រាជធានីភ្នំពេញ ៖ ក្រសួងទេសចរបានចេញនូវសារាចរណ៍ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត-ក្រុង ឱ្យរៀបចំនូវការពង្រឹងនូវផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សំដៅថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព សន្តិសុខ ព្រមទាំងលើកកម្ពស់សិល្បៈវប្បធម៌ បំផុសការចូលរួមគាំទ្រ និងលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរតាមមូលដ្ឋានទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះប្រទេសកម្ពុជាយើង ។
យោងតាមសារាចរណែនាំក្រសួងទេសចរណ៍ បានលើកឡើងនូវចំណុចចំនួន៧សំខាន់ៗ សម្រាប់គ្រប់មន្ទីរទេសចរណ៍ខេត្ត-រាជធានីអនុវត្តដែលរួមមាន ៖ ទី១-មន្ទីរទេសចរណ៍នីមួយៗត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ទីចំណតជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ ។
ទី២-ត្រូវសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈមន្ទីរអប់រំយុវជន និងកីឡា បំផុសចលនាឱ្យការប្រឡងចម្រៀងបុរាណសម័យ កំណាព្យ អាយ៉ៃ ចាប៉ី នៅតាមរាជធានី-ខេត្ត សង្កត់ធ្ងន់លើខ្លឹមសារស្តីពីសក្តានុពល និងសកម្មភាពទេសចរណ៍ដែលមានក្នុងមូលដ្ឋាន ។ ត្រូវរៀបចំឲ្យមានល្បែងប្រជាប្រិយគ្រប់ប្រភេទនៅតាមរមណីយដ្ឋានទៅតាមប្រពៃណីជាតិខ្មែរដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ស្តេចចង់។ល។ ម្យ៉ាងវិញទៀត ត្រូវជួយសម្រួល និងរៀបចំឱ្យមានការសម្តែងរបាំត្រុដិនៅតាមគោលដៅសំខាន់ៗ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ ។
ទី៣-សហការជាមួយមន្ទីរសុខាភិបាល ដើម្បីធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឱ្យចូលរួមថែរក្សាអនាម័យ ដោយលុបបំបាត់ការបោះសំរាម កាកសំណល់ផ្សេងៗក្រៅធុង ឬកន្ត្រកសំរាម និងត្រូវចាត់វិធានការតាមច្បាប់រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យត្រូវធានាឱ្យបានល្អប្រសើរ ។
ទី៤-ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ចូលរួមពង្រឹងគុណភាពផលិតផលទេសចរណ៍ចូលរួមទប់ស្កាត់ការជួញដូរប្រើប្រាស់គ្រឿងញៀន និងស៊ីសា ការធ្វើអាជីវកម្មជួញដូរផ្លូវភេទលើកុមារ និងទប់ស្កាត់រាល់សកម្មភាពក្មេងទំនើង និងត្រូវអនុវត្តតាមច្បាប់ និងការណែនាំរបស់រដ្ឋលើកម្ពស់គុណភាពសេវាកម្ម និងអនាម័យម្ហូបអាហារ ព្រមទាំងរក្សាតម្លៃផលិតផលិតផលនិងសេវាឱ្យបានសមរម្យមិនឱ្យមានការតម្លៃថ្លៃចំពោះសណ្ឋាគារផ្ទះសំណាក់ និងម្ហូបអាហារ ។
ទី៥-គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយតាមកាសែត វិទ្យុ ទូរទស្សន៍ ដើម្បីផ្សព្វផ្សាយស្ប៉តទេសចរណ៍ដែលបានអប់រំ និងចូលរួមជម្រុញចលនាប្រលងប្រណាំងរមណីយដ្ឋានស្អាត ។ ដោយឡែកមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមរៀបចំព្រឹត្តិការអង្គរសង្រ្កាន្តនៅអង្គរឱ្យបានជោគជ័យល្អប្រសើរ ។
ទី៦-មន្ទីរទេសចរណ៍ត្រូវសហការគ្នាចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីអប់រំផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ។
ទី៧-គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវជម្រុញឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន ទេសចរណ៍ទាំងអស់ចាក់ផ្សាយស្ប៉តអប់រំនៅតាមកន្លែងទទួលភ្ញៀវសម្រាប់ឱ្យភ្ញៀវទេសចរទស្សនា ។
ចែករំលែកព័តមាននេះ