ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទាហានការពារព្រំដែនម្នាក់ ត្រូវបានឃាតករកាប់ជាច្រើនកាំបិត បណ្តាលស្លាប់នៅនឹងកន្លែង ហើយឃាតករក៏បានចូលខ្លួនឱ្យប៉ូលិសចាប់ ពាក់ព័ន្ធនឹងរឿងគំនុំផឹកស៊ី រួចមើលងាយ ហើយគំរាមយកកាំភ្លើងបាញ់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
សេចក្តីរាយការណ៍បន្តថា ឃាតករខាងលើមានឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំណែកជនរងគ្រោះឈ្មោះ កែវ ពេជ្ររស្មី ភេទប្រុស (មានឋានៈស័ក្តិព្រិន្ទបាលឯក) តួនាទីជាមេបញ្ជាការរង (ខ២) កងល្បាតទី២ កងយោធារការពារព្រំដែនគោកលេខ៥០៣ ដែលមានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។
បើតាមលោក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា នៅពេលទទួលព័ត៌មានបានដឹងថា មានជនសង្ស័យម្នាក់កាប់ទាហានម្នាក់ បណ្តាលស្លាប់នៅនឹងកន្លែងកម្លាំងជំនាញក៏បានចុះទៅភ្លាមៗ ឃាត់ខ្លួនឃាតករជាជនដៃដល់ ក្រោយពេលធ្វើសកម្មភាពនៅប៉ុស្តិ៍នគរបាល ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកបញ្ជាក់ថា នៅពេលដែលជនរងគ្រោះត្រូវឃាតករកាប់សំលាប់នោះ គឺជនរងគ្រោះបានជិះម៉ូតូឌុបរបស់កូនទៅខ្ចីឆ្នាំងសាកទូរស័ព្ទគេនៅក្បែរនោះ ខណៈជិះម៉ូតូតាមផ្លូវកាត់មុខផ្ទះជនសង្ស័យដែលកំពុងកាប់ព្រៃនៅតាមចិញ្ចើមផ្លូវ ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូមកដល់ ស្រាប់តែយកកាំបិតមកកាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលស្លាប់ក្នុងថ្លុកឈាមតែម្តង។
លោកអធិការបញ្ជាក់ទៀតថា ក្រោយពេលឃាតករកាប់ជនរងគ្រោះស្លាប់ហើយ ក៏បានដើរចូលទៅក្នុងផ្ទះលុតជង្គង់សំពះម្តាយរបស់ខ្លួនថា «ខុសហើយ» ពេលនោះម្តាយឱ្យអ្នកជិតខាងយកម៉ូតូជូនទៅប៉ុស្តិ៍នគរបាលឃុំអូរបីជាន់ ឱ្យឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មគ្រោងទុកជាមុន។
ក្រោយពេលឃាត់ខ្លួន ឃាតករបានសារភាពថា មូលហេតុដែលកាប់ជនរងគ្រោះជាទាហាននោះ គឺមកពីរឿងគំនុំផឹកស៊ីយូរហើយ នៅផ្ទះជនរងគ្រោះ ដោយបានជេរប្រមាថមើលងាយ និងគំរាមយកកាំភ្លើងរកបាញ់ចោល ព្រោះទំនាស់ពាក្យសំដី។ ហើយគំនុំនោះក៏ទុកនៅក្នុងចិត្ត លុះពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវកាត់មុខផ្ទះ ខណៈខ្លួនកំពុងកាប់ព្រៃក្បែរផ្លូវផងនោះ ក៏បានឃើញ ក៏ខឹងខ្លាំង ទប់ចិត្តមិនបានស្ទុះទៅកាប់រហូតស្លាប់ក្នុងថ្លុកឈាមតែម្តង ហើយទៅប៉ុស្តិ៍សារភាពកំហុស និងទទួលទោសតាមច្បាប់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ