ខេត្តបាត់ដំបង ៖ ដំរីព្រៃឈ្មោលដ៏ធំមួយក្បាល ក្នុងចំណោមសត្វដំរីព្រៃជាច្រើនក្បាលទៀត បានដើរឡើងតាមផ្លូវចំណោតពីទឹកដីខេត្តត្រាតនៃប្រទេសថៃ មកកាន់ច្រកទ្វារតំបន់៤០០ ក្នុងស្រុកសំឡូត រួចទាញកាច់បំបាក់បារ៉ាស់ប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែនខាងភាគីកម្ពុជា បណ្ដាលឲ្យបាក់បែកខូចខាតអស់គ្មានសល់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ តុលា ខណ:បារ៉ាស់ខាងភាគីថៃ បានលើកផុតដោយសារបានដឹងមុនពេលសត្វដំរីនោះដើរសំដៅមកកាន់ប៉ុស្ដិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន ។

មន្ត្រីព្រំដែនខ្មែរបានឲ្យដឹងទៀតថា សត្វដំរីព្រៃមួយក្បាលនោះ ទំនងចុះប្រេងបានដើរមកពីខាងចំណោតនៃទឹកដីថៃ នាពេលយប់ឆ្ពោះមកកាន់ប៉ុស្ដិ៍ត្រូតពិនិត្យច្រកទ្វារតំបន់«៤០០» ខណ:មន្ត្រីព្រំដែនប្រចាំច្រកទ្វារ«៤០០»ទាំងកម្ពុជានិងថៃដេកលក់ស្ទើរគ្រប់គ្នាទៅហើយ ។ ដំរីព្រៃឈ្មោលដ៏ធំ១ក្បាលនោះ ទំនងចុះព្រេងផង បានដើរឡើងមកពីខាងថៃ ឆ្ពោះមកកាន់ប៉ុស្ដិ៍ត្រូតពិនិត្យអុកឡុកឆ្មាំទ្វារព្រំដែនផ្អើលរត់ទាំងកណ្ដាលយប់ ។

មន្ត្រីព្រំដែនដដែលបានបន្តថា ពេលនោះខាងទាហានថៃ បានឃើញដំរីដើរសំដៅមកកាន់ប៉ុស្តិ៍ច្រកទ្វារព្រំដែន ក៏ស្ទុះស្ទារប្រញ៉ាប់បើកបារ៉ាស់ វាបានដើរឆ្លងចូលព្រំដែនកម្ពុជា ប្រហែល១០ម៉ែត្រអត់ឃើញមានអ្នកបើករបាំងក៏ទាញបារ៉ាស់កុងត្រូលកាច់បំបាក់អស់គ្មានសល់ ធ្វើឲ្យមន្ត្រីនានាខាងខ្មែរនាំគ្នាភ្ញាក់ពីដេករត់ចេញពីក្នុងប៉ុស្ដិ៍យាមរៀងៗខ្លួន តែមិនបង្កគ្រោះថ្នាក់ណាមួយដល់មនុស្សទេ ។

ដំរីនោះបានត្រឡប់ចូលទឹកដីថៃវិញទាំងយប់ក្រោយពីវាបានវាយប្រហារបារ៉ាស់ត្រូតពិនិត្យខាងកម្ពុជាឲ្យបាក់ខ្ទេចខ្ទីអស់ ខណ:កុងត្រូលខាងភាគីថៃ រួចផុតពីការវាយប្រហារព្រោះលើកផុត ពេលឃើញដំរីដើរសំដៅមក ពាក់ព័ន្ធនឹងដំរីព្រៃនៅទឹកដីថៃនេះ បើតាមប្រភពពីទាហានថៃបានឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានដំរីព្រៃមួយហ្វូងធំនេះ បានវាយប្រហារបំផ្លិចបំផ្លាញផលដំណាំរបស់ពលរដ្ឋថៃ អស់ជាច្រើនកន្លែង នៅជិតព្រំដែនខ្មែរ-ថៃ ក្នុងស្រុកបររ៉ៃ ខេត្តត្រាតដែលជាប់ព្រំប្រទល់ស្រុកសំឡូត ។ គេសង្ស័យថា ដំរីឈ្មោលមួយក្បាលដែលចូលវាយប្រហារប៉ុស្តិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន៤០០នេះ គឺជាក្រុមហ្វូងដំរីនោះដែរ ។

មន្ត្រីប្រចាំច្រកទ្វារព្រំដែន៤០០ បានបញ្ជាក់ថា ទាំងខាងភាគីថៃ ទាំងខាងភាគីកម្ពុជា ដែលដេកយាមប៉ុស្ដិ៍ច្រកទ្វារ៤០០ ខាងលើនេះបានរត់ព្រាតពេលដំរីចូលអុកឡុក ។ ប៉ុន្តែយ៉ាងណាសត្វដំរីចុះប្រេងមួយក្បាលដ៏ធំសម្បើមនោះ មិនបង្កគ្រោះថ្នាក់ដល់ឆ្មាំព្រំដែន នៃភាគីទាំង២នោះទេ តែវាបានវាយបំផ្លាញកុងត្រូលប៉ុស្ដិ៍ត្រូតពិនិត្យខាងភាគីកម្ពុជា ខណ:កុងត្រូលខាងភាគីថៃ ដែលនៅឆ្ងាយពីគ្នាប្រហែលជាង១០ម៉ែត្រ បានរួចផុតពីការបំផ្លាញដោយសារលើកផុត មុនពេលឃើញដំរីនោះដើរមកដល់ ។ ទោះយ៉ាងណា ក្រោយពីបង្កការអុកឡុក ធ្វើឲ្យឆ្មាំទ្វារព្រំដែនទាំង២ភាគីភ័យបះសក់មួយប្រាវ ។ មិនយូរប៉ុន្មានដំរីព្រៃចុះប្រេងមួយក្បាលនោះ ក៏បានវិលត្រឡប់ចូលទៅទឹកដីថៃវិញ ទាំងកណ្ដាលយប់យ៉ាងរំភើយហើយចូលព្រៃបាត់ទៅ ។

មានការកត់សម្គាល់ថា កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ដំរីស្តរធំមួយក្បាលដែលចេញពីព្រៃក្នុងដីថៃក៏ធ្លាប់បានចូលមកអុកឡុក ភូមិអ្នកស្រុកខ្មែរអស់រយៈពេលច្រើនថ្ងៃ នៅខេត្តបន្ទាយមានជ័យបំផ្លាញផលដំណាំកសិករ ។ ការចូលមកអុកឡុកក្នុងភូមិអ្នកស្រុកនេះក៏ស្ថិតក្រោមការឃ្លាំមើលពីក្រុមមន្ត្រីជំនាញថៃផងដែរ ក្នុងបំណងតាមដានដំណើររបស់សត្វព្រៃនេះ ៕



ចែករំលែកព័តមាននេះ