ខេត្តកំពត ៖ បុរសម្នាក់ បានត្រូវជនពីរនាក់ជាឪពុកនិងកូនកាប់នឹងកាំបិតលៀមជិតដាច់កបណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុតដោយសារទំនាស់រឿងព្រំដី ។ ហេតុការណ៍រហូតឈានដល់ការកាប់សម្លាប់គ្នាយ៉ាងសាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១ មេសា នៅក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមៈធុរិទ្ធ ស្នង ការរងនគរបាលខេត្ត និងជានាយការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ក្រោយពីមានពាក្យបណ្ដឹងពីក្រុមគ្រួសាជនរងគ្រោះមកកាន់ស្នងរដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីថ្លាង ភិរិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាមកការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ ហើយលោកក៏បានដឹកនាំកម្លាំងចុះពិនិត្យសពនៅកន្លែងកើតហេតុនាវេលាម៉ោង៧ព្រឹកថ្ងៃទី២ មេសា ។
លោកវរសេនីយ៍ទោ គង់ សុខន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ក្រោយពេលកម្លាំងសមត្ថកិច្ចទៅដល់កន្លែងកើតហេតុនោះ ខាងសមត្ថកិច្ចជំនាញបច្ចេកទេសបានពិនិត្យនិងធ្វើកោសល្យវិច័យសព និងកម្លាំងមួយផ្នែកទៀតធ្វើការសើុបអង្កេតព័ត៌មានពីសាក្សីដើម្បីឈានទៅដល់ការឃាត់ខ្លួនជនល្មើស ។
លោកបន្តទៀតថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមការចង្អុលបង្ហាញពីសាក្សីគឺ បុរសជាជនសង្ស័យឈ្មោះសៅ ធឿន អាយុ៥៤ឆ្នាំ ជាឪពុក ចំណែកកូនប្រុសឈ្មោះសៅ រ៉ៃ អាយុ៣៥ឆ្នាំ បានគេចខ្លួន ។ បុរសជាកូននេះស្វិតជើងខាងស្ដាំពីកំណើតផងដែរ ។ សាក្សីបានបំភ្លឺប្រាប់សមត្ថកិច្ចថា ទាំងពីរនាក់ឪពុកនិងកូននេះជាជនដៃដល់ ប៉ុន្តែក្រោយពេលធ្វើសកម្មភាពរួចឪពុកបានឱ្យកូនរត់គេចខ្លួន ចំណែកឪពុកដើរមកផ្ទះរបស់ខ្លួនវិញសម្ងំនៅផ្ទះធ្វើជាមិនដឹងរឿង ។ នៅក្រោយពេលសមត្ថកិច្ចហៅមកសាកសួរទើបឈ្មោះសៅ ធឿន នេះសារភាពថា ខ្លួននិងកូនប្រុសបានកាប់ជនរងគ្រោះឈ្មោះញ៉ោន វុទ្ធី អាយុ២៥ឆ្នាំ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន ។
ករណីនេះ ក្រោយពេលសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងសាកសួរជនជាប់ចោទ ត្រូវបានលោកវរសេនីយ៍ទោ គង់ សុខន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យដឹងថា អង្គហេតុឈានដល់ការកាប់សម្លាប់គ្នានេះដំបូងឡើយកើតឡើងពីទំនាស់ព្រំដី និងការលួចកាប់ចេកទាំងស្ទងៗពីសំណាក់ជនដៃដល់ ។ នៅថ្ងៃទី៣១ មីនា ឈ្មោះញ៉ោន វុទ្ធី បានឈ្លោះប្រកែកជាមួយឈ្មោះសៅ រ៉ៃ ជាកូនប្រុសរបស់ឈ្មោះសៅ ធឿន ដែលមានដីជាប់ព្រំប្រទល់គ្នា ហើយដោយមានការលួចកាប់ចេកផងនោះក៏មានការប្ដឹងប្ដល់គ្នាទៅដល់សាលាឃុំតាកែន ហើយលោកមេឃុំប្រាប់ថា ចាំខានស្អែកចាំលោកដោះស្រាយឱ្យ ។
នៅថ្ងៃទី១ មេសា ឈ្មោះញ៉ោន វុទ្ធី បានផឹកស្រាស្រវឹងរួចជឿតាមឈ្មោះបូរិន ជាក្រុមផឹកសីុជាមួយគ្នាដែលនិយាយភាសាញុះញង់កុំឱ្យឈ្មោះវុទ្ធី ចុះចាញ់ឈ្មោះសៅ រ៉ៃ ដោយបង្អាប់ថា ចាញ់វាធ្វើអ្វីអាហ្នឹងជើងមានតែម្ខាងកុំខ្លាចវា ។ ពេលនោះឈ្មោះវុទ្ធី ក៏កាន់តែមានកំហឹងទ្វេឡើងជាមួយឈ្មោះសៅ រ៉ៃ ដែលជាជនដៃដល់ ។ ប្រភពបន្តទៀតថា នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ េមសា ឈ្មោះវុទ្ធី បានកាន់កាំបិតលៀមដើរសំដៅទៅផ្ទះឈ្មោះសៅ ធឿន ជាឪពុកឈ្មោះសៅ រ៉ៃ ទាំងស្រវឹងស្រាផង បម្រុងកាប់សៅ ធឿន ប៉ុន្តែត្រូវឈ្មោះសៅ ធឿន រុញចេញ ។ ពេលនោះ ឈ្មោះវុទ្ធី ដោយកាប់ឈ្មោះសៅ ធឿន មិនបានក៏ទៅកាប់គ្រែបីកាំបិតលៀម ហើយស្រែកសួរ សៅ ធឿន ថា អាបាក់នៅផ្ទះឬទេ បន្ទាប់មកក៏លីកំបិតលៀម ដើរសំដៅទៅផ្ទះឈ្មោះសៅ រ៉ៃ ជាជនដៃដល់ ។ លុះប្រហែលជាកន្លះម៉ោងក្រោយមក ឈ្មោះសៅ ធឿន ជាឪពុកឈ្មោះសៅ រ៉ៃ ឮសូរមាត់កូនស្រែកក៏លីកំបិតលៀមដើរសំដៅទៅផ្ទះកូនដែលមានចម្ងាយប្រមាណ២០០ម៉ែត្រទៅ៣០០ម៉ែត្រ ពីផ្ទះខ្លួន ។
ពេលទៅដល់ឃើញកូននិងឈ្មោះវុទ្ធី កំពុងជន្លកំាំបិតចង់កាប់គ្នា ។ នៅពេលនោះឈ្មោះវុទ្ធី ងាកក្រោយបម្រុងកាប់មកលើឈ្មោះសៅ ធឿន ក៏ត្រូវឈ្មោះសៅ ធឿន កាប់មុនត្រូវកញ្ចឹងកមួយកាំបិតដួលផ្កាប់មុខ ។ ខណៈឃើញដូច្នេះឈ្មោះសៅ រ៉ៃ ជាកូនស្ទុះមមកកាប់ក្បាលពីក្រោយមួយកំបិតបន្ថែមទៀតបណ្ដាលឱ្យឈ្មោះញ៉ោន វុទ្ធី ស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចហើយឪពុកបានឱ្យកូនរត់គេចខ្លួនពីកន្លែងកើតហេតុចំណែកខ្លួនដើរមកផ្ទះវិញ លុះស្អែកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តតែម្ដង ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនជាប់ចោទត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣ មេសា ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ