រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់ធនាគារពិភពលោកថ្ងៃទី៧ មេសា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំដោយសម្រេចបាន៧,៤ភាគរយនៅក្នុងឆ្នាំ២០១៣ ទោះបីមានផលប៉ះពាល់អវិជ្ជមានដោយសារតែមានបញ្ហាផ្នែកនយោបាយ និងមានការតវ៉ានានាក្នុងវិស័យការងារក្ដី ។
កំណើននេះ បានកើនឡើងដោយសារការនាំចេញសម្លៀកបំពាក់ និងកំណើនជាបន្ដបន្ទាប់លើវិស័យទេសចរណ៍ ដែលគាំទ្រដោយសេដ្ឋកិច្ចពិភពលោកដែលត្រូវពង្រឹង ។ ឱនភាពនៃគណនីចរន្ដ បានថយចុះដោយសារតែការនាំចូលមានសភាពយឺតជាងមុន ដែលនាំឱ្យមានការប្រមូលចំណូលយឺតជាងមុន ដូចនេះវាជាបច្ច័យនាំឱ្យមានឱនភាពសារពើពន្ធកើនឡើង ។ កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៤ ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនដល់៧,២ភាគរយ ផ្អែកលើការងើបឡើងវិញជាបន្ដបន្ទាប់នៃសេដ្ឋកិច្ចសាកលលោក ការមានស្ថិរភាពឡើងវិញចំពោះបរិស្ថានសេដ្ឋកិច្ចក្នុងស្រុក និងការមានទំនុកចិត្ដសាជាថ្មីឡើងវិញនារយៈពេលចុងក្រោយក្នុងឆ្នាំនេះ ។ បញ្ហាអស្ថិរភាពនយោបាយបន្ថែម និងបញ្ហាការងារ ព្រមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន អាចបង្កឱ្យមានហានិភ័យ ។
លោក អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោកមានប្រសាសន៍ថា «សេដ្ឋកិច្ចរបស់កម្ពុជាធន់នឹងសម្ពាធក្នុងស្រុក និងអាចរក្សាបាននូវកំណើនខ្ពស់របស់ខ្លួន ។ កំណើនដ៏រឹងមាំនេះ នឹងអាចជួយឱ្យកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្របានត្រឹមមួយភាគរយក្នុងមួយឆ្នាំ ។ ដូចយើងទាំងអស់គ្នាបានដឹងហើយថា ប្រជាជនជិត៣លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ ហើយប្រជាជន៨,១លាននាក់រស់នៅក្បែរបន្ទាត់ក្រីក្រ ។ ពួកគេនៅតែមានហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រវិញ» ។ លោក អេនរិកកេ អាល់ដាហ្ស ការ៉ូល អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ការគ្រប់គ្រងសម្ពាធនៅក្នុងស្រុកនឹងជួយឱ្យកម្ពុជាសម្រេចបានកំណើនប្រសើរជាងគេបំផុតក្នុងចំណោមការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។ ការចរចាលើបញ្ហាប្រាក់បៀរវត្សដែលទទួលបានជោគជ័យ នឹងបម្រើផលប្រយោជន៍ដល់ទាំងភាគីកម្មករនិងទាំងក្រុមហ៊ុន ។
ការកែលម្អបន្ថែមទៀតលើការប្រមូលចំណូលក្នុងស្រុក នឹងជួយផ្ដល់នូវការគាំទ្រមួយសម្រាប់ផលប៉ះពាល់ណាមួយក្នុងពេលអនាគត និងផ្ដល់ហិរញ្ញប្បទានលើតម្រូវការដែលកាន់តែខ្ពស់សម្រាប់ចំណាយអាទិភាពបូករួមទាំងសំណើប្រាក់បៀរវត្សសម្រាប់វិស័យសាធារណៈផងដែរ ៕
ចែករំលែកព័តមាននេះ