រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីនបានប្តេជ្ញារួមគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត បន្ទាប់ពីក្រសួងការពារជាតិនៃប្រទេសទាំង២ បានចុះអនុស្សរណៈរួមគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ ។
ការប្តេជ្ញារួមគ្នានោះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឧត្តមសេនីយ៍ ទោឡេណាត អាហ្គុសស្ទីន (Lenard Agustin) មេបញ្ជាការកងពលធំថ្មើរជើងលេខ៧ នៃកងទ័ព ជើងគោកហ្វីលីពីន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទកាលពីរសៀលថ្ងៃទីចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ គណៈប្រតិភូកងហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសបាន មកចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពល តូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកង ទ័ពជើងគោក ។
លោក ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោក សូមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីនក៏ដូចជា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ក្រោយពីក្រសួង ការពារជាតិនៃប្រទេសទាំងពីរបានចុះអនុស្សរណៈរួមគ្នាកាលពីឆ្នាំ២០១៧ ដែលបានបើក ឱកាសឲ្យកងទ័ពទាំងពីរអាចធ្វើការជាមួយគ្នា និងជួយគ្នាទៅវិញទៅមក ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិនៃការបង្កើតកងទ័ព ជើងគោកកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលនៃការកសាងសន្តិភាពរហូតមកដល់ បច្ចុប្បន្ននេះ ដោយចំពោះមុខកងទ័ពជើងគោកកម្ពុជាក៏កំពុងអនុវត្តផែនការកំណែទម្រង់ របស់ខ្លួនផងដែរ ដែលក្នុងនោះកិច្ចការជាអាទិភាព គឺការកសាងធនធានមនុស្សក្នុងកងទ័ព។ ឧត្តមសេនីយ៍ទោ ឡេណាត អាហ្គុសស្ទីន (Lenard Agustin) មេបញ្ជាការកងពលធំថ្មើរជើង លេខ៧នៃកងទ័ពជើងគោកហ្វីលីពីន បានថ្លែងអំណរគុណផងដែរចំពោះមេបញ្ជាការកងទ័ព ជើងគោកកម្ពុជា ដែលបានទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពហ្វីលីពីន ។ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើត កងពលតូចលេខ៧០នាពេលថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ