រាជធានីភ្នំពេញ ៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅប្របមាត់ទន្លេសាប ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ចំនួន១៩៦ខ្នងផ្ទះ លើចម្ងាយដីជាង២គីឡូម៉ែត្រ កំពុងប្រឈមនឹងការភ័យព្រួយខ្លាចបាក់ដី ក្នុងនោះមាន១២ខ្នង ត្រូវបានរុះរើចេញដោយសារការបាក់ស្រុតដីយ៉ាងគំហុកខុសប្រក្រតីតាមមាត់ច្រាំងទន្លេជាបន្តបន្ទាប់ ។
ដោយសារតែមានសំណូមពរពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី៨ មេសា មន្ត្រីជំនាញសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ជ្រាង សុផាន់ អភិបាលរងរាជធានី បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះ ។ លោកស្រីប្រធានភូមិដើមគ ក៏ដូចជាមន្ត្រីមូលដ្ឋានមួយរូប បានឱ្យដឹងថា បញ្ហានេះបានកើតឡើងដោយសារការបូមខ្សាច់ចេញពីសាឡង់ក្នុងទន្លេ និងដាក់ទុយោចូលទៅកាន់់តំបន់អភិវឌ្ឍន៍ជ្រោយចង្វាប្រមាណជាង១០កន្លែង ដែលបង្កឱ្យផ្ទះប្រជាពលរដ្ឋចំនួន២២គ្រួសារទទួលរងនូវផលប៉ះពាល់ ក្នុងនោះមាន១២គ្រួសារប្រឈមនឹងការរុះរើផ្ទះសម្បែងចេញតែម្តង ។
ចំណែកអ្នករស់នៅដែលទទួលរងការប៉ះពាល់ទាំងនោះនិយាយថា លំនៅឋានរបស់ពួកគាត់នៅតាមបណ្តោយដងទន្លេសាបខាងលើនេះ តែងទទួលរងការគំរាមកំហែងដោយការបាក់ស្រុតដីចូលទៅក្នុងទន្លេជាបន្ដបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយការបាក់ដីស្រុតលឿនបែបនេះ មិនធ្លាប់មានពីមុនមកទេ ។ ប៉ុន្តែបន្ទាប់ពីមានការបូមខ្សាច់មក ទើបមានការបាក់ស្រុតជាបន្ដបន្ទាប់រហូតមកដល់ពេលនេះ ។ ទាក់ទងនឹងបញ្ហាខាងលើនេះ លោក ជាក អាង ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដែលចុះអមដំណើរលោក ជ្រាង សុផាន់ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះក៏ដូចមន្ដ្រីជំនាញថា ករណីបាក់ស្រុតដីខាងលើនេះមន្ទីរកំពុងធ្វើការសិក្សា រង់ចាំលទ្ធផលស្រាវជ្រាវលម្អិត តែវាអាចមានកត្ដា២ គឺ១-ផ្ដើមចេញពីមនុស្ស និង២-កត្ដាធម្មជាតិ ។
ទោះបីលោកប្រធានមន្ទីរបរិស្ថានអះអាងមិនច្បាស់បែបនេះក្តី ក៏ប្រជាពលរដ្ឋនិយាយចំៗថា ជាក់ស្ដែងណាស់ ការបាក់ស្រុតដីនោះដោយសារការបូមខ្សាច់តែម្ដង គឺកត្ដាមនុស្ស ។ ក្នុងឱកាសនោះលោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា បញ្ហានេះដាច់ខាតត្រូវតែមានការសិក្សាពីស្ថានភាពដី ឱ្យបានច្បាស់លាស់ តើនៅខាងក្រោមដីអាចមានចរន្ដទឹកជ្រាប ឬយ៉ាងណា ទើបបង្កឱ្យមានការបាក់ស្រុតបែបនេះ ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី សាលារាជធានីភ្នំពេញនឹងធ្វើការសិក្សាឱ្យបានច្បាស់លាស់មួយ ជុំវិញការបាក់ស្រុតដីដែលជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនាពេលនេះ ។
លោកជ្រាង សុផាន់ បានស្នើសុំឱ្យស្ថាប័នជំនាញសិក្សាឱ្យបានស៊ីជម្រៅពីស្ថានភាពបាក់ច្រាំងនៅទីនោះ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាកំពុងបូមខ្សាច់ចេញពីសាឡង់ទៅចាក់បំពេញដីតំបន់ត្រូវអភិវឌ្ឍន៍នោះ ហើយបង្ហូរទឹកចូលទៅទន្លេវិញធ្វើឱ្យកន្លែងខ្លះទឹកហូរច្រោះបណ្តាលឱ្យបាក់ដី ។ ពេលចុះពិនិត្យផ្ទាល់នោះមានមន្ត្រីជំនាញដែលមិនចង់ចេញឈ្មោះឱ្យដឹងថា ចំពោះទិដ្ឋភាពនៅតំបន់បាក់ដីស្រុតទាំងនោះហាក់ដូចជាមានស្ថានភាពដីហែកចេញពីប៉ែកខាងកើត និងខាងលិចផ្លូវ នៅពេលកម្ពស់ខ្សាច់ដែលបូមចាក់នៅខាងកើតផ្លូវ កាន់តែខ្ពស់ជាងនីវ៉ូផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋធ្វើឱ្យមានទម្ងន់សង្កត់កាន់តែធំ ។
អ្នកជំនាញនិយាយទៀតថា ម្យ៉ាងដីតំបន់នោះមើលទៅហាក់ប្រហោងក្នុង ពេលក្រុមហ៊ុនបូមខ្សាច់លាយឡំជាមួយទឹកផងនោះចូលទៅ ទឹកបានច្រាលហូរចូលទៅក្នុងទន្លេវិញ តែវាមិនហូរតាមខាងលើទេ គឺវាហូរតាមស្រទាប់ដីខាងក្នុងទើបបណ្តាលឱ្យបាក់ដីស្រុតបែបនេះ ៕
ចែករំលែកព័តមាននេះ