ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀវកក់​ខែលាយ​ខ្យល់កន្ត្រាក់ លំនៅ​ឋានពល​រដ្ឋស្រុក​បវេល រង​ការខូច​ខាតចំនួន​96​ខ្នង

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ មន្ត្រី​ស្រុក​បវេល​ បាន​រាយ​ការណ៍​ថា​ លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ជិត​១០០​ខ្នង​ ក្នុង​ឃុំ​ចំនួន​២​ រួម​ទាំង​អគារ​ក្នុង​បន្ទាយ​យោធា​ផង​ បាន​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​កន្ត្រាក់​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៧​ មេសា​ ដែល​នេះ​ជា​ការ​រង​គ្រោះ​​លើក​ទី៤​ ដោ​យ​សារ​គ្រោះ​ធម្ម​ជាតិ​ក្នុង​រដូវ​ប្រាំង​ ដែល​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​ជាង​គេ​ទៅ​លើ​ស្រុក​មួយ​នេះ​ ក្នុង​ចំណោម​ស្រុក​នានា​ក្នុង​ខេត្ត​បាត់​ដំបង​ ។​

ខេត្ត​បាត់​ដំបង​ ៖ មន្ត្រី​ស្រុក​បវេល​ បាន​រាយ​ការណ៍​ថា​ លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ជិត​១០០​ខ្នង​ ក្នុង​ឃុំ​ចំនួន​២​ រួម​ទាំង​អគារ​ក្នុង​បន្ទាយ​យោធា​ផង​ បាន​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​កន្ត្រាក់​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៧​ មេសា​ ដែល​នេះ​ជា​ការ​រង​គ្រោះ​​លើក​ទី៤​ ដោ​យ​សារ​គ្រោះ​ធម្ម​ជាតិ​ក្នុង​រដូវ​ប្រាំង​ ដែល​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​ជាង​គេ​ទៅ​លើ​ស្រុក​មួយ​នេះ​ ក្នុង​ចំណោម​ស្រុក​នានា​ក្នុង​ខេត្ត​បាត់​ដំបង​ ។​

លោក​ អឿម​ ទិត​ អធិ​ការ​នគរ​បាល​ស្រុក​បវេល​ ឱ្យ​ដឹង​ថា​ ភ្លៀង​ដែល​លាយ​ឡំ​ដោយ​ខ្យល់​​បោក​បក់​ខ្លាំង​ផង​ មាន​រយៈ​ពេល​ជិត​១ម៉ោង​ កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ មេសា​ បាន​ប៉ះ​ទង្គិច​ទៅ​លើ​ឃុំ​ឃ្លាំង​មាស​ និង​ឃុំ​ក្តុល​តាហែន​ ក្នុង​ស្រុក​បវេល​ ។​ លោក​ថា​ ខ្យល់​ព្យុះ​នេះ​បាន​បំផ្លាញ​លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៩៦​ខ្នង​ ក្នុង​នោះ​រលំ​ទាំង​ស្រុង​ចំនួន​៤៣​ខ្នង​ ។ ក្រៅ​ពី​នេះ​មាន​រលំ​រោង​ដាក់​រថក្រោះ​ របស់​យោធា​វរ​សេនា​តូច​លេខ​៦៧​ នៅ​ក្នុង​ភូមិ​អូរ​ដូន​ពៅ​ ឃុំ​ក្តុល​តាហែន​ អស់​៤​ខ្នង​ និង​រលំ​អគារ​សម្រាប់​ស្នាក់​នៅ​ក្នុង​អង្គ​ភាព​នេះ​សង្កត់​លើ​រថយន្ត​កាមរី​មួយ​គ្រឿង​ផង​ដែរ​ ។​ ប៉ុន្តែ​លោក​អធិ​ការ​នគរ​បាល​ បញ្ជាក់​ថា​ គ្រោះ​ធម្ម​ជាតិ​លើក​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ដូច​លើក​មុន​ៗ ដែល​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ ។​

កោះ​សន្តិ​ភាព​ បាន​ព្យាយាម​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ ដើម្បី​ស្នើ​សុំ​ការ​បំភ្លឺ​បន្ថែម​អំពី​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​នា​រដូវ​ប្រាំង​នេះ​ពី​លោក​ សឿម​ ប៊ុន​រិទ្ធ​ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ដែរ​ ប៉ុន្តែ​លោក​បាន​ចុច​ផ្តាច់​ទូរ​ស័ព្ទ​ និង​មិន​លើក​តែ​ម្តង​ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​ពី​មន្ត្រី​នានា​ និង​អ្នក​សារ​ព័ត៌​មាន​អាជីព​មួយ​ចំនួន​ ។​ មន្ត្រី​មួយ​រូប​រិះ​គន់​ថា​ កន្លង​មក​ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​រូប​នេះ​ ហាក់​ដូច​ជា​មាន​ការ​រើស​អើង​ជាមួយ​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្នើ​សុំ​ទាក់​ទង​ការ​ងារ​ ។​ រីឯ​អ្នក​សារ​ព័ត៌​មាន​អាជីព​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់​ដំបង​ ក៏​ពិបាក​ក្នុង​ការ​ទាក់​ទង​ស្នើ​សុំ​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​សាលា​ខេត្ត​រូប​នេះ​ដែរ​ ។​

តាម​ការ​កត់​សម្គាល់​ កុំ​ថា​ឡើយ​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ឬ​ព័ត៌​មាន​ដែល​ធ្វើ​ឱ្យ​រសើប​ដល់​មន្ត្រី​នានា​ ឬ​ថ្នាក់​ដឹក​នាំ​ក្នុង​  ខេត្ត សូម្បី​តែ​ព័ត៌​មាន​ ឬ​របាយ​ការណ៍​ស្តីពី​សកម្ម​ភាព​ការ​ងារ​របស់​អាជ្ញា​ធរ​ខេត្ត​ ឬ​ស្តី​ពី​បញ្ហា​គ្រោះ​ថ្នាក់​ធម្ម​ជាតិ​ដូច​ខាង​លើ​នេះ​ជា​ដើម​ ក៏​លោក​នាយក​រដ្ឋ​បាល​សាលា​ខេត្ត​រូប​នេះ​ ព្យាយាម​លាក់​បាំង​ ឬ​រើស​អើង​មិន​ចង់​ផ្តល់​ព័ត៌​មាន​ដល់​អ្នក​សារ​ព័ត៌​មាន​ដែរ​ លើក​លែង​តែ​សាលា​ខេត្ត​មាន​រៀប​ចំ​ប្រជុំ​បូក​សរុប​ការ​ងារ​ ឬ​កម្ម​វិធី​ផ្សេងៗ​ ដែល​ត្រូវ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ ទើប​មន្ត្រី​រូប​នេះ​កោះ​ហៅ​អ្នក​សារ​ព័ត៌​មាន​ឱ្យ​ចូល​រួម​យក​ព័ត៌​មាន​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​សារ​ព័ត៌​មាន​មិន​អាច​ទាក់​ទង​សុំ​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​សាលា​ខេត្ត​រូប​នេះ​បាន​ឡើយ​ ។​

កន្លង​មក​ សាលា​ខេត្ត​បាត់​ដំបង​ ក៏​មាន​មន្ត្រី​អ្នក​នាំ​ពាក្យ​មួយ​រូប​ដែរ​ តែ​មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នោះ​ នៅ​តែ​មិន​អាច​ស្នើ​សុំ​ផ្តល់​ព័ត៌​មាន​បាន​ដូច​គ្នា​ ។​ ពេល​ខ្លះ​ អ្នក​នាំ​ពាក្យ​រូប​នោះ​ឆ្លើយ​ថា​ «មិន​ដឹង​ និង​រុញ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​សួរ​អ្នក​នេះ​ អ្នក​នោះ​បន្ត​ទៀត​ដដែល»​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​អាជីព​ជួប​ការ​លំបាក​ក្នុង​ការ​ស្នើ​សុំ​ព័ត៌​មាន​ពី​មន្ត្រី​សាលា​ខេត្ត​ ។​ សាលា​ខេត្ត​បាត់​ដំបង​ គួរ​តែ​រៀប​ចំ​មន្ត្រី​អ្នក​នាំ​ពាក្យ​ម្នាក់​ឱ្យ​ប្រាកដ​ប្រជា​ ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​ជាមួយ​អ្នក​សារ​ព័ត៌​មាន​ ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់​ថា​ អ្នក​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ។​ ទោះ​ជា​យ៉ាង​ណា​ ជុំវិញ​ករណី​គ្រោះ​ធម្ម​ជាតិ​ខាង​លើ​នេះ​ បើ​តាម​​ការ​ផ្តល់​ព័ត៌​មាន​ពី​លោក​ អឿម​ ទិត​ អធិ​ការ​នគរ​បាល​ស្រុក​បវេល​ ឱ្យ​ដឹង​ថា​ ចាប់​តាំ​ពី​មាន​ភ្លៀង​កក់​ខែ​ក្នុង​រដូវ​ប្រាំង​កន្លង​មក​នេះ​ ស្រុក​របស់​លោក​បាន​ទទួល​រង​គ្រោះ​ធម្ម​ជាតិ​ចំនួន​៤​លើក​រួច​មក​ហើយ​ ដែល​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពល​រដ្ឋ​មិន​តិច​ជាង​៤០០​ខ្នង​ទេ​ ។​ លោក​បញ្ជាក់​ថា​ ក្រៅ​ពី​នេះ​ ក៏​មាន​ពល​រដ្ឋ​​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ផង​ដែរ​ ។​

ជាមួយ​គ្នា​នេះ​ ប្រធាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ លោក​ កង​ ប៊ន​ បាន​បញ្ជាក់​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មេសា​ ថា​ មាន​ស្រុក​មួយ​ចំនួន​ទៀត​ក៏​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​មហន្ត​រាយ​នេះ​ដែរ​ រាប់​ទាំង​រន្ទះ​បាញ់​ស្លាប់​មនុស្ស​ផង​ ។​ លោក​ថា​ មន្ត្រី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ រួម​ជាមួយ​អាជ្ញា​ធរ​ស្រុក​ ខេត្ត​ បាន​នាំ​អំណោយ​ចុះ​ចែក​ជូន​ដល់​ពល​រដ្ឋ​ដែល​រង​គ្រោះ​ភ្លាមៗ​ជា​បន្ត​បន្ទាប់​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ហើយ​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ បាន​ត្រៀម​អំណោយ​មួយ​ចំនួន​ដើម្បី​ចុះ​ចែក​ជូន​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​នេះ​ជា​បន្ត​បន្ទាប់​ទៀត​ដែរ​នា​ពេល​ខាង​មុខ​ ៕​