រាជធានីភ្នំពេញ ៖ នាងខាត់ សុឃីម កំពុងតែនាំបងនាំប្អូនហាត់សមភ្លេងខ្មែរត្រៀមចេញទៅសម្តែងនៅអូស្ត្រាលីអំទ្បុងខែកក្កដា ឆ្នាំ២០១៤ ។ ការចេញទៅសម្តែងនេះ ខាត់ សុឃីម នឹងនាំក្រុមគ្រួសារទៅចំនួន១០នាក់ឯណោះ ។
កាលពីពេល ថ្មីៗនេះ អ្នកនាង ខាត់ សុឃីម ប្រាប់កោះសន្តិភាពថា គម្រោងសម្តែងនៅប្រទេសអូស្ត្រាលីនេះ អ្នករៀបចំនាំទៅចង់បានបងប្អូននាងទៅសម្តែងមិនដល់១០នាក់ទេ គឺចង់បានតែ៣ឬ៤នាក់ប៉ុណ្ណោះ ព្រោះបើទៅច្រើននាក់ត្រូវចំណាយច្រើនណាស់ ។ ដូច្នេះហើយទើបនិយាយគ្នាមិនត្រូវទេ ព្រោះនាងចង់ឱ្យបងប្អូន និងឪពុកម្តាយសរុបចំនួន១០នាក់ បានទៅសម្តែង តែអ្នករៀបចំកម្មវិធីមិនទាន់ឯកភាព ។ ពេលវេលារំលងផុតទៅមួយរយៈ ទើបអ្នករៀបចំកម្មវិធីបានឯកភាពស្ទើរតែទាំងស្រុង ដោយគ្រោងនាំក្រុមគ្រួសារនាងចំនួន១០នាក់ ទៅសម្តែងក្នុងឆ្នាំនេះ ។ ដូច្នេះហើយ ម្នាក់ៗរៀបចំខ្លួនដូចជា ហាត់ភ្លេងឱ្យបានច្រើនជាងមុន និងកាន់តែស្ទាត់ជំនាញដើម្បីសម្តែង ។ ពួកនាងបានសិទ្ធិចេញទៅសម្តែងនៅខែកក្កដា ។
ខាត់ សុឃីម និយាយថា ពួកនាង ម្នាក់ៗសប្បាយចិត្តណាស់ ព្រោះឱកាសទៅអូស្ត្រាលីនៅខែកក្កដា ត្រូវអស់កម្មវិធីច្រៀងកាត់សក់មង្គល និងមិនសូវមានកម្មវិធីចេញសម្តែងនៅក្នុងស្រុកទេ ។ ម្នាក់ៗស្រទ្បះចិត្ត និងចាត់ទុកថា ពិតជាសំណាងម៉្យាងដែរ បានទៅអូស្ត្រាលីប៉ះចំខែភ្លៀងនៅស្រុកខ្មែរ ។ នេះជាការចង់បានរបស់នាងផង និងប្អូននាងផង ។
ខាត់ សុឃីម និយាយថា «ពួកយើងនឹងនាំឧបករណ៍ភ្លេងខ្មែរយកទៅប្រគំនៅទីនោះ ដែលជាអត្តសញ្ញាណជាតិយើងជាមួយការច្រៀងបទចម្រៀងប្រពៃណីខ្មែរ ព្រមទាំងលើកឈុតឆាកសម្តែងអាយ៉ៃផងដែរ ។ ពួកយើងទាំងអស់មានអារម្មណ៍ភ័យផង អរផង ត្រូវរិះរកចំណុច ថ្មីៗជាច្រើនទៀត ដើម្បីឱ្យកម្មវិធីសប្បាយនិងប្លែក ទ្វេដង ។ អីុចឹងហើយ ទើបយើងប្រមូលផ្តុំគ្នាហាត់ភ្លេងជា បណ្តើរៗ ដើម្បីឱ្យមើលទៅកាន់តែមានភាពប៉ិនប្រសប់ទ្វេថែមទៀត ទោះជាក្រុមគ្រួសារយើងជាអ្នកភេ្លងខ្មែរតាំងពីណាពីណីមកក៏ដោយ» ។
អ្នកនាង ខាត់ សុឃីម រំពឹងថា ការចេញដំណើរទៅសម្តែងរបស់ក្រុមគ្រួសារនាង នាពេលខាងមុខនឹងទទួលបានផ្លែផ្កាល្អតាមរយៈការបង្ហាញទម្រង់សិល្បៈបុរាណខ្មែរ ៕
ចែករំលែកព័តមាននេះ