រាជធានីភ្នំពេញ ៖ ថ្លែងនៅចំពោះមុខមហាជន ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដោយអវត្តមានលោក កឹម សុខា ជាអនុប្រធាន លោកសម រង្ស៊ី អះអាងថា លោកហ៊ានចូលគុកមិនឱ្យប្រជាពលរដ្ឋចូលគុកជំនួសទេ ចំពោះការថ្វាយលិខិតទៅព្រះមហាក្សត្រកាលពីពេលថ្មីៗនេះ ។ ការប្រកាសហ៊ានទទួលខុសត្រូវ និងរហូតដល់ចូលពន្ធនាគាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានធ្វើទ្បើងក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៧ មេសា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ទោះជាយ៉ាងណាក្តី លោក សម រង្ស៊ី បានចោទថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្នក៏ធ្លាប់ប្រមាថព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សដែរ តែបែជាចោទទៅលើរូបលោកវិញ ។ លោកថា ពេលនេះម្នាក់នោះចោទលោកថា បានមើលងាយព្រះមហាក្សត្រទៅវិញ ។ លោក សម រង្ស៊ី ថ្លែងថា ប្រសិនបើគេមកចាប់ខ្ញុំដាក់គុក ខ្ញុំសុខចិត្តចូលគុក សូមបងប្អូននៅឱ្យស្ងៀមអត់អីទេបងប្អូន សច្ចធម៌ សីលធម៌ ត្រូវតែឈ្នះជាមិនខាន ។ យើងជិតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូច្នេះការបោះឆ្នោតលើកក្រោយត្រូវបងប្អូនបោះឆ្នោតដោយត្រឹមត្រូវ គឺជាអ្វីដែលយើងចង់បាន ។ យើងជាអ្នកប្រជាធិបតេយ្យប្រកាន់ជំហរអហិង្សា មិនចាត់ទុកខ្មែរណាមួយជាសត្រូវនោះទេ ដូច្នេះខ្មែរមិនត្រូវសម្លាប់ខ្មែរទេ និងត្រូវតែរក្សាជំហរក្នុងការជជែកជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថា យើងមិនចង់មានការប្រឈមមុខចំពោះការប្រើអំពើហិង្សាទៅវិញទៅមក ការបង្ហូរឈាមរវាងខ្មែរ និងខ្មែរនោះទេ គឺយើងជៀសវាងដាច់ខាត ។
លោក សម រង្ស៊ី ថ្លែងទៀតថា គណបក្សសង្គ្រោះជាតិនៅតែទាមទារឱ្យមានការផ្លាស់ប្តូរស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជាដាច់ខាត ព្រោះថាស្ថាប័ននេះ មានឈ្មោះអាក្រក់សម្រាប់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿចំពោះស្ថាប័នមួយនេះទៀតហើយ។ យើងចង់ឱ្យស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នឯករាជ្យ ដែលមានសមាសភាពត្រូវចេញពីគណបក្សនយោបាយដែលជាប់ឆ្នោតក្នុងរដ្ឋសភា ដែលស្របរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ គ.ជ.ប ឯករាជ្យគឺមិនត្រូវស្ថិតនៅក្រោមចំណុះគណបក្សនយោបាយណាមួួយនោះទេ តែឯករាជ្យពីគ្រប់គណបក្សទាំងអស់ ដែលមានក្នុងរដ្ឋសភា ។ ដើម្បីធ្វើឱ្យស្ថាប័នមួយហ្នឹងឯករាជ្យនោះ ត្រូវស្ថាប័នហ្នឹងមានចែងបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញា ។ ឯរដ្ឋធម្មនុញ្ញ ត្រូវតែកំណត់ពីសមាសភាព និងតួនាទីរបស់សមាជិកស្ថាប័ន គ.ជ.ប នេះ ។ នៅពេលស្ថាប័ន គ.ជ.ប ស្ថិតនៅក្នុងរដ្ឋធម្មនុញ្ញហើយនោះ មិនមាននរណាម្នាក់ទៅតម្រូវឱ្យកែតម្រូវនោះទេ ។
លោក សម រង្ស៊ី បានលើកទ្បើងទៀតថា ក្នុងការជជែកជាមួយគណបក្សប្រជាជនកម្ពុជា យើងបានទាមទារទី១-គឺគ.ជ.ប ត្រូវមានសមាសភាព និងតួនាទីចែងក្នុងរដ្ឋធម្មនុញ្ញ និងទី២-អ្វីដែលគណបក្សសង្គ្រោះជាតិ កំពុងតែជជែកគ្នាជាមួយគណបក្សប្រជាជនមួយទៀត គឺសូមឱ្យមានការបោះឆ្នោតទ្បើងវិញមុនអាណត្តិ គឺកាន់តែឆាប់ កាន់តែល្អ ។ សំណើរបស់យើងនៅពេលនេះ ប្រហែលជាអាចចេញជាលទ្ធផល គឺទី១-ត្រូវរៀបចំស្ថាប័ន គ.ជ.ប និងមួយទៀតជជែកគ្នាលំអិតពីថ្ងៃបោះឆ្នោតលើកក្រោយ ថាថ្ងៃណា ខែណា ដោយមិនចាំ៥ឆ្នាំនោះទេ (២០១៨) ។ ការបោះឆ្នោតលើកក្រោយ មិនត្រូវកំណត់យកខែកក្កដាទេ ព្រោះថាខែកក្កដា គឺជារដូវភ្លៀង ។ ត្រូវបោះឆ្នោតជិតចូលឆ្នាំខ្មែរក៏បាន ងាយស្រួលឱ្យប្រជាពលរដ្ឋខ្មែរមិនចាំបាច់ទៅវិញទៅមកទេ គឺបោះឆ្នោតរួចថ្ងៃចូលឆ្នាំ ឬចូលឆ្នាំហើយ បោះឆ្នោតតែម្តងក៏បានឬក៏ខែមករា ឬខែកុម្ភៈ គឺឱ្យតែដើមខែគឺល្អ ។
លោក សម រង្ស៊ី បានលើកទ្បើងទៀតថា លោកនឹងដឹកនាំធ្វើមហាបាតុកម្មនៅថ្ងៃទី២ ឧសភា គឺនៅថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុញ្ញាតឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ លោក សម រង្ស៊ី អះអាងថា នៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២ ឧសភា នោះ នឹងមានប្រជាពលរដ្ឋចូលរួម២លាននាក់ ព្រោះច្បាប់បានអនុញ្ញាត គ្មាននរណាហ៊ានរារាំងទេ ។ ប៉ុន្តែប្រសិន បើមានដំណោះស្រាយយ៉ាងណានៅថ្ងៃខាងមុខនោះ យើងនឹងគិតបន្តទៀត ហើយបើមានការគាំទ្រពីប្រជាពលរដ្ឋនោះ គណបក្សសង្គ្រោះជាតិនឹងធ្វើសមាជលើកទី៣ នៅថ្ងៃណាមួយម្តងទៀត ដើម្បីទទួលយោបល់ពីប្រជាពលរដ្ឋពីគម្រោងធ្វើបាតុកម្មនៅថ្ងៃទី២ ឧសភា នោះ ៕
ចែករំលែកព័តមាននេះ