រាជធានីភ្នំពេញ ៖ កូនស្រីភ្លោះ២នាក់បងប្អូន ដែលកើតនៅក្នុងគ្រួសារក្រីក្រមួយ ឪពុកម្តាយធ្វើជាកម្មករ-កម្មការិនីរោងចក្រកាត់ដេរ បានស្លាប់ទៅវិញក្នុងពេលម៉ោងតែមួយ ខណៈឪពុកម្តាយមិនបានមើលថែពួកនាងជាប់លាប់ ព្រោះតែជាប់រវល់ធ្វើការងារ ហើយពួកនាងនាំគ្នាចេញក្រៅផ្ទះ ចុះទៅលេងទឹករណ្តៅមួយកន្លែង ដែលអ្នកជិតខាងជីកជម្រៅជាង២ម៉ែត្រ សម្រាប់យកទឹកស្រោចស្រពដំណាំ ក៏បណ្តាលឱ្យលង់ទាំង២នាក់ ។
ពួកនាងតូចបានចុះទៅងូតទឹក និងហែលទៅចាប់យកបន្ទះស្នោ ដែលអណ្តែតលើផ្ទៃទឹកនៅកណ្តាលស្រះ ដើម្បីជិះលេង ហើយផុតដៃផុតជើង ក៏លិចទៅក្នុងទឹក ។ ពេលនោះឪពុកម្តាយបានចុះទៅរាវរកប្រទះឃើញកូនស្រីភ្លោះស្លាប់ទាំងពីរនាក់ឱបជាប់គ្នាគួរឱ្យសង្វេគបំផុត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី២ មេសា នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ក្មេងស្រីភ្លោះនេះ ម្នាក់ឈ្មោះ ឆឺន ចាន់លីយ៉ា និងម្នាក់ទៀតឈ្មោះ ឆឺន ចាន់ដារ៉ា អាយុ៨ឆ្នាំ ឪពុកឈ្មោះ ឆន ប៊ុនធី អាយុ៤១ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ម្តាយឈ្មោះ លី វាសនា អាយុ៣២ឆ្នាំ ក៏ជាកម្មការិនីរោងចក្រកាត់ដេរដែរ ។ ពួកគេស្នាក់នៅផ្ទះជួលក្នុងភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មាន ឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីភ្លោះទាំង២នាក់នេះ និងក្មេងស្រីម្នាក់ផ្សេងទៀត ដែលជាកូនរបស់អ្នកភូមិជាមួយគ្នា បាននាំគ្នាដើរទៅលេងទឹកស្រះនោះ ហើយទៅដល់ពេលក្មេងស្រីភ្លោះទាំង២នាក់បងប្អូន នាំគ្នាចុះងូតទឹកលេង ។ បន្ទាប់មកពួកគេបានហែលទៅចាប់យកបន្ទះស្នោ ដែលអណ្តែតទឹក ក្នុងបំណងយកមកជិះលេង ខណៈនោះស្រាប់តែផុតដៃផុតជើងលិចទៅក្នុងទឹកស្លាប់ទាំងពីរនាក់តែម្តង ចំណែកក្មេងស្រីម្នាក់ទៀត ដែលទៅជាមួយ មិនបានចុះងូតទឹកទេ នៅឈរលើគោក ។ នៅពេលឃើញបងប្អូនស្រីភ្លោះទាំង២នាក់ លង់ទឹក ក្មេងស្រីម្នាក់ទៀតនោះ ក៏រត់ទៅប្រាប់ចាស់ៗនៅក្នុងភូមិ ព្រមទាំងឪពុកម្តាយក្មេងស្រីភ្លោះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មក គេបាននាំគ្នាចុះរាវរកមើល ទើបប្រទះឃើញពួកគេស្លាប់ឱបជាប់គ្នា ។ ប្រភពដដែលឱ្យដឹងទៀតថា គ្រួសារមួយនេះ មានកូនភ្លោះស្រី២នាក់ ជាកូនដំបូង ឯកូនទី២ គឺជាកូនប្រុស ដែលមានអាយុទើបតែ៤ខែ ហើយស្រះទឹកដែលពួកនាងលង់ស្លាប់នោះ ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រ ពីផ្ទះជួល ។
ក្រោយពេលកើតហេតុ ឪពុកម្តាយរបស់កូនស្រីភ្លោះទាំង២នាក់នេះ មានការសោកសង្រេងយ៉ាងខ្លាំង ហើយសពត្រូវបានដឹកបញ្ជូនទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី នៅល្ងាចថ្ងៃដដែល ។ នេះគឺជាមេរៀនមួយសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលឪពុកម្តាយឬអាណាព្យាបាលគ្រប់រូប គួរតែមានការប្រុងប្រយ័ត្ន មើលថែកូនចៅឱ្យបានល្អ ចៀសវាងមានគ្រោះថ្នាក់បែបនេះកើតឡើង គឺមានតែការសោកស្តាយប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ