រាជធានីភ្នំពេញ ៖ គ្រួសារលោក លី សា៊ខេង ដែលក្រាញននៀលរស់នៅក្នុងអតីតសាលាសង្កាត់បឹងកក់ទី១ និងធ្លាប់រងការគំរាមកំហែងជាច្រើនរូបភាពកន្លងមកដូចជា ការរងរបួសស្នាមដោយគេលួចវាយ ការលែងពស់វែកចូលផ្ទះ ហើយថ្មីៗនេះត្រូវបានជនមួយក្រុមចូលទៅវាយបំផ្លិចបំផ្លាញរបស់របរលក់បាយបែកចានឆ្នាំងអស់គ្មានសល់នោះ បាននាំគ្នាធ្វើរបងនៅជុំវិញផ្ទះរបស់ខ្លួន ក្នុងដីឡូត៍អតីតសាលាសង្កាត់ដោយអះអាងថា ដើម្បីការពារសុវត្ថិភាព ។
ហ៊ានពុះដីបែបនេះ ដោយសារមានការចូលរួមគាំទ្រពីតំណាងរាស្ត្រម្នាក់របស់គណបក្សសង្គ្រោះជាតិ និងក្រុមសកម្មជនបឹងកក់ដែលល្បីក្លាហាន។ ប៉ុន្តែទោះបីជាខ្លាំងបែបនេះក្តី ត្រូវបានអាជ្ញាធរហាមឃាត់ ព្រោះដីមានកម្មសិទ្ធរបស់ក្រុមហ៊ុន ឃុន សៀរ ។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលសាជាថ្មី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ មេសានៅក្នុងបរិវេណអតីតសាលាសង្កាត់ និងជាមន្ទីរគណបក្សប្រជាជនសង្កាត់បឹងកក់ទី១ ដែលស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ២៨៩ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ការប៉ុនប៉ងធ្វើរបង និងការហាមឃាត់របស់អាជ្ញាធរ បានធ្វើឱ្យមានបញ្ហាចម្រូងចម្រាស់ និងទំនាស់ពាក្យសម្តីគ្នារវាងលោក សាំង សុភៈវិចិត្រ និងលោក រៀល ខេមរិន្ទ្រ ដែលគេស្គាល់ថា ជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិផងដែរ ។
ការធ្វើរបងនេះត្រូវគេដឹងថា បន្ទាប់ពីមានក្រុមជនប្រមាណជាង១០នាក់ ដែលខ្លះថាប្រមាណ៣០នាក់ប្រដាប់ដោយដំបង និងដែកថ្នាំងអំពៅ គ្រប់ដៃបានចូលទៅអុកឡុក និងវាយបំផ្លិចបំផ្លាញកន្លែងលក់បាយ និងលំនៅឋានរបស់លោក លី សា៊ខេង និងប្រពន្ធឈ្មោះ ម៉ក់ សៀវហ្វុង អាយុ៥២ឆ្នាំ ដែលកំពុងតែស្នាក់នៅក្នុងអតីតសាលាសង្កាត់បឹងកក់ទី១នេះ កាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៦ មេសា ។ លុះរំលងបានប្រមាណ២ថ្ងៃ ត្រូវបានលោក លី សា៊ខេង បាននាំគ្នាធ្វើរបងតែម្តង ដោយមានការមកគាំទ្រពីគណបក្សប្រឆាំង ។ បានសង្កេតឃើញថា នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ គេឃើញលោក រៀល ខេមរិន្ទ្រ ដែលគេស្គាល់ថា ជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ព្រមទាំងលោក សួង សោភណ្ឌ ដែលអះអាងថា ជាអ្នកធ្លាប់រងគ្រោះម្នាក់ ព្រមទាំងសហការីបាននាំគ្នាចាត់ចែង និងជួយបាញ់ថ្នាំសរសេរជុំវិញផ្ទះថា ស៊ូស្លាប់ដើម្បីទឹកដីរបស់ខ្ញុំ ។
លោក សួង សោភ័ណ្ឌ បានឱ្យដឹងថា ក្នុងនាមគាត់ជាអ្នករងគ្រោះដូចគ្នា ត្រូវរួមសាមគ្គីគ្នាដើម្បីការពារប្រយោជន៍របស់យើងទាំងអស់គ្នា។ ចំណែកលោក លី សា៊ខេង និងក្រុមគ្រួសារឱ្យដឹងថា ការធ្វើរបងនេះដើម្បីការពារសុវត្ថិភាពក្រុមគ្រួសាររបស់គាត់ ដែលត្រូវបានគេគំរាមកំហែងបន្តបន្ទាប់ និងចូលមកអុកឡុកវាយបង្ករបួសស្នាមជាច្រើនលើកមកហើយ ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនបង្កនោះម្តងណាឡើយ ។ នៅក្នុងខណៈនោះកូនស្រីរបស់លោក លី សា៊ខេង និងក្រុមគ្រួសារក៏បានលើកដៃទទួចសុំឱ្យអាជ្ញាធរ ជាពិសេសគឺសម្តេចតេជោ សូមជួយដោះស្រាយឱ្យពួកគាត់ផង ។ បន្ទាប់ពីនាំគ្នារៀបចំធ្វើរបងដោយមានការជួយចាត់ចែងពីតំណាងរាស្ត្រម្នាក់មកពីបក្សប្រឆាំង និងក្រុមអ្នកតវា៉នោះ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ ក៏បានលើកកម្លាំងចុះទៅហាមឃាត់ ព្រោះដីនេះកំពុងតែមានទំនាស់គ្នានៅឡើយ ហើយសាលារាជធានីភ្នំពេញកំពុងតែយកចិត្តទុកដាក់ដោះស្រាយ ហើយខណៈនោះក៏មានទំនាស់ពាក្យសម្តីគ្នាខ្លាំងៗផងដែរ ។
ទោះបីជាយា៉ងណា គ្រួសារលោក លី សា៊ខេង និងក្រុមអ្នកគាំទ្រក៏បានផ្អាកតាមការណែនាំរបស់អាជ្ញាធរ ដោយអត់បានធ្វើរបងខណ្ឌតាមការចង់ធ្វើទេ ព្រោះដីនោះក្លាយជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ឃុន សៀ ទៅហើយ ។ គួរបញ្ជាក់ថា អតីតសាលាសង្កាត់បឹងកក់ទី១ និងជាមន្ទីរគណបក្សនេះត្រូវបានដោះដូរ ដោយក្រុមហ៊ុនរបស់ឧកញា៉ ឃុន សៀ ទទួលបានសិទ្ធិក្នុងការអភិវឌ្ឍន៍ ។ ខណៈនោះក្រុមហ៊ុន និងអាជ្ញាធរបានព្យាយាមដោះស្រាយជាមួយអ្នករស់នៅចំនួន៧គ្រួសារ ដោយ៤គ្រួសារទទួលយកដំណោះស្រាយចេញបាត់ទៅហើយ ។ នៅសល់៣គ្រួសារទទួលយកតម្លៃខ្ពស់ រហូតដល់៣០ម៉ឺុនដុល្លារក្នុង១គ្រួសារ តើអ្នកណាហា៊នឱ្យទៅ បើទារដល់មេឃម្លឹងៗនោះ ម៉្លោះហើយបានជារស់នៅមិនសុខ ។ ដោយឡែក ក្នុងចំណោម៣គ្រួសារមានគ្រួសារលោក លី សា៊ខេង បានតវា៉ក្រាញននៀលពុំព្រមចាកចេញ ដោយបានចាត់ទុកថា ដីនោះមានទំហំ៤៨០ម៉ែត្រការ៉េ ដែលមានក្បាលប្រវែង៧ម៉ែត្រ ជម្រៅប្រវែង៤០ម៉ែត្រ និងកន្ទុយខាងក្រោយមានប្រវែង១៧ម៉ែត្រ ជាដីរបស់គាត់រស់នៅតាំងពីឆ្នាំ១៩៨០ និងអះអាងថា បានទិញពីអតីតចៅសង្កាត់មុន ។
ទោះបីជាយា៉ងណា អាជ្ញាធរ និងមន្ត្រីសង្កាត់គ្រប់គ្នាក៏បានដឹង និងបញ្ជាក់ថា ដីនោះជាដីរបស់សាលាសង្កាត់ និងគណបក្សដែលលោក លី សា៊ខេង បានជួលស្នាក់នៅរកសីុជួសជុលគ្រឿងចក្រ និងស្នាក់នៅរួមជាមួយប្រជាពលរដ្ឋទាំងអស់៧គ្រួសារ ។ លុះក្រោយមកដីនោះត្រូវបានដោះដូរ ដោយក្រុមហ៊ុនរបស់ឧកញា៉ ឃុន សៀ ទទួលសិទ្ធិ ព្រមទាំងរុះរើទីតាំងទៅកន្លែងថ្មី រយៈពេលប្រមាណ១ឆ្នាំមកហើយ ។ ទន្ទឹមនោះក្រុមហ៊ុនក៏ដូចជាអាជ្ញាធរ បានជំរុញការដោះស្រាយដោយ៤គ្រួសារបានឯកភាពរួចហើយ ។ នៅសល់តែ៣គ្រួសារតវា៉ និងទាមទារពុះយកដីមួយចំណែកក្នុងអតីតសាលាសង្កាត់នោះជាដីរបស់ខ្លួន ហើយក៏មានទំនាស់គ្នាជាមួយអ្នកយាមដី ។
បង្កជារឿងរា៉វផ្សេងៗជាបន្តបន្ទាប់ចង់ក្លាយទៅជារឿងនយោបាយទៅហើយ ព្រោះមានក្រុមអ្នកនយោបាយប្រឆាំងលើកគ្នាទៅជួយជ្រោមជ្រែង ។
ទីបំផុត លង់ខ្លួនក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ ដែលចង់ចំណេញបែរជាកំពុងដាច់ចំណងស្ទើរ «តោទ្រា» ទៅហើយដែរ ៕
ចែករំលែកព័តមាននេះ