ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ណយ​ និង​រិទ្ធ​ កៅ ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ​និង​ម្ចាស់​ពាន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាលពី​ថ្ងៃ​សុក្រ​ ទី​៤ មេសា​ និង​ថ្ងៃ​សៅរ៍​ ទី​៥ មេសា​ កីឡាករ​ជើង​ខ្លាំង​២​រូប​ គឺ​កីឡាករ​វង្ស ណយ​ និង​កីឡាករ​រិទ្ធ កៅ​ បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ និង​ម្ចាស់​ពាន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​លើរេញ​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ។​ ជ័យ​ជម្នះ​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​មាន​ការ​កោត​សរ​សើរ​យ៉ាងខ្លាំង​ ពិសេស​ក្នុង​ចង្កោម​អ្នក​ទស្សនា​ភាគ​ច្រើន​ផ្ទាល់​តែ​ម្តង ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាលពី​ថ្ងៃ​សុក្រ​ ទី​៤ មេសា​ និង​ថ្ងៃ​សៅរ៍​ ទី​៥ មេសា​ កីឡាករ​ជើង​ខ្លាំង​២​រូប​ គឺ​កីឡាករ​វង្ស ណយ​ និង​កីឡាករ​រិទ្ធ កៅ​ បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ និង​ម្ចាស់​ពាន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​លើរេញ​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ។​ ជ័យ​ជម្នះ​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​មាន​ការ​កោត​សរ​សើរ​យ៉ាងខ្លាំង​ ពិសេស​ក្នុង​ចង្កោម​អ្នក​ទស្សនា​ភាគ​ច្រើន​ផ្ទាល់​តែ​ម្តង ។​

កីឡាករ​វង្ស ណយ​ មក​ពី​ក្លិប​ទី​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ គឺ​ជា​អ្នក​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នាំ​មុខគេ​ បន្ទាប់​ពី​យក​ឈ្នះ និង​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ពី​កីឡាករ​​កែវ រំចង់​ ដែល​ជា​គូ​ប្រកួត​ស៊ី​សាច់​ហុត​ឈាម​មក​ពី​ក្លិប​​កង​ពល​ធំ​អន្តរាគមន៍​លេខ​៨​ ភ្នំ​ទ្រព្យ​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ។​ ការ​ប្រកួត​រវាង​គូ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ក្នុង​ចំណោម​អ្នក​ទស្សនា​ដែល​មាន​ចំនួន​រាប់​ពាន់​នាក់។​ កីឡាករ​វង្ស ណយ​ ធ្លាប់​យក​ឈ្នះ​ កែវ រំចង់​ ពីរ​លើក​រួច​មកហើយ​កាល​ពី​ថ្ងៃទី​៨​ វិច្ឆិកា​ និង​លើក​ទី២​ កាលពី​ថ្ងៃ​ទី​៦​ ធ្នូ​​ ឆ្នាំ​២០១៣ ។​ ងាក​មក​កាន់​ការប្រកួត​ជា​លើកទី​៣​ ដែល​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នោះ​វិញ​ ពួកគេ​មាន​ការ​វាយ​សម្រុក​ដាក់គ្នា​យ៉ាងខ្លាំង​តាំង​ពី​ទឹក​ទី​១​ ។ ចូល​ដល់​ទឹកទី​២​ កីឡាករ​ទាំងពីរ​បាន​ធ្វើ​ការ​វាយ​សម្រុក​គ្នា​កាន់តែ​ខ្លាំង​ ដោយ​កីឡាករ​វង្ស ណយ​ បាន​ទទួល​លទ្ធ​ផល​ល្អ​ជាង​ ពិសេស​ក្នុង​ពេល​គេ​បោះ​កែង​ចូល​គុម្ព​ថ្គាម​ ហើយ​ធ្វើ​ឱ្យ​កីឡា​ករ​កែវ រំចង់​ ដួលទៅ​លើ​ក្តារ​តា​ពី​នៅ​ចុង​ទឹក​ទី​២​ ត្រូវ​អាជ្ញា​កណ្តាល​រាប់​ដល់​៨​ ដូច​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​លើក​ទី​២។​ នៅ​​ទឹក​ទី​៣​ កែវ រំចង់​ បាន​វាយ​បក​សង​សឹក​ និង​ធ្វើ​ឱ្យ​កីឡាករ​វង្ស ណយ​ បែក​មាត់​ហូរឈាម ។​ ប៉ុន្តែ​កីឡាករ​វង្ស ណយ​ នៅ​តែ​មាន​ស្មារតី​រឹង​​មាំ​ ហើយ​ដេញ​វាយ​ កែវ រំចង់ ធ្វើ​ឱ្យ​គេរត់​ពេញ​រេញ​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាញ់​ប្រៀប​វិញ ។​

ក្នុងទឹកទី​៤ និង​ទី​៥​ ពួកគេ​ម្នាក់ៗ​ហាក់​ថមថយ​កម្លាំង​រៀង​ខ្លួន​ ខណៈ​​កីឡាកររ​ង្ស ណយ​ នៅតែ​រក្សា​សន្ទុះ​វាយ​លុកបាន​ល្អ ហើយ​បន្ត​ដេញ​វាយ​ទៅ​លើ​កីឡា​ករ​កែវ រំចង់​ កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កោត​សរ​សើរ ។​ កីឡាករ​វង្ស ណយ​ ត្រូវ​គណៈ​កម្មការ និង​មហា​ជន​កាត់​សេចក្តី​ឱ្យ​ឈ្នះ​នៅ​នាទី​ចុង​ក្រោយ ខណៈ​ដែល​កែវ រំចង់​ មិន​ព្រម​ទទួល​ស្គាល់​​ការ​ពិត​ ហើយ​សម្តែង​កាយ​វិការ​មិន​ចង់​នៅ​លើ​រេញ​ ក្នុង​ពេល​មាន​ការ​ប្រគល់​ខ្សែ​ក្រវាត់​ស៊ីម៉ងត៍​ភ្នំ ដែល​គេធ្លាប់​​គ្រប់គ្រង​ទៅ​ឱ្យ​កីឡា​ករ​វង្ស ណយ ។​ ជ័យ​ជម្នះ​របស់​ វង្ស ណយ​ បាន​ធ្វើ​ឱ្យ​ម្នាក់ៗ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ ដោយ​អ្នក​ទស្សនា​កំពុង​ចារឹក​ឈ្មោះ​របស់​គេ​ជំនួស កែវ រំចង់​ នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​ទៀត​ផង ។​

ដោយ​ឡែក នៅ​ថ្ងៃសៅរ៍​កាល​ពី​ម្សិល​ម៉្ងៃ​ កីឡាករ​​រិទ្ធ​ កៅ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​នៃ​កង​យោធពល​ខេមរ​​ភូមិន្ទ​ ក៏​ជា​អ្នក​ទទួល​បាន​តំណែង​ខ្លាំង​គួរ​ជា​ទី​មោទនៈ​ផងដែរ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ជួប ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ក្នុង​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​វគ្គ​ដណ្តើម​យក​ពាន​កិត្តិ​យស​របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័នប្រចាំ​ឆ្នាំ​២០១៤​ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ។ ការ​ប្រកួត​នេះ​ក៏​មាន​អ្នក​ទស្សនា​កក​កុញ​ពេញ​សង្វៀន​ផងដែរ​ ដោយសារ​តែ​នោះ​គឺ​ជាការ​ប្រកួត​ចុង​បញ្ចប់ និង​ការ​ប្រកួត​កំណត់​យក​ម្នាក់​ដើម្បី​ក្លាយ​ខ្លួន​ជា​ជើង​ឯក​ចុង​ក្រោយ​ក្តោប​ក្តាប់​ពានរបស់​ទូរ​ទស្សន៍​បាយ័ន និង​ឈ្នះ​ទឹកប្រាក់​២​លាន​រៀល​ ។ នេះ​ជា​ការ​ប្រកួត​ទ្រង់​ទ្រាយ​ធំ​ដូចគ្នា​ បើ​ធៀប​នឹង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​រវាង​កីឡាករ​វង្ស ណយ​ និង​កីឡាករ​កែវ រំចង់​ ដែល​សុទ្ធ​សឹង​​ជា​ស្តេច​ប្រដាល់​ក្នុង​លំដាប់​ជួរ​មុខ​ដូចគ្នា​ក្នុង​ពិភព​ប្រដាល់​ខ្មែរ ។​ តំណែង​ជា​ម្ចាស់​ជើង​ឯក​ ឬ​ជា​ម្ចាស់​​ពាន​កិត្តិ​យស​របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​លើក​​នេះ​ កីឡា​ករ​រិទ្ធ កៅ នឹង​ក្លាយ​ជា​កីឡាករ​មួយ​រូប​ថ្មី​ដែល​ត្រូវ​គេចារឹក​ទុក​ក្នុង​បញ្ជី​ជា​កីឡាករ​ជើង​ខ្លាំង​ បើ​ទោះ​ជា​ក្រោយ​ក្តោប​ក្តាប់​ពាន​ដែល​ទើប​ដណ្តើម​បាន​នេះ​នៅ​មិន​ដឹង​ថា​ គេ​នឹង​បោះ​ជំហាន​កម្រិត​ណា​នៅ​ឡើយ​ក៏​ដោយ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព