រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានពិភាក្សានិងពិនិត្យសំណើរបស់ប្រធានពន្ធនាគារទូទាំងប្រទេសរយៈពេលជិតមួយខែមក ក្រសួងយុត្តិធម៌បានសម្រេចដោះលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៥៥៥នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃខាងមុខនេះ ។
លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះមានបីផ្នែកគឺ ការបន្ធូរបន្ថយទោសទណ្ឌិតរយៈពេល១២ខែ មានចំនួន១១៦នាក់ ការបន្ធូរបន្ថយទោសទណ្ឌិតរយៈពេល៩ខែ មានចំនួន១១១នាក់ ការបន្ធូរបន្ថយទោសរយៈពេល៦ខែ មានចំនួន២៥៨នាក់ និងការលើកលែងទោសទណ្ឌិតឱ្យមានសេរីភាពតែម្តងមានចំនួន៧០នាក់ ។
លោក សំ ប្រជាមានិត បានឱ្យដឹងទៀតថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដែលមានលក្ខណៈខុសគ្នា១២ខែ ៩ខែ ៦ខែ និងលើកលែងទោសតែម្តងនោះ អាស្រ័យលើទណ្ឌិតដែលបានអនុវត្តទោសតាមច្បាប់កំណត់ចំនួនប៉ុនណា ដូចជាបទមជ្ឈិមទទួលទោសបានប៉ុន្មាន និងបទឧក្រិដ្ឋបានចំនួនប៉ុន្មាន អាចបន្ធូរបន្ថយទោសបានចំនួនប៉ុន្មាន? ប៉ុន្តែអ្នកទោសដែលជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ និងទោសធ្ងន់ៗតាមច្បាប់កំណត់នោះអាចបន្ធូរបន្ថយទៅតាមច្បាប់ផងដែរ ដែលការបន្ថយទោសមាន១២ខែ ៩ខែ ៦ខែ និងលើកលែងទោសតែម្តង ។
លោកប្រធានខុទ្ទកាល័យបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗក្រសួងយុត្តិធម៌បានបន្ធូរបន្ថយទោស និងដោះលែងទណ្ឌិតចំនួនបីដងគឺនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ។ គួររំឭកថា កាលពីថ្ងៃទី២០ មីនា លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានដឹកនាំអង្គប្រជុំពិភាក្សា និងពិនិត្យសំណើរបស់ប្រធានពន្ធនាគារក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៦២៥នាក់ ។ ឈ្មោះទណ្ឌិតដែលត្រូវយកមកពិភាក្សានោះ សុទ្ធតែបានអនុវត្តទោស២ភាគ៣នៃទោសដែលបានកំណត់ដោយច្បាប់ថាត្រូវបានលើកលែង និង១ភាគ២សម្រាប់បន្ធូរបន្ថយ ។
ឈ្មោះអ្នកទោសដែលត្រូវយកមកពិភាក្សាសម្រាប់ដោះលែងគឺជាទណ្ឌិតដែលបានកែខ្លួន និងអនុវត្តទោសបាន២ភាគ៣សម្រាប់ការលើកលែងទោស និង១ភាគ២នៃការបន្ធូរបន្ថយ ទោស ។ ឈ្មោះទណ្ឌិតដែលត្រូវបានបញ្ជូនមកពិនិត្យសម្រាប់ដោះលែង និងបន្ធូរបន្ថយទោសនោះត្រូវបានធ្វើចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ ។ ទណ្ឌិតទាំង៦២៥នាក់មានទាំងជនបរទេស និងជនជាតិខ្មែរដែលអ្នកទាំងនេះបានប្រព្រឹត្តទាំងបទមជ្ឈិម និងបទឧក្រិដ្ឋ ប៉ុន្តែការសម្រេចចុងក្រោយគឺនៅត្រឹម៥៥៥នាក់ ។ ដោយឡែក អ្នកទោសនយោបាយមិនត្រូវបានយកមកពិនិត្យសម្រាប់លើកលែង និងបន្ធូរបន្ថយទោសនោះទេ ៕
ចែករំលែកព័តមាននេះ