ខេត្តរតនគិរី ៖ ផ្ទះតៀមពីរខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្ដារ ដែលមានទំហំ១២×១២ ត្រូវភ្លើងឆាបឆេះខ្ទេចគ្មានសល់ ខណៈម្ចាស់ផ្ទះដាំបាយហើយចាក់សោចេញទៅរើសគ្រាប់ស្វាយចន្ទី ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ មេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំឯកភាព ស្រុកអូរជុំ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយចេញពីផ្ទះបាយ ដោយធុំក្លិនឆ្ងៀមយ៉ាងខ្លាំង ពេលនោះអ្នកនៅជិតខាងបានរត់ទៅប្រាប់ ប៉ុន្តែផ្ទះត្រូវបានចាក់សោពុំមាននរណាម្នាក់នៅផ្ទះឡើយ ព្រោះម្ចាស់ផ្ទះបានទៅរើសគ្រាប់ស្វាយចន្ទីនៅចម្ការ។ ប្រភពបន្តទៀតថា ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គិភ័យខាងលើមានឈ្មោះ ហេង ហៅកុងហេង ជនជាតិខ្មែរ ។ ជារៀងរាល់ថ្ងៃក្រុមគ្រួសារនេះតែងតែចេញពីផ្ទះទៅចំម្ការរើសគ្រាប់ស្វាយចន្ទី ព្រោះរដូវនេះជារដូវប្រមូលផលដំណាំស្វាយចន្ទី។
សូមបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យខាងលើនេះពុំមានបណ្តាលឲ្យនរណាម្នាក់រងរបួស ឫគ្រោះថ្នាក់ដល់អាយុជីវិតទេ តែទ្រព្យសម្បត្តិនៅក្នុងផ្ទះមានការខូចខាតទាំងស្រុង។ ក្នុងហេតុការណ៍នេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញទៅជួយពន្លត់ដែរ តែអកុសលទម្រាំទៅដល់ភ្លើងឆេះផ្ទះហ្មត់ទៅហើយ ដោយពុំមានរាលដាលទៅដល់លំនៅឋានអ្នកដ៏ទៃឡើយ ៕
ចែករំលែកព័តមាននេះ