ខេត្តតាកែវ៖ ចោរប្លន់ម៉ូតូ២នាក់ ម្នាក់ត្រូវកម្លាំងប្រជាពលរដ្ឋព្រួតគ្នាវាយស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតប៉ូលិសស្រុកបាទីចាប់ខ្លួនបាន ខណៈពេលដែលជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពប្លន់ម៉ូតូពីនារីសិស្សសាលាម្នាក់នៅឯទឹកដីខេត្តកណ្តាល រួចជិះម៉ូតូរត់ចូលមកស្រុកបាទី ខេត្តតាកែវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០៣ មេសា ២០១៤ ស្ថិតក្នុងភូមិស្វាយខម ឃុំចំប៉ី ស្រុកបាទី ។
លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ចោរប្លន់ម្នាក់ដែលប្រជាពលរដ្ឋព្រួតវាយឱ្យស្លាប់នោះឈ្មោះ ដេ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកម្នាក់ទៀតដែលប៉ូលិសឃាត់ខ្លួន ឈ្មោះ ធល់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលៀន ឃុំចំបក់ ស្រុកបាទី ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនល្មើសទាំង២នាក់បានធ្វើសកម្មភាពប្លន់ម៉ូតូស្គូពី ពណ៌ស ពីនារីសិស្សសាលាម្នាក់ឈ្មោះ ជុំ គឹមហុយ អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល វេលាម៉ោង១០ព្រឹកថ្ងៃដដែល ។ នៅពេលប្លន់បានសម្រេច ពួកចោរប្លន់បានជិះម៉ូតូរត់គេចខ្លួនពីប៉ូលិសខេត្តកណ្តាល ដែលដេញតាមពីក្រោយ រហូតដល់ទឹកដីស្រុកបាទី ខេត្តតាកែវ ហើយក្នុងនោះចោរម្នាក់ដែលត្រូវប្រជាពលរដ្ឋវាយឱ្យស្លាប់នោះ ជិះម៉ូតូរបស់ជនរងគ្រោះរត់ទៅវាលបឹងក្នុងភូមិខាងលើ ក៏ជួបនឹងប្រជាពលរដ្ឋកំពុងធ្វើស្រែប្រាំង បានដេញវាយរួចផ្តួលម៉ូតូចោល បំណងរត់គេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋព័ទ្ធជាប់វាយរហូតស្លាប់ រីឯគ្នាគេម្នាក់ទៀត រត់ទៅដល់ភូមិទន្លេបាទី ឃុំធ្នង់ ស្រុកបាទី ប៉ូលិសក៏ចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ