រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះមេបក្សប្រឆាំងដែលនិយាយគំរាមធ្វើបាតុកម្មនៅចុងខែនេះចំនួន២លាននាក់ ដោយសម្តេចសង្កត់ធ្ងន់ថា បើចង់ដឹងរសជាតិ ធ្វើបាតុកម្មដូចគ្នា មួយធ្វើបាតុកម្មគាំទ្រ មួយបាតុកម្មប្រឆាំង ដាក់គ្នាសាកមើល ។
គ្រាន់តែប្រទេសអ៊ុយក្រែនមានបញ្ហា ស្រាប់តែខ្លួនឯងថា ២លាននាក់ចេញធ្វើបាតុកម្ម… ។ មកបុ៉ន្មានចេញមក អីក៏ព្រហើនម៉្លេះ ។ ខ្ញុំមិនចង់ឱ្យមានសារអាក្រក់ទេ ។ ប្រជាពលរដ្ឋទាំងអស់ចូលឆ្នាំដូចធម្មតាទៅ កុំខ្វល់ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់យ៉ាងខ្លាំងចំពោះមេបក្សប្រឆាំងបែបនេះនាព្រឹកថ្ងៃទី៧ មេសា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន៣.៤៤៩នាក់ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានវ៉ាន់ដា ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១២-២០១៣ កន្លងមក ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥០នាក់ផងដែរ ។
មិនគ្រាន់តែគំរាមធ្វើបាតុកម្មបុ៉ណ្ណោះទេ មេបក្សប្រឆាំងក៏បានសរសេរលិខិតថ្វាយព្រះមហាក្សត្រទៀត ។ ចំពោះការមានទោសដោយបានប្រមាថព្រះមហាក្សត្រ នៅមិនទាន់មានច្បាប់ណាចែងថា មានទោសទណ្ឌបុ៉ន្មានទេ បុ៉ន្តែទោសរបស់អ្នកឯង កុំភ្លេចឱ្យសោះ ការប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស ។ រាជរដ្ឋាភិបាលនឹងពិចារណាហ្មត់ចត់អំពីបញ្ហានេះ ។ សូមមើលច្បាប់អំពីបញ្ហាក្រុមប្រឹក្សាធម្មនុញ្ញឱ្យច្បាស់ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោសណា៎។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ទោសមុននិងទោសក្រោយបូកចូលគ្នាទៅរឿងណា… ។ ទោសពីមុននៅមិនទាន់ចប់ទេ គឺរឿងបង្កើតសភាពការណ៍មហន្តរាយផ្លូវវ៉េងស្រេង រឿងមកពីមេបក្សប្រឆាំងដឹកនាំទៅបំផុស បូកទាំងមុនទាំងក្រោយទូទាត់ទៅធ្ងន់ កុំលេង ។
ខ្ញុំមិនមែនគំរាមលោកឯងទេ ក៏បុ៉ន្តែសូមប្រាប់លោកឯងឱ្យច្បាស់មុនចូលឆ្នាំថ្មី ដើម្បីឱ្យអាឆ្នាំចាស់ហ្នឹងវាផុតរលត់ទៅ ឱ្យវាជ្រះចង្រៃ ស្អីក៏ព្រហើនម៉្លេះ ។ ស្អីឡើងបាតុកម្មៗ ពូកែណាស់បាតុកម្ម ថៅកែបាតុកម្មរហូត បាតុកម្មតាំងពីទសវត្សរ៍ឆ្នាំ៩០ តាំងពីចុងសតវត្សរ៍ទី២០ ចូលដល់សតវត្សរ៍ទី២១ នៅតែបាតុកម្ម ស្អីអាងតែបាតុកម្ម ។ ខ្លួនឯងធ្វើ ចំណែកគេ គេមិនចេះធ្វើ ? គេធ្វើរដ្ឋអំណាច គេមិនមែនល្ងង់ទេណា ។ ឥឡូវបើស្រួល នាំគ្នាចូលឆ្នាំសិនទៅ កុំបង្កើតរឿងច្រើនពេក ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្លួនឯងចេះតែនិយាយថា កងទ័ពមិនអព្យាក្រឹត នគរបាលមិនអព្យាក្រឹត ។ នែ ! នៅលើពិភពលោក វាមិនដែលកងទ័ព នគរបាល និងកម្លាំងប្រដាប់អាវុធណាទៅគាំទ្របក្សប្រឆាំង ហើយប្រឆាំងរដ្ឋាភិបាលទេ ! វាមិនដែលមាន និយាយឱ្យច្បាស់ ។ ដោយឡែក កងទ័ពអាមេរិកចូលមកវៀតណាម ចូលមកកម្ពុជា តើកងទ័ពមកចិត្តឯង ឬរដ្ឋាភិបាលអាមេរិកឱ្យមក ? នៅលើលោក អ្វីៗគឺត្រូវតែស្តាប់រដ្ឋាភិបាលហើយ ។ នៅប្រទេសកម្ពុជាយើង កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គឺត្រូវស្តាប់រាជរដ្ឋាភិបាល វាមិនដែលគាំទ្របក្សប្រឆាំង វាយរាជរដ្ឋាភិបាលនោះគឺរដ្ឋប្រហារហើយ ។
សម្តេចតេជោមានប្រសាសន៍ទៀតថា នៅមិនទាន់ប្រាកដទេ ព្រោះអ្នកច្បាប់កំពុងតែពិនិត្យ ជួនកាលអាចប្តឹងមុនចូលឆ្នាំ រឿងបញ្ហាលិខិតថ្វាយព្រះមហាក្សត្រនោះ ។ នែ ! ប្រយ័ត្នខានចូលឆ្នាំណា ចូលឆ្នាំព្រៃសណា កុំលេង ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការនិយាយដូច្នេះមិនមែនគំរាមទេណា អត់ទេ គឺការនិយាយមែនទែន មិនមែននិយាយលេងៗទេណា ។ ឥឡូវប្រតិកម្មសន្ធឹកសន្ធាប់ណាស់ អ្នកច្បាប់ចេញនិយាយ ខ្ញុំឯកភាព ។ សម្តេចតេជោបានរិះគន់ទៀតថា លោកឯងអាងទូតបរទេសស្អី ស្មានថាទូតហ្នឹងអាចអាងជាប់ឬ? ខ្ញុំធ្លាប់ប្រាប់ទូតបរទេសហើយ អាងទូតបរទេសដឹកទៅយន្តហោះ ។ លោកទូតអើយ កុំធ្វើរបៀបដូច្នោះ នៅក្នុងទូតរបស់លោក ខ្ញុំអត់ចាប់ ដល់ពេលលោកដឹកទៅព្រលានយន្តហោះនៅលើឡានលោកទូត ខ្ញុំអត់ចាប់ ដល់ពេលឡើងលើយន្តហោះហើយ សូម្បីតែយន្តហោះរត់លើផ្លូវរៀបឡើងក៏ដោយ ក៏ឱ្យយន្តហោះនោះវិលត្រឡប់មកវិញបានដែរ ហើយចាប់បានព្រោះរត់ម៉េចរួច បើគេចង់ចាប់ ។
ថៅកែបាតុកម្ម ស៊ូស្លាប់ជាមួយបងប្អូន បុ៉ន្តែមិនស៊ូងាប់ជាមួយបងប្អូនទេ ។ ស៊ូស្លាប់និយាយផ្សេង បុ៉ន្តែស៊ូងាប់មិនងាយទេណា ។ សម្តេចមានប្រសាសន៍ថា ខ្ញុំគ្រាន់តែដាស់តឿន កុំស្អីឡើងបាតុកម្មៗ បើសិនផ្អាកនិយាយសិនបានទេបាតុកម្មហ្នឹង ហើយលោកឯងចង់ស្គាល់រសជាតិទេ ?
ប្រយ័ត្នពេលចូលឆ្នាំនាំគ្នាធ្វើបាតុកម្ម ខ្ញុំមិនចង់ថាទេ ក្រែងលោមានបញ្ហាចូលឆ្នាំ ខ្ញុំគ្រាន់តែដាស់តឿនទេ ដើម្បីរក្សាស្ថានភាពចូលឆ្នាំ ព្រោះគេថាដើម្បីគេចពីសង្គ្រាម ត្រូវរៀបចំសង្គ្រាម ។ បក្សនយោបាយ កាលណាគេឡើងកាន់អំណាចហើយ គឺដំបូងបំផុតគេកាន់កម្លាំងប្រដាប់អាវុធ កាន់រដ្ឋបាលទាំងអស់ក្នុងប្រទេសហ្នឹង ។ ដូច្នេះក្នុងពេលចូលឆ្នាំថ្មីខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីអំពាវនាវ ៖
ទី១-ធ្វើយ៉ាងណា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ថ្នាក់ គ្រប់មូលដ្ឋានទាំងអស់ មិនថាក្រុងភ្នំពេញទេ គ្រប់ទីកន្លែងទាំងអស់រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម ការពារប្រជាពលរដ្ឋ ។ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋយើងបានទទួលនូវការសប្បាយ ត្រូវការពារប្រជាពលរដ្ឋ។ ទី២-ចំពោះការធ្វើចរាចរណ៍ ត្រូវខិតខំធ្វើយ៉ាងម៉េចបញ្ចៀសនូវគ្រោះថ្នាក់ ទៅសប្បាយ ហើយដល់ពេលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព កុំទៅហើយត្រឡប់មកវិញមកទាំងធាតុឱ្យសោះ ឬត្រឡប់មកវិញមិនបានដល់ផ្ទះ គឺនៅក្នុងមន្ទីរពេទ្យ ។ ការបើកបរគឺត្រូវគោរពច្បាប់ចរាចរណ៍ ខិតខំចៀសវាងនូវគ្រោះថ្នាក់ ។ បើយើងគោរពច្បាប់ទាំងអស់គ្នា គឺកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នេះ ។ ទី៣-ទាក់ទងនឹងការលេងរបស់យុវជន ការប៉ាតម្សៅ ជះទឹក គឺមិនមែនជាល្បែងមានលក្ខណៈជាប្រពៃណីខ្មែរទេ ថែមទាំងបង្កើតរឿងច្រើនណាស់ ហើយក៏គ្រោះថ្នាក់ដោយសារល្បែងទាំងនោះទៀតផង ។
ជាចុងក្រោយ សម្តេចបានអំពាវនាវកុំឱ្យសណ្ឋាគារ ផ្ទះសំណាក់ សេវាដឹកជញ្ជូនឡើងថ្លៃ ត្រូវរក្សាថ្លៃនៅដដែល បើចំណេញក៏ចំណេញតិច តែលក់ឱ្យបានច្រើន កុំឡើងថ្លៃពេក ព្រោះកន្លែងទេសចរណ៍មិនមែនមានតែមួយកន្លែងទេ ដោយសារផ្លូវថ្នល់យើងធ្វើបានឆ្ងាយហើយ កន្លែងណាក៏ទៅដល់ដែរ ដូច្នេះភ្ញៀវក៏មិនទៅតែមួយកន្លែងទេ ៕
ចែករំលែកព័តមាននេះ