ខេត្តកំពង់ចាម ៖ បុរសចំណាស់មេជាងធ្វើផ្ទះឈើ ម្នាក់ឈ្មោះ សំ សារ៉ាត់ អាយុ៦០ឆ្នាំ នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ត្រូវកូនប្រុសទី២ឈ្មោះ ផាន់ ផៃ អាយុ២២ ឆ្នាំ កាប់ត្រូវប្រអប់ជើងស្តាំបាក់ឆ្អឹង០១ពូថៅ ដោយសារតែខឹងរអ៊ូដដែលៗរឿងបាត់ទូរស័ព្ទដៃណូគាចុចពិល១គ្រឿង ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង៧យប់ ថ្ងៃទី១០ មេសា នៅនឹងផ្ទះមេជាងនេះផ្ទាល់ ។ ភ្លាមៗជនរងគ្រោះត្រូវប្រពន្ធដឹកទៅសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ទាក់ទិននឹងករណីនេះ មេជាងធ្វើផ្ទះឈើឈ្មោះ សំ សារ៉ាត់ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ក្រោយពីបានធ្វើផ្ទះរបស់អ្នកភូមិចប់នោះ ក៏បានជិះម៉ូតូមកចូលផឹកស្រានៅផ្ទះរបស់ប៊ិច ភេទប្រុស ត្រូវជាក្មួយដែលមានចំងាយពីផ្ទះប្រហែលជា៥០០ម៉ែត្រ ដោយមានគ្នាជាច្រើននាក់រហូតស្រវឹងស្រឿងផងដែរ ។
លោកបន្តថា នៅវេលាម៉ោងជិត៧យប់ គាត់បានជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញ ដោយបានយកអាវទៅព្យួរនៅនឹងជញ្ជាំងក្រោមផ្ទះឈើ បន្តិចក្រោយមកបានដើរទៅស្ទាបរកទូរស័ព្ទស្រាប់តែបាត់ពីហោរប៉ៅអាវ មិនដឹងជាអ្នកណាយកនោះទេ ។ គាត់ក៏មកឈររអ៊ូដដែលៗនៅលើកាំជណ្តើរទី៤ មិនមានការចោទប្រកាន់លើកូនណាម្នាក់ឡើយ ។ រំពេចនោះស្រាប់តែកូនប្រុសឈ្មោះ ផៃ ស្ទុះទៅយកពូថៅមកកាប់ត្រូវប្រអប់ជើងស្តាំ រយៈហូរឈាមកក្លាក់តែម្តង ។ បន្ទាប់មកត្រូវបានប្រពន្ធដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យស្រុកមេមត់ តែដោយស្ថានភាពរបួសធ្ងន់ពេក ក៏ដឹកបន្តមកសង្រោ្គះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ បុរសចំណាស់មេជាងផ្ទះឈ្មោះ សារ៉ាត់ បញ្ជាក់ថា រូបគាត់ស្រវឹងចំណែកកូនប្រុសដែលកាប់គាត់នោះបានផឹកស្រាស្រវឹងស្រឿងៗដែរ នៅនឹងផ្ទះទំនងជាថារូបគាត់ស្តីបន្ទោស ទើបជាហេតុកាប់មកលើគាត់ត្រូវ១ពូថៅ ដូច្នេះករណីនេះមិនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកូនប្រុសនោះទេ ៕
ចែករំលែកព័តមាននេះ