ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានីធ្វើ​ការអំពាវ​នាវ ពង្រឹង​សន្តិសុខ-​សុវត្ថិភាព ​ឱកាស​បុណ្យចូល​ឆ្នាំថ្មីខាង​មុខ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេច​ក្តី​ជូន​ដំណឹង​​ស្តី​ពី​ការ​​រក្សា​សន្តិ​សុខ​​ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ នា​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​ជាតិ​ ត្រូវ​បាន​សាលា​រាជ​ធានី​ ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៩ មេសា មាន​ខ្លឹម​សារ​ថា ៖

រាជធានីភ្នំពេញ ៖ សេច​ក្តី​ជូន​ដំណឹង​​ស្តី​ពី​ការ​​រក្សា​សន្តិ​សុខ​​ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ នា​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​ជាតិ​ ត្រូវ​បាន​សាលា​រាជ​ធានី​ ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៩ មេសា មាន​ខ្លឹម​សារ​ថា ៖

​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ប្រពៃ​ណី​ជាតិ​ ឆ្នាំ​មមី ឆ​ស័ក ពុទ្ធ​សករាជ​​២៥៥៨​ គ្រឹស្ត​សក​រាជ​២០១៤​ ចាប់​ពី​ថ្ងៃ​​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ខាង​មុខ​នេះ​ សាលា​រាជ​ធានី​​ភ្នំពេញ​សូម​​ជម្រាប​ជូន​ដំណឹង​​ដល់​សាធារណ​ជន​ទាំង​អស់​​ឱ្យ​បាន​ជ្រាប​ថា​ ដើម្បី​រក្សា​​បាន​នូវ​សន្តិ​សុខ​​ សុវត្ថិ​ភាព​ សណ្តាប់​ធ្នាប់​​​សាធារណៈ និង​របៀប​រៀប​រយ​ក្នុង​រាជ​ធានី​​ ក៏​ដូច​ជា​រក្សា​បាន​នូវ​ប្រពៃណី​ជាតិ​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​​ដ៏​ផូរ​ផង់​របស់​ជាតិ​ ។ សាលា​រាជ​ធានី​​ភ្នំពេញ​​​សូម​អំពាវ​នាវ​​​ ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​​ក្មួយៗ​​​ជា​យុវ​ជន​​ យុវ​នារី​ សិស្ស និស្សិត​ កម្ម​ករ កម្ម​ការិនី​ ទាំង​អស់​ដូច​ខាង​ក្រោម ៖

១-​ត្រូវ​គោរព​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក និង​មិនត្រូវ​​បើក​បរ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ដើម្បី​ចៀស​វាង​​គ្រោះ​ថ្នាក់​ផ្សេងៗ ។ ២-​ចូល​រួម​ទប់​ស្កាត់​​គ្រោះ​អគ្គិ​ភ័យ​​ដោយ​ប្រុង​ប្រយ័ត្ន​​ និង​ម្ចាស់​ការ​ខ្ពស់​​​ចំពោះ​ភ្លើង​ទៀន​​-ធូប​ ភ្លើង​ចង្ក្រាន ចរន្ត​អគ្គិ​សនី​ ដើម្បី​រក្សា​បាន​​ទ្រព្យ​សម្បត្តិ​​ អាយុ​ជីវិត​ផ្ទាល់​ខ្លួន និង​អ្នក​ដទៃ ។
៣-​ចូល​រួម​លេង​ល្បែង​ប្រជា​ប្រិយ​​គ្រប់​ប្រភេទ​ និង​ចៀស​វាង​​ដាច់​ខាត​ការលេង​បាញ់​ទឹក​ ជះ​ទឹក​​ គប់​ស្បោង​ទឹក លាប​ធ្យូង​ ប៉ាត​ម្សៅ​ ទះ​គក់​ដោយ​ដៃ ឬ​វាយ​ដោយ​រំពាត់​​ដល់​អ្នក​ដំណើរ​ ឬ​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​លេង​នៅតាម​ផ្លូវ​ ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ជាយថា​ហេតុ​ ប៉ះ​ពាល់​​ដល់​អាយុ​ជីវិត​​ផ្ទាល់​ខ្លួន​ និង​អ្នក​ដំណើរ​ព្រម​ទាំង​ហាម​ដាច់​ខាត​​ការលេង​ល្បែង​​ស៊ីសង​ អុជ​ផាវ​ និង​គ្រឿង​ផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​រក្សា​បាន​​នូវ​ភាព​ថ្លៃ​ថ្នូរ​ ស័ក្តិ​សម​ជា​កុល​បុត្រ​​-​កុល​ធីតា​ខ្មែរ​ ។

សាលា​រាជ​ធានី​ភ្នំពេញ​​​សង្ឃឹម​​ជឿ​ជាក់​ថា​ បង​ប្អូន​ប្រជា​ពលរដ្ឋ​​​ក្មួយៗ​ជា​យុវ​ជន​ យុវ​នារី សិស្ស​ និស្សិត​ កម្ម​ករ​ កម្ម​ការិនី​ ទាំង​អស់​នឹង​ចូល​រួម​អនុ​វត្ត​តាម​ខ្លឹម​សារ​​ជូន​ដំណឹង​ខាង​លើ​ ។ ​ទទួល​បាន​​ការ​ជូន​ដំណឹង​នេះ​​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​សហ​ការ​​អនុ​វត្ត​​ និង​ផ្សព្វ​ផ្សាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ព្រម​ទាំង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​មិន​គប្បី​​​ខាង​លើ ដែល​បង្ក​ឱ្យ​ប៉ះ​ពាល់​​ដល់​ប្រពៃណី​ សេច​ក្តី​ថ្លៃ​ថ្នូររបស់​ជាតិ​​ ក៏ដូច​ជា​សន្តិ​សុខ​​ សុវត្ថិ​ភាព​ សណ្តាប់ធ្នាប់​​​សាធារណៈ និង​របៀប​រៀប​រយ​​ក្នុង​រាជ​ធានី​ភ្នំពេញ ៕ ​