ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតឈានចូលមកដល់ មានក្រុមពលរដ្ឋចំណាកស្រុកខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់នាំគ្នាសម្រុកត្រឡប់មកមាតុភូមិវិញយ៉ាងភ្លូកទឹក ភ្លូកដីដូចគេហែកឋិនធ្វើឱ្យអាជ្ញាធរថៃស្រក់ទឹកមាត់ ម្នាក់ៗរីកមុខដូចគ្រាប់ជីត្រូវទឹកអ៊ីចឹងពីព្រោះរដូវផ្ការីកឈានចូលមកហើយ ដោយមន្ត្រីថៃទាំងនោះនាំគ្នាដាក់កុងត្រូលជជុះបណ្តាក់គ្នាដូចខ្យងចាំកាក់ជម្រិតទារលុយពីក្រុមពលករខ្មែរដែលជិះរថយន្តត្រឡប់មកពីស្រុកកំណើតវិញយ៉ាងឥតអៀនខ្មាស់។
តាមប្រភពពីក្រុមពលករខ្មែរជាច្រើនរយនាក់បានឱ្យដឹងថា ប៉ូលិសថៃនៅក្នុងខេត្តស្រះកែវ ស្ថិតក្នុងស្រុកអារញ្ញបានដាក់កុងត្រូលជជុះចំនួន៤កន្លែងដើម្បីចាំស្ទាក់រថយន្ត និងជម្រិតយកលុយពីក្រុមពលករខ្មែរយើង គឺជម្រិតគ្មានរើសមុខទាំងអ្នកមានលិខិតស្នាមត្រឹមត្រូវ(ប៉ាស្ព័រ) និងអ្នកដែលគ្មានប៉ាស្ព័រក៏ត្រូវពួកគេទារលុយ ក្នុងម្នាក់ៗចំនួន៣០០បាតយ៉ាងកំហិត ចំណែកអ្នកចំណាកស្រុកខុសច្បាប់ពី៣រយបាតឡើងទៅដល់មួយពាន់បាត។
ប្រភពបន្តថា ប៉ុស្តិ៍ជជុះទី១ឈ្មោះបាជីន តម្រូវឱ្យបង់លុយជូនប៉ូលិសថៃក្នុងម្នាក់៣រយបាត, ២-ប៉ុស្តិ៍បានកែង, ៣-ប៉ុស្តិ៍អារញ្ញ និង៤-ប៉ុស្តិ៍ខ្លងលីក សរុបទាំង៤ប៉ុស្តិ៍ខាងលើនេះពលករខ្មែរក្នុងម្នាក់ត្រូវចំណាយលុយអស់១.២០០បាតទើបអាចឆ្លងផុតបារ៉ាស់របស់គេបាន ប្រសិនជាគ្មានលុយឱ្យក្រុមប៉ូលិសថៃទេ ប្រាកដជាត្រូវគេសំឡុតគំរាមកំហែងប្រើហិង្សា ឬក៏អាចចាប់ដាក់គុកច្រវាក់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ