ខេត្តកំពង់ស្ពឺ ៖ ថ្លែងបញ្ជាក់ជាថ្មីទៀតលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទបានប្រកាសថា ការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាអំពើខុសច្បាប់មិនថា ប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ ។ ការថ្លែងបែបនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលានេះ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលហ្វិកហ្វឺនភ្នំស្រង់ របស់បញ្ជាការដ្ឋានអង្គរក្ស និងខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលមានគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាព គឺតែងតែញុះញង់ដោយអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធឲ្យចូលរួម ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ។ ប៉ុន្តែនៅគ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកម្លាំងប្រដាប់អាវុធ គឺជាអំពើខុសច្បាប់មិនថា ប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ ។ លោកបញ្ជាក់បន្ថែមថា គ្មានអ្វីដែលនាំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិយើងតាមរយៈការវាយប្រហារគ្នានោះទេ ហើយយើងមិនចាំបាច់មើលដល់៤០ឆ្នាំមុនទេ ប៉ុន្តែមើលតែប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាសព្វថ្ងៃ តើមានប្រទេសណាមួយដែលមានសេចក្តីសុខ? ។
លោក ហ៊ុន ម៉ាណែត បានរម្លឹកថា ចំពោះយុវជនជំនាន់ក្រោយ អ្នកដែលមិនបានឆ្លងកាត់ សង្គ្រាមត្រូវចាំថា គោលដៅធំបំផុតរបស់យើងត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីប្រជាពលរដ្ឋ និងកូនចៅយើងគ្រប់ជំនាន់តទៅទៀត ។ សូមកុំឲ្យសុខសន្តិភាពបាត់បង់ ហើយកុំចង់សាកនៅពេលដែលវាបាត់បង់ ។ ប៉ុន្តែលោកថា ខណៈនេះនៅតែមានអ្នកនយោបាយខ្លះនៅតែចង់បំផ្លាញសុខសន្តិភាពដោយញុះញង់បំផុសបំផុលកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលធ្វើឲ្យប្រទេសខ្ទេចខ្ទាំ ប្រជាជនលំបាកវេទនា ដើម្បីមហិច្ឆតានយោបាយរបស់ខ្លួន ។
ដូច្នេះកងកម្លាំងប្រដាប់អាវុធត្រូវតែច្បាស់លាស់ដាច់ខាតមិនអាចជា ឧបករណ៍បំផ្លាញសុខសន្តិភាពមិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នកនយោបាយណាដែលមិនគោរពព្រះមហាក្សត្រដែលមិនគោរពរដ្ឋធម្មនុញ្ញលទ្ធិប្រជាធិបតេយ្យដែលបោះឆ្នោតមិនឈ្នះហើយទៅបបួលគេធ្វើរដ្ឋប្រហារ ។ ដូច្នេះកុំឲ្យមានប្រវត្តិសាស្ត្រដូចអតីតកាល ។
មេបញ្ជាការកងទ័ពជើងគោករូបនោះបានលើកឡើងថា ការនិយាយស្ដីរបស់មេដឹកនាំម្នាក់ដោយគ្មានការទទួលខុសត្រូវ ហើយចង់មកដឹកនាំប្រទេសដោយបបួលគេធ្វើរដ្ឋប្រហារបំផ្លាញជាតិដើរវាយប្រហារការឆ្កឹះឆ្កៀលញុះញង់គ្រប់បែបយ៉ាងក្នុងគោលបំណងបំផ្លាញសុខសន្តិភាពស្ថេរភាពនៅក្នុងប្រទេស ។ ដូច្នេះអ្វីដែលសំខាន់ សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ពិនិត្យមើលឱ្យច្បាស់ប្រកាន់ជំហរឲ្យនឹងនរច្បាស់លាស់ ដើម្បីការពារថ្នាក់ដឹកនាំ ដើម្បីឲ្យថ្នាក់ដឹកនាំដោះស្រាយការងារធំៗយកសន្តិសុខ សន្តិភាពជូនជាតិ និងប្រជាជន ។ លោកក៏បានសង្កត់ធ្ងន់ថា ការឆ្លងកាត់ និងការលះបង់របស់អ្នកថ្នាក់ដឹកនាំប្រឈមគ្រោះថ្នាក់ច្រើនណាស់ដើម្បីឲ្យបានអ្វីៗមកដល់សព្វថ្ងៃនេះ ។
ដូច្នេះយើងត្រូវដាច់ខាតបន្តស្នាដៃបន្តកសាងសមិទ្ធផលជូនជាតិមាតុភូមិបន្តទៀតព្រោះថា កងទ័ពភ្ជាប់និស្ស័យជាមួយនឹងប្រជាជនកងទ័ពជារបស់ប្រជាជនជាកូនចៅប្រជាជនបម្រើប្រជាជន ។ នេះ គឺជាអ្វីដែលសំខាន់ដែលត្រូវធ្វើភាពស្មោះត្រង់ដាច់ខាត ។ លោកបានបញ្ជាក់ជាចុងក្រោយថា គោលដៅសំខាន់២នៃគោលនយោបាយការពារ ជាតិរបស់យើង គឺការធ្វើឲ្យមានសន្តិភាព ឋិតថេរយូរអង្វែង និងការកសាងឱកាសសម្រាប់កម្ពុជា ។
លោកបន្តថា សន្តិភាពស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជា កំពុងមាននៅក្នុងពេលបច្ចុប្បន្នកំពុងផ្តល់ឱកាសដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរៈភូមិន្ទ ។ លោកក៏បានលើកឡើងផងដែរថា កិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារៈសំខាន់បំផុតដែលកងយោធពលខេមរភូមិន្ទត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងទទួលខុសត្រូវ ដើម្បីធានាបានទាំងស្រុងនូវសុខសន្តិភាពស្ថិរភាពសន្តិសុខ ស្ថិតស្ថេរ យុវវ័យកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ និងបន្តលើកកម្ពស់កិច្ចសហប្រជាជាតិឱ្យបានកាន់តែទូលំទូលាយថែមទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ