ខេត្តព្រៃវែង ៖ ជនសង្ស័យចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជនទាំង០៩នាក់ នេះបានរួមគ្នាធ្វើសកម្មភាព វាយសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូ០១គ្រឿង កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី៨ មេសា នៅលើផ្លូវខ្នងទំនប់មួយកន្លែងក្បែរស្ពានទួលក្តួច ស្ថិតក្នុងភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក។
លោកវរសេនីយ៍ឯក សេង សុភក្រ័ ស្នងការរងនគរបាលខេត្តព្រៃវែងឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កាន់ ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្នួល ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ត្រូវក្រុមជនល្មើសយកដុំថ្មវាយចំក្បាល បណ្តាលឱ្យបែកផុងលលាដ៍និងព្រួតវាយទាត់ធាក់រហូតសន្លប់ ទើបសែងយកទៅទម្លាក់ទឹកពីលើស្ពានទួលក្តួច លុះមួយសន្ទុះក្រោយមកក៏ចុះទៅស្រង់មកវិញ ពិនិត្យមើលដឹងថា ស្លាប់ហើយទើបនាំគ្នាដឹកយកទៅទម្លាក់ចោល នៅចំណុចផ្លូវខ្នងទំនប់ក្បែរស្ពានតារទេះសេះ ដែលមានចំងាយ០១គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ក្រោយពីធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះហើយ ក្រុមជនល្មើស បានយកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ តាកែវ ១A-០៦២៥ ជិះយកទៅបាត់ ឯអ្នកខ្លះនាំគ្នាដើរទៅដេកផ្ទះវិញ ធ្វើដូចមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។ លុះព្រឹកឡើងវេលាម៉ោងជាង៦ព្រឹក ក៏មានអ្នកស្រុកប្រទះឃើញសពជនរងគ្រោះ និងរាយការណ៍មកសមត្ថកិច្ច ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ទើបមានការភ្ញាក់ផ្អើលដឹងថាមានករណីប្លន់សម្លាប់កើតឡើង។
ចែករំលែកព័តមាននេះ