ស្ត្រេសជាបញ្ហាមួយដែលគ្រប់គ្នាមិនថាមនុស្សចាស់ឬ ក្មេងនោះទេ ពិបាកគេចខ្លាំងណាស់គ្រាន់តែបញ្ហាស្ត្រេសខ្លះអាចដោះស្រាយ បាន ស្ត្រេសខ្លះមិនអាចដោះស្រាយបានធ្វើឱ្យអ្នកមានសភាពហត់នឿយ ឈឺក្បាល និងឆាប់ឆេវឆាវ ដែលស្ថានភាពបែបនេះបានបង្កឱ្យមានផលវិបាកទាំងខ្លួនឯងនិងជះ ឥទ្ធពលដល់សេដ្ឋកិច្ចគ្រួសារផងដែរ ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតយឹម សុបុត្រា ប្រធានផ្នែកជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានប្រាប់កោះសន្ដិភាពឱ្យដឹងថា ជំងឺស្ត្រេសមានច្រើនប្រភេទដូចជា
-ស្ត្រេសតានតឹងក្នុងចិត្តជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និងរាងកាយជាប្រភពនាំឱ្យមានការតានតឹងក្នុងចិត្ត ។
– ស្ត្រេសមានប្រភពពីបរិស្ថានការងារ និងសង្គម ។
– ស្ត្រេសជាបញ្ហាមួយស្ទើរតែកើតមានគ្រប់បុរស-ស្ត្រីមិនថា អ្នកមាន អ្នកក្រ អ្នកជនបទ ឬអ្នកទីក្រុងទេ ។
– ស្ត្រេសនាំឲ្យមានបញ្ហាដល់ផ្លូវចិត្តនិងផ្លូវកាយ ។ ស្ត្រេសមានពីរប្រភេទអវិជ្ជមាន និងវិជ្ជមាន៖
១-អវិជ្ជមាន ដូចជា ការបាត់បង់ការងារឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះសម្បែង ក្នុងសាលារៀន ឬក្នុងការិយា
ល័យ។
២-វិជ្ជមាន ដូចជា ការមានបុត្រដំបូង ទើបអាពាហ៍ពិពាហ៍ ឬទើបមានផ្ទះសម្បែងថ្មី ។ល។
រោគសញ្ញាស្ត្រេសដែលគួរឲ្យកត់សម្គាល់មាន៖
១-ការបម្រែបម្រួលរាងកាយ
- បេះដូងដើរញាប់ និងចង្វាក់ដង្ហើមខ្លីៗ
- ឈឺក្បាលវិលមុខ
-ត្រជាក់ចុងដៃចុងជើង
-រសេះរសោះ អស់កម្លាំងល្ហិតល្ហៃ
-ឈឺចុកចាប់ក្នុងពោះ ចង្អោរ ឬរកកល់់ក្អួត
-នោមញឹក
២-ការបម្រែបម្រួលផ្លូវអារម្មណ៍
- តានតឹងក្នុងចិត្ត
- ព្រួយចិត្តឬធ្លាក់ទឹកចិត្ត
- ព្រួយបារម្មណ៍
- ឆេវឆាវឬខឹងច្រើន
៣-បម្រែបម្រួលអាកប្បកិរិយា
- មិនចង់ចូលរួមកិច្ចការក្នុងសង្គម
- វិបត្តិដំណេក
– វិបត្តិផ្លូវភេទ
៤-បម្រែបម្រួលលើគំនិត
- ការចងចាំ និងការផ្ចង់គំនិតថយចុះ
- ពិបាកក្នុងការសម្រេចចិត្ត
- មានគំនិតអវិជ្ជមាន
- អស់សង្ឃឹមក្នុងការរស់នៅ
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានប្រាប់ឲ្យដឹងផងដែរពីវិធីសាស្ត្រងាយៗក្នុងការគ្រប់គ្រងស្ត្រេសមាន ៖
១-ការកំណត់សញ្ញាស្ត្រេសឲ្យឃើញតាំងតែពីដំបូង
២-វិភាគឲ្យឃើញនូវប្រភព ឬមូលហេតុស្ត្រេស
៣-ការឆ្លើយតបដោយវិធីសាស្រ្តដ៏មានប្រសិទ្ធភាពឬដោះស្រាយនូវរាល់ប្រភពស្ត្រេសទាំងនេះដូចជា
- ការចំណាយពេលវេលាលំហែនៅខាងក្រៅផ្ទះ ឬការិយាល័យ
- ប្រើវិធីសាស្រ្តសម្រួលផ្លូវដង្ហើមនៅពេលតានតឹងក្នុងចិត្ត
- សម្រាកសាច់ដុំជាដំណាក់កាលៗ
៤-រកវិធីសាស្ត្រការពារស្ត្រេសថ្មីផ្សេងទៀតកុំឱ្យកើតមាន ។
៥-លេងសើចសប្បាយឲ្យបានច្រើនជាមួយអ្នករួមការងារ មិត្តភក្ដិ និងក្រុមគ្រួសារ។
៦-កម្សាន្តតាមទីរមណីយដ្ឋាននានា
- ធ្វើដំណើរដោយថ្មើរជើង ឬធាក់កង់ទៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធឬក៏ឡើងភ្នំជាដើម ។
៧-ព្យាបាលតាមបែបម៉ាស្សា
៨-ធ្វើសមាធិវិបស្សនា-yoga
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
- ទទួលទានឱ្យមានតុល្យភាពរវាងសាច់ បន្លែ ផ្លែឈឺ និងគ្រាប់ធញ្ញជាតិនានា
- កុំទទួលទានគ្រឿងស្រវឹង ឬគ្រឿងញៀនកាហ្វេ ឬបារី ដែលជាកត្ដាបង្កើនស្ត្រេសទ្វេ
ដង ៕
ចែករំលែកព័តមាននេះ