ខេត្តកំពត ៖ លំនៅឋានមួយកន្លែងមានទំហំ៥ម៉ែត្រx២៤ម៉ែត្រ រៀបឥដ្ឋមួយកំណាត់ក្រោម ខាងលើបាំងជញ្ជាំងក្តារ ដំបូលប្រក់ហ្វ៊ីប្រូស៊ីម៉ង់ត៍ បានត្រូវចោរមួយក្រុមចោះពិតានចូលទៅក្នុងបន្ទប់ដេក រើកកាយសម្ភារក្នុងបន្ទប់ រួចលួចយកបានប្រាក់៣០០ដុល្លារ និងលុយខ្មែរជាង៣លានរៀល ដែលម្ចាស់ផ្ទះដាក់នៅក្នុងទូដាក់សម្ភាររួចចាក់សោបន្ទប់ ហើយធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីទៅមើលបងប្អូនមានធុរៈនៅទីនោះ ។
ក្រោយពីចូលលួចប្រាក់ និងសម្ភារអស់មួយចំនួនហើយ ក្រុមចោរបានដុតបន្ទប់ដែលចូលលួចនោះទៀត បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយអន្តរាគមន៍ ដោយយកបំពង់បាញ់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍បានទាន់ពេលវេលា ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ មេសា នៅក្បែរដងផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ ម្ចាស់ផ្ទះដែលត្រូវចោរចូលលួចនិងដុតនេះ ប្តីឈ្មោះ គឹម ជូ អាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះ វួច អេង អាយុ៥៨ឆ្នាំ ជាអាជីវករលក់ដូរក្នុងផ្សារក្រុងកំពត ។
ក្រោយពីភ្លើងរលត់ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា មកពីទុស្សេបារ៉ែតភ្លើង នៅក្នុងបន្ទប់ ។ លុះព្រឹកឡើងម្ចាស់ផ្ទះមកដល់ សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ ក៏ឃើញមានស្នាមមនុស្សឡើងទៅលើដំបូល រួចកាត់ពិតានចូលទៅក្នុងបន្ទប់ រើកកាយសម្ភារក្នុងទូព្រមទាំងយកប្រាក់ខ្មែរ និងប្រាក់ដុល្លារដូចខាងលើ រួចពេលចោរចេញទៅវិញ ក៏ដុតសម្ភារក្នុងបន្ទប់នោះតែម្តង ។ នេះបើតាមការពិនិត្យស្លាកស្នាមរបស់ម្ចាស់ផ្ទះ និងសមត្ថកិច្ចធ្វើការសន្និដ្ឋានជុំវិញហេតុការណ៍ខាងលើ ។ សមត្ថកិច្ចសន្និដ្ឋានថា ចោរអាចជាមនុស្សធ្លាប់ស្គាល់ម្ចាស់ផ្ទះច្បាស់ ពីព្រោះបន្ទប់ពីរគឺបន្ទប់កូននៅជាប់គ្នា តែចោរមិនចូល បែរជាចូលបន្ទប់ឪពុកម្តាយទៅវិញ ពីព្រោះដឹងថាបន្ទប់ឪពុកម្តាយអាចមានសម្ភារសំខាន់ និងលុយកាក់ ៕
ចែករំលែកព័តមាននេះ