ខេត្តកណ្តាល ៖ សមត្ថកិច្ចចម្រុះមាន នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនគរបាលសេដ្ឋកិច្ចខេត្ត សហការជាមួយអាជ្ញាធរ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៩ មេសា បានឆែកឆេរឃ្លាំងមួយកន្លែងរបស់ជនជាតិចិន នៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង រកឃើញសារធាតុគីមីរាវ និងម្សៅខុសច្បាប់ជាច្រើនតោន ដែលជនជាតិចិនជួលឃ្លាំងនេះពីអ្នកភូមិដើម្បីស្តុក ។
លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឱ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវដឹងថា ទីតាំងខាងលើមានលួចស្តុកសារធាតុគីមីខុសច្បាប់ និងដោយមានបញ្ជាពីលោកនាយឧត្តមសេនីយ៍ ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យកងកម្លាំងចុះសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដើម្បីត្រួតពិនិត្យ ។ នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៩ មេសា ទីតាំងឃ្លាំងស្តុកសារធាតុគីមីនៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ពេលកម្លាំងសមត្ថកិច្ចចម្រុះត្រួតពិនិត្យឃើញមានធុងជ័រដាក់សារធាតុគីមីរាវយ៉ាងច្រើន និងបាវច្រកសារធាតុគីមីម្សៅមួយចំនួនទៀត អាសុីតពណ៌ប្រផេះចំនួន៩ធុង មួយធុងមានចំណុះ៣០លីត្រ។ សារធាតុគីមីក្នុងធុងជ័រពណ៌ខៀវ គ្មានម៉ាកចំនួន៩៤ធុង មួយធុងចំណុះ២០០លីត្រ ។ ធុងដែកពណ៌ខៀវ ចំនួន១០ធុង ក្នុងមួយធុងចំណុះ២០០លីត្រ ។
ធុងពណ៌ស ចំនួន២៦ធុង ក្នុងមួយធុងចំណុះ១០លីត្រ និងបាវច្រកម្សៅគីមីចំនួន៦៨៤បាវ ស្មើនឹង១៥,៤៨០តោន ។ លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង ឱ្យដឹងទៀតថា យើងពុំបានធ្វើការពិសោធន៍ឱ្យបានច្បាស់លាស់ថា សារធាតុគីមីទាំងនេះជាអ្វីឱ្យពិតប្រាកដនៅឡើយទេ ។ ប៉ុន្តែលោកបានបញ្ជាក់ថា សារធាតុគីមីនេះ បើធ្លាក់ទៅដល់ដៃជនខិលខូច គឺអាចយកទៅផលិតជាសារធាតុញៀន និងកែច្នៃសម្រាប់លាយជាមួយម្ហូបអាហារ សាច់ នាំឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ។ លោកនិយាយថា ម្យ៉ាងទៀត សារធាតុគីមីទាំងនោះ គឺសុទ្ធតែខុសច្បាប់ទាំងអស់ ដែលជនជាតិចិនលួចលាយសារធាតុគីមីនៅក្នុងឃ្លាំង និងបាននាំចេញចែកចាយប្រើប្រាស់រួចហើយដែរ ។ ម្យ៉ាងទៀត ទីតាំងស្តុក និងលាយសារធាតុគីមីនេះ គឺនៅក្នុងភូមិជិតផ្ទះប្រជាពលរដ្ឋរស់នៅ ដែលអាចសាយភាយក្លិនចេញទៅខាងក្រៅ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅជិតខាងនោះផងដែរ ។
ប៉ុន្តែបើតាមអ្នកបកប្រែភាសាចិន ឱ្យដឹងថា សារធាតុគីមីទាំងនោះ គឺសម្រាប់លាយធ្វើសាប៊ូចែកចាយលក់តាមរោងចក្រកាត់ដេរ បោកគក់ ។
ម្ចាស់ឃ្លាំងខាងលើឈ្មោះ ខៀវ សំអាត ភេទប្រុស អាយុ៦១ឆ្នាំ ជួលឃ្លាំងទៅឱ្យជនជាតិចិនឈ្មោះ ចាង សុីងកៅ អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។ បច្ចុប្បន្ន ឈ្មោះ ចាង សុីងកៅ ជាម្ចាស់ស្តុកសារធាតុគីមី ត្រូវបាននគរបាលក្រសួងមហាផ្ទៃ នាំខ្លួនទៅសាកសួរ ។ ចំណែកសារធាតុគីមីទាំងអស់នោះ ត្រូវរឹបអូសយកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ