ខេត្តតាកែវ ៖ ជនសង្ស័យជាចោរប្លន់ម៉ូតូចំនួន២នាក់ ម្នាក់ត្រូវប្រជាពលរដ្ឋព្រួតវាយស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតត្រូវនគរបាលស្រុកបាទីចាប់ខ្លួនបាន ខណៈពេលជនទាំង២នាក់នេះ ធ្វើសកម្មភាពប្លន់ម៉ូតូពីសិស្សស្រីម្នាក់នៅទឹកដីស្រុកស្អាង ខេត្តកណ្តាល រួចជិះម៉ូតូរត់ចូលមកស្រុកបាទី ខេត្តតាកែវ ។ តាមប្រភពព័ត៌មានពីករណីប្លន់ម៉ូតូនេះ គឺជនសង្ស័យមិនបានធ្វើឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសអ្វីទ្បើយ ។
ហេតុការណ៍ប្រជាពលរដ្ឋព្រួតគ្នាវាយសម្លាប់ជនសង្ស័យប្លន់ម៉ូតូនេះ បានកើតទ្បើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣ មេសា នៅភូមិស្វាយខម ឃុំចំប៉ី ស្រុកបាទី ។ លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ឱ្យដឹងថា ជនម្នាក់ដែលប្រជាពលរដ្ឋព្រួតវាយស្លាប់នោះឈ្មោះដេ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះដែលប្លន់បាន ឯម្នាក់ទៀតដែលចាប់ខ្លួនបាន ឈ្មោះ ធល់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលៀន ឃុំចំបក់ ស្រុកបាទី ជិះម៉ូតូរបស់បក្សពួកម៉ាកនិច ។
លោកអធិការនគរបាលស្រុកបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពប្លន់ម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1PF-7775 ពីសិស្សស្រីម្នាក់ឈ្មោះ ជុំ គឹមហ៊ុយ អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ មេសា រួមជាមួយខ្សែក១ខ្សែតម្លៃ២លានរៀល ខ្សែដៃប្លាទីន២ជី និងទូរស័ព្ទ១គ្រឿង ។ នៅពេលប្លន់បានហើយពួកចោរនេះបានជិះម៉ូតូរត់គេចខ្លួនពីនគរបាលខេត្តកណ្តាល ដែលដេញតាមមកពីក្រោយរហូតដល់ទឹកដីស្រុកបាទី ហើយម្នាក់ដែលត្រូវប្រជាពលរដ្ឋវាយស្លាប់នេះជិះម៉ូតូរបស់ជនរងគ្រោះដែលប្លន់បានរត់ទៅវាលបឹងក្នុងភូមិខាងលើ ក៏ជួបនឹងប្រជាពលរដ្ឋកំពុងធ្វើស្រែប្រាំង ក៏បានដេញ ។
ក្នុងស្ថានភាពស្លន់ស្លោជននេះ ក៏ផ្តួលម៉ូតូចោលក្នុងបំណងរត់គេចខ្លួន បុ៉ន្តែត្រូវប្រជាពលរដ្ឋព័ទ្ធជាប់ និងវាយរហូតដល់ស្លាប់ ។ ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូម៉ាកនិច ពាក់ស្លាកលេខសៀមរាប 1Q-0224 រត់ទៅដល់ភូមិទន្លេបាទី ឃុំត្រាំងធ្នង់ ក៏ត្រូវនគរបាលចាប់ខ្លួនបាន ។ តាមមន្ត្រីនគរបាលឱ្យដឹងថា ជនដែលចាប់ខ្លួនបាននេះត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី៤ មេសា ៕
ចែករំលែកព័តមាននេះ