ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងវត្តទើបតែដំណើរការសាងសង់ជាប់ខ្សែបន្ទាត់ព្រំដែនក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៨ មេសា បន្ទាប់ពីមានពស់ថ្លាន់មួយក្បាលទម្ងន់រហូត៤២គីឡូក្រាម ប្រវែង៣,២ម៉ែត្របានលូនចូលវត្តនិងពងបានជាង៥០ទៀតផង ដែលអ្នកស្រុកមានជំនឿថានឹងនាំមកនូវសំណាងល្អ និងសេចក្ដីសុខ ។
មនុស្សម្នានាំគ្នាចេញចូលទៅមើលពស់ថ្លាន់មួយក្បាលនេះមិនចេះដាច់ ខ្លះអុជធូបបួងសួងសុំសេចក្ដីសុខ ខ្លះចូលបច្ច័យដើម្បីកសាងព្រះវិហារ។
ស្ត្រីចំណាស់ម្នាក់ឈ្មោះង៉ែត សាំ អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើនិយាយថា កាលពីយប់គាត់បានដេកយល់សប្ដិឃើញទេវតាជាច្រើនអង្គចុះមកពេញទីវត្តទើបសាងសង់ថ្មីនេះលុះព្រឹកឡើងស្រាប់តែប្រទះឃើញពស់ថ្លាន់មួយក្បាលនេះតែម្ដង ។ ចំណែកអ្នកស្រុកផ្សេងទៀតនិយាយថា ពស់ថ្លាន់មួយក្បាលនេះកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ត្រូវគេប្រទះឃើញលូនមកដេកនៅកណ្ដាលផ្លូវមិនព្រមទៅណាទេ ។ ដោយសារអ្នកស្រុកឃើញញឹកញាប់ខ្លាច ក៏ទាក់ទងទៅអាជ្ញាធរភូមិឱ្យជួយយកពស់ថ្លាន់នេះទៅដាក់នៅវត្តដែលកំពុងសាងសង់នេះ ។
ចាស់ៗក្នុងភូមិនិយាយថា ក្រោយហេតុការណ៍ឃើញពស់ថ្លាន់មួយក្បាលនេះវិលត្រឡប់ដល់វត្តវិញ ក្រោយពីនាំគ្នាយកទៅលែងយ៉ាងឆ្ងាយពីភូមិម្ដងមកហើយនោះ ក៏នាំគ្នាទៅឲ្យគេបញ្ចូលគ្រូមើលហើយគ្រូនោះនិយាយថា ពស់ថ្លាន់មួយក្បាលនេះមានឈ្មោះត្រឹមត្រូវគឺឈ្មោះនាងមាស និងមានបារមីនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនដល់ប្រជាពលរដ្ឋគ្រប់គ្នា ។ ព្រះសង្ឃមួយអង្គគង់នៅវត្តខាងលើព្រះនាមរ៉េត គន្ធាមនោរម្យ ព្រះជន្ម៣៦ឆ្នាំ មានថេរដីកាថា ពស់ថ្លាន់មួយក្បាលនេះក្រោយពីអាជ្ញាធរនិងអ្នកស្រុកយកមកដាក់នៅវត្តបានមួយយប់ ក៏នាំគ្នាយកទៅលែងនៅព្រៃក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ឆ្ងាយពីភូមិ ។ ប៉ុន្តែព្រឹកឡើងស្រាប់តែឃើញមកដល់វត្តវិញហើយមិនព្រមទៅណាទេ ទើបពុទ្ធបរិស័ទក៏ដូចជា គណៈកម្មការ និងព្រះសង្ឃក្នុងវត្តទទួលចិញ្ចឹមតែម្ដងទៅ ។
ប៉ុន្តែទើបតែទទួលចិញ្ចឹមបានប្រមាណមួយអាទិត្យប៉ុណ្ណោះស្រាប់តែ២ថ្ងៃកន្លងមកនេះមានពងដល់ទៅជាង៥០គ្រាប់ទៅហើយ ។ គួរបញ្ជាក់ថា វត្តមួយខាងលើនេះទើបតែដំណើរការសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនេះតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ