ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី៤ មេសា នេះប្រជាពលរដ្ឋភូមិឡពាង ឃុំតាជែស ស្រុកកំពង់ត្រឡាច ចំនួន២១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ៥២គ្រួសារដែលមានវិវាទជាមួយក្រុមហ៊ុនខេ ឌី ស៊ី បានយល់ព្រមទទួលថវិកាដោះស្រាយគោលនយោបាយតាមការឯកភាពគ្នារវាងភាគីទាំង២ហើយ បន្ទាប់ពីមានការសម្របសម្រួលនៅសាលាស្រុកកំពង់ត្រឡាចនៅព្រឹកថ្ងៃដដែលនេះ ក្នុងនោះប្រជាពលរដ្ឋដែលនៅសេសដល់កំពុងបន្តធ្វើការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។
នេះជាការដោះស្រាយយ៉ាងឆាប់រហ័ស បន្ទាប់ពីគណៈកម្មការដំណោះស្រាយវិវាទបានធ្វើការងារនេះតាំងពីចុងខែមីនាកន្លងមក។
សូមបញ្ជាក់ថា វិវាទដីធ្លីខាងលើនេះបានអូសបន្លាយជាយូរឆ្នាំមកហើយ ប៉ុន្តែការដោះស្រាយពុំទទួលបានលទ្ធផលឡើយ ទើបតែពេលថ្មីៗនេះ គណៈកម្មការមួយត្រូវបានបង្កើតឡើងដែលមានសមាសភាពលោកជំទាវអភិបាលរងខេត្តជាប្រធាន និងមានសមាគមក្រៅរដ្ឋាភិបាលជាសមាជិកមានសមាសភាព១៥រូប បានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋចំនួន២លើក កាលពីចុងខែមីនា និងនៅព្រឹកថ្ងៃទី៤ មេសា ២០១៤ នេះ គឺបានទទួលលទ្ធផលល្អប្រសើរជាបណ្តើរៗតាមការគ្រោងទុក។
ចែករំលែកព័តមាននេះ