូរត់ត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ខាន់ សាវី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ រីឯជនសង្ស័យឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ធ្លាប់ជាប់ពន្ធនាគារ១លើក(ខេត្តកណ្ដាល)រយៈពេលចំនួន០៨ខែពីបទគំរាម «កំហែងថានឹងសម្លាប់» ប្រព្រឹត្តនៅភូមិ-ឃុំកើតហេតុ ។
សាក្សីបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី ឈ្មោះ ខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំព្យាបាលក្រពះស្រាប់តែមានឈ្មោះ ធឿន ធា បានដើរមកដល់ស្រែកខ្ចីម៉ូតូរបស់ឈ្មោះ ខាន់ សាវី ប៉ុន្តែឈ្មោះ ខាន់ សាវី ប្រកែកថាមិនឲ្យទេ តែឈ្មោះ ធឿន ធា នៅតែចាក់សោរម៉ូតូ(សោរនៅជាប់និងម៉ូតូស្រាប់)ជិះចេញយ៉ាងលឿនបាត់ទៅ ។
ភ្លាមនោះឈ្មោះ ខាន់ សាវី បានតេទូរស័ព្ទរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ក្រាំងយ៉ូវបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងសមត្ថកិច្ចរដ្ឋបាលក្រាំងយ៉ូវសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយបានឃាត់ខ្លួនឈ្មោះ ធឿន ធា រួមនឹងវត្ថុតាងខាងលើនៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ