រាជធានីភ្នំពេញ ៖ តាមរបាយការណ៍របស់គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារហៅកាត់ (ស.ទ.ប.ក) បានបញ្ជាក់ថា ការដួល សន្លប់របស់កម្មការិនី រោងចក្រកាត់ដេរញូវ៉ាយ បង្កឡើងដោយក្លិនថ្នាំស្ព្រាយU90 ដែលគេបាញ់ស៊ុមកញ្ចក់នៅក្នុងបន្ទប់ក្នុងរោងចក្រ ហើយក្លិននោះបាន សាយភាយធ្វើឲ្យកម្មករមួយចំនួន មានអាការៈវិលមុខក្អួតចង្អោរទន់ដៃទន់ជើង រួចក៏បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនមាពាក់ព័ន្ធទៅនឹងបរិស្ថាននៅក្នុងរោងចក្រនោះឡើយ។
របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា កម្មករចំនួន១៦នាក់បានដួលសន្លប់ កាលពីវេលារសៀលថ្ងៃទី១ មេសា បង្កឲ្យមានការភ្ញាក់ផ្អើល និងត្រូវបានបញ្ជូនទៅកាន់ គ្លីនិកមូលមិត្តដើម្បីសង្គ្រោះ។ លុះដល់ថ្ងៃទី២ មេសា ដែលជាថ្ងៃបន្ទាប់ មានកម្មការិនីចំនួន៤៧នាក់ទៀតបានដួលសន្លប់ ដែលមួយចំនួនតូចធំក្លិនថ្នាំស្រ្ពាយU90នោះ និងមួយចំនួនធំសន្លប់ ព្រោះតែមានការភិតភ័យតាមគ្នា។
លោកស៊ីម សោភ័ណ្ឌ តំណាងរោងចក្រកាត់ដេញូវ៉ាយបានឲ្យដឹងថា កម្មការិនីទាំងនោះត្រូវបាននាំយកទៅសង្គ្រោះបន្ទាន់ ដោយការយកចិត្តទុកដាក់បំផុត ហើយពេលនេះពួកគេមានអាការៈធូរស្រាលឡើងវិញហើយ ។ មិនតែប៉ុណ្ណោះលោកថៅកែរោងចក្រក៏បានចាត់រូបលោកជាតំណាងដឹកនាំបុគ្គលិករដ្ឋបាលរោងចក្រចុះទៅសាកសួរសុខទុក្ខដល់កម្មការិនីទាំងអស់ដល់មន្ទីរពេទ្យនិងបាននាំយកនូវរបស់របរមួយចំនួនទៅឧបត្ថម្ភដល់ពួកគេផងដែរ។
លោកស៊ីម សោភ័ណ្ឌ បានបន្តថា ចំពោះសេវាថ្លៃព្យាបាលទាំងអស់ត្រូវបានខាងរោងចក្រជាអ្នកចេញ ដោយមិនឲ្យពួកគេមានការព្រួយបារម្ភនោះឡើយ ពួកគេគ្រាន់តែខំប្រឹងព្យាបាល ឲ្យឆាប់បានជាសះស្បើយទៅបានហើយនិងឆាប់បានចូលធ្វើការវិញ៕
ចែករំលែកព័តមាននេះ