រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពសីុខៅឌូ២នាក់ នៅព្រឹកថ្ងៃទី៨ មេសា បានចូលខ្លួនទៅកាន់សាលាដំបូងរាជធានី តាមដីកាកោះឱ្យចូលខ្លួនរបស់លោក ជា សុខហៀង ចៅក្រមសើុបសួរ ដើម្បីឆ្លើយបំភ្លឺទៅនឹងពាក្យបណ្ដឹងរបស់និយោជករោងចក្រកាត់ដេអេសអិល(SL) ។ ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពសីុខៅឌូទាំង២នាក់នោះគឺ លោក អាត់ ធន់ និងអ្នកស្រីប៉ាវ ផាន់ណា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ថ្ងៃទី៨ មេសា នោះតុលាការក៏កោះហៅលោករុ៉ង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឱ្យចូលខ្លួនដើម្បីសាកសួរដែរ តែលោក រ៉ុង ឈុន ស្ថិតនៅក្រៅប្រទេស ដូច្នេះហើយទើបមានតែថ្នាក់ដឹកនាំសម្ព័ន្ធសហជីពសីុខៅឌូចំនួន២នាក់នេះទេដែលចូលខ្លួនបំភ្លឺ ។ ខណៈពេលលោក អាត់ ធន់ និងអ្នកស្រីប៉ាវ ផាន់ណា ចូលឆ្លើយបំភ្លឺនៅតុលាការ គេសង្កេតឃើញមានក្រុមកម្មករ កម្មការិនី និងនិយោជិត មកពីរោងចក្រអេសអិលប្រមាណ៣០ទៅ៤០នាក់ ប្រដាប់ដោយឧបករណ៍បំពងសំឡេង១គ្រឿងផង បាននាំគ្នាមកតាមឃ្លាំមើលដោយសារខ្លាចតុលាការឃុំខ្លួនមេដឹកនាំពួកគេទាំង២នាក់នេះ ។
តាមឧគ្ឃោសនស័ព្ទ ក្រុមសហជីពប្រជាធិបតេយ្យកម្មករកាត់ដេកម្ពុជា បានធ្វើសេចក្ដីថ្លែងការណ៍ចោទក្រុមហ៊ុនSLថា ធ្វើទុក្ខបុកម្នេញ និងមិនអនុវត្តតាមកិច្ចព្រមព្រៀង ។ ពួកគេបន្តថា បន្ទាប់ពីកម្មករនិយោជិតនៃក្រុមហ៊ុនអេសអិលធ្វើការតវ៉ាចាប់ពីថ្ងៃទី១៤ សីហា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីទាមទារឱ្យក្រុមហ៊ុនអនុវត្តសិទ្ធិសហជីពនិងលក្ខខណ្ឌការងាររួចមកនៅថ្ងៃទី៣ ធ្នូ ក៏បានទទួលកិច្ចព្រមព្រៀងចំនួន៦ចំណុចក្នុងនោះមានការជំរុញពីស្ថាប័នពាក់ព័ន្ធនិងស.ជ.ណ របស់រាជរដ្ឋាភិបាលផង ដោយមានការឯកភាពបញ្ឈប់វិវាទទាំងឡាយរវាងក្រុមហ៊ុននិងកម្មករ ។ ដូច្នេះតើហេតុអ្វីបានជាក្រុមហ៊ុននៅតែប្ដឹងថ្នាក់ដឹកនាំរបស់ពួកគេទៀត ។
អស់រយៈពេលជាច្រើនម៉ោង ក្រោយពីចៅក្រមសើុបសួរបានសាកសួរចប់ លោក អាត់ ធន់ និងអ្នកស្រីប៉ាវ ផាន់ណា ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រកបមុខរបរជាធម្មតាវិញ ។ លុះនៅពេលលោក អាត់ ធន់ ចេញផុតពីបរិវេណសាលាដំបូង ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញរឿងក្ដីនេះថា ពិតណាស់ពេលនេះរូបលោកនិងអ្នកស្រីប៉ាវ ផាន់ណា បានចូលឆ្លើយបំភ្លឺលើពាក្យបណ្ដឹងរបស់រោងចក្រអេសអិលដែលបានប្ដឹង និងពេលនេះបានដល់ដំណាក់កាលចៅក្រមសើុបសួរហើយ ។ លោក អាត់ ធន់ បន្តថា ក្រុមហ៊ុនបានប្ដឹងរូបលោកនិងអ្នកស្រីប៉ាវ ផាន់ណា ថាបានញុះញង់កម្មករឱ្យកើតមានអំពើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ។
ពាក្យបណ្ដឹងនោះត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការនិងបានចាត់បញ្ជូនទៅខាងចៅក្រមសើុបសួរ ទើបសំណុំរឿងនេះត្រូវបានចៅក្រមកោះហៅសាកសួរហើយរូបលោក និងអ្នកស្រីប៉ាវ ផាន់ណា បានឆ្លើយបំភ្លឺជូនតុលាការហើយ ។ តុលាការធ្វើកំណត់ហេតុរួចរាល់ហើយបានអនុញ្ញាតឱ្យរូបលោកជាថ្នាក់ដឹកនាំសម្ព័ន្ធសហជីពវិលទៅវិញ ដែលពេលនោះចៅក្រមបានប្រាប់ថា រឿងនេះមិនទាន់សម្រេចយ៉ាងណាទេ ឱ្យពួកគាត់ទាំង២នាក់រង់ចាំចូលរួមសវនាការនៅពេលក្រោយ ។ មានន័យថាតុលាការដាក់ឱ្យស្ថិតនៅមានសេរីភាពជាធម្មតា ដោយរង់ចាំការសម្រេចលើអង្គសេចក្ដីនៅពេលសវនាការ ៕
ចែករំលែកព័តមាននេះ